(ប៉េកាំង)៖ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា និយតករហិរញ្ញវត្ថុរបស់ប្រទេសចិនបានស្នើឱ្យធនាគារធំ ៗ ចំនួនប្រាំមួយរបស់ខ្លួនផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុយ៉ាងហោចណាស់ ៦០០ពាន់លានយន់ (៨៤,៣២ពាន់លានដុល្លារ) ដល់វិស័យអចលនទ្រព្យក្នុងគោលបំណងត្រៀមខ្លួនសម្រាប់ទប់ទល់នឹងវិបត្តិខ្វះខាតសាច់ប្រាក់ដែលអាចកើតមានកាន់តែខ្លាំងឡើង។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ប្រភពដែលបានដឹងនឹងបញ្ហានេះថា ធនាគារប្រជាជនចិនដែលជាធនាគារកណ្តាលចិន និងគណៈកម្មាធិការនិយតកម្មធនាគារនិងធានារ៉ាប់រងរបស់ប្រទេសចិនបានប្រាប់ធនាគាររដ្ឋទាំងនេះឱ្យជួយក្នុងរូបភាពណាមួយ រួមទាំងការដាក់បញ្ចាំ ការផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុនអភិវឌ្ឍន៍ និងការទិញមូលបត្របំណុលរបស់ក្រុមហ៊ុនទាំងនោះ។

ធនាគារកណ្តាលចិនកាលពីថ្ងៃព្រហស្បតិ៍បានដាក់ចេញវិធានការនានាដើម្បីពន្លឿនការប្រើប្រាស់ប្រាក់កម្ចីពិសេសដើម្បីធានាថា គម្រោងសាងសង់លំនៅឋានដែលត្រូវបានលក់ចេញរួចហើយត្រូវបានសាងសង់បញ្ចប់ និងដាក់ចេញផែនការក្នុងការដឹកនាំធនាគារពាណិជ្ជ ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់កម្មវិធីប្រាក់កម្ចីពិសេសនេះ។

ក្នុងប៉ុន្មានខែថ្មីៗនេះ រដ្ឋាភិបាលចិនបានដាក់ចេញវិធានការគាំទ្រសេដ្ឋកិច្ច ដែលបានរួចផុតពីការធ្លាក់ចុះទាំងប្រផិតប្រផើយនៅក្នុងត្រីមាសទី២ ប៉ុន្តែការស្ទុះងើបឡើងវិញនៅតែពិបាក ដោយសារវិធានការទប់ស្កាត់ជំងឺកូវីដដ៏តឹងរ៉ឹង និងការធ្លាក់ចុះវិស័យទ្រព្យសម្បត្តិ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕