(ហាណូយ)៖ ប្រាក់ដុល្លារអាមេរិកបានបន្តឡើងថ្លៃនាពេលថ្មីៗនេះ ដោយកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានគឺជិត ២៤ ០០០ដុងក្នុងមួយដុល្លារដែលត្រូវបានជួញដូរនៅតាមធនាគារមួយចំនួននៅក្នុងប្រទេសវៀតណាមកាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមសេចក្តីរាយការណ៍របស់កាសែត VN Express។
កាសែត VN Express របស់វៀតណាមបានរាយការណ៍ថា ធនាគារ Vietcombank ដែលជាធនាគាររដ្ឋធំជាងគេរបស់ប្រទេសនេះបានលក់ប្រាក់ដុល្លារអាមេរិកក្នុងតម្លៃ ២៣ ៩៥០ដុងក្នុងមួយដុល្លារដែលកើនឡើងប្រហែល ៤,៥% បើធៀបនឹងដើមឆ្នាំនេះ។
អត្រានេះក៏ដូចគ្នាទៅនឹងអត្រាដែលត្រូវបានប្រើប្រាស់ដោយធនាគារ ACB និងធនាគារ Eximbank សម្រាប់ការប្តូររូបិយប័ណ្ណរបស់ខ្លួនក្នុងថ្ងៃតែមួយ។ នៅធនាគារ VietinBank ប្រាក់ដុងមានតម្លៃ ២៣ ៩៧៥ដុងក្នុងមួយដុល្លារ។ ធនាគារ Techcombank ដែលជាធនាគារឯកជនធំបំផុតរបស់ប្រទេសវៀតណាម បានដំឡើងអត្រាប្តូរប្រាក់ដល់ ២៣ ៩៩០ដុងក្នុងមួយដុល្លារ។ ដោយឡែកនៅធនាគារ Sacombank វិញ ធនាគារនេះបានរក្សាអត្រាប្តូរប្រាក់នៅត្រឹម ២៣ ៩៨០ដុងក្នុងមួយដុល្លារ។
ធនាគារកណ្តាលវៀតណាមបានកំណត់អត្រាប្តូរប្រាក់គោលរបស់ខ្លួននៅក្នុងអត្រា ២៣ ៣៧១ដុងក្នុងមួយដុល្លារ ដែលកើនឡើង ០,៩៧% ធៀបនឹងដើមឆ្នាំ។
ការឡើងថ្លៃប្រាក់ដុល្លារតាំងពីចុងខែសីហាមក បានធ្វើឱ្យប្រាក់ដុងវៀតណាមធ្លាក់ថ្លៃយ៉ាងហោចណាស់ ១,៥% កាលពីខែមុន។ ប្រាក់ដុល្លារត្រូវបានជួញដូរក្នុងតម្លៃ ២៤ ២០០ ទៅ ២៤ ២៩០ដុងក្នុងមួយដុល្លារនៅថ្ងៃព្រហស្បតិ៍នៅបញ្ជរប្តូរប្រាក់ក្រៅផ្លូវការ ដែលមិនប្រែប្រួលធៀបនឹងថ្ងៃពុធ។ នេះបើយោងកាសែត VN Express៕