(វ៉ាស៊ីនតោន)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា ការរំខានដោយសារសង្គ្រាមអ៊ុយក្រែនចំពោះលំហូរគ្រាប់ធញ្ញជាតិ និងជីបានជំរុញឱ្យមានវិបត្តិសន្តិសុខស្បៀងដ៏អាក្រក់បំផុតយ៉ាងហោចណាស់ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៧-២០០៨ ដោយឥឡូវនេះមនុស្សប្រហែល ៣៤៥លាននាក់កំពុងប្រឈមនឹងការខ្វះខាតដែលគំរាមកំហែងដល់អាយុជីវិត។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ឯកសារស្រាវជ្រាវថ្មីមួយរបស់មូលនិធិ IMF ថា ប្រទេសចំនួន៤៨ ដែលប្រឈមមុខនឹងការខ្វះខាតស្បៀងខ្លាំងបំផុត ប្រឈមមុខនឹងកំណើនចំណាយលើការនាំចូល ដែលសរុបរួមមានចំនួន ៩ពាន់លានដុល្លារក្នុងឆ្នាំ២០២២ និង២០២៣ ដោយសារការកើនឡើងភ្លាមៗនៃតម្លៃអាហារ និងជីដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។

មូលនិធិ IMF បានឱ្យដឹងថា កត្តានេះនឹងបំផ្លាញប្រាក់បម្រុងរបស់ប្រទេសជាច្រើនដែលមានភាពផុយស្រួយ និងរងផលប៉ះពាល់ពីជម្លោះ ដែលប្រឈមមុខនឹងបញ្ហាជញ្ជីងទូទាត់រួចស្រាប់ទៅហើយនោះ បន្ទាប់ពីកើតមានជំងឺរាតត្បាតដ៏អាក្រក់ និងការកើនឡើងតម្លៃថាមពល។

លោកស្រី Kristalina Georgieva ប្រធានមូលនិធិ IMF និងមន្ត្រី IMF ផ្សេងទៀតបាននិយាយនៅក្នុងសារបង្ហោះមួយថា៖ «គ្រាន់តែនៅឆ្នាំនេះ យើងប៉ាន់ប្រមាណថា បណ្តាប្រទេសដែលប្រឈមមុខនឹងបញ្ហាខ្លាំង ត្រូវការប្រាក់ $៧ពាន់លានដុល្លារដើម្បីជួយដោះស្រាយបញ្ហារបស់គ្រួសារក្រីក្របំផុត»។

ក្រុមមន្ត្រីទាំងនេះបានបន្តថា សង្រ្គាមបានធ្វើឱ្យវិបត្តិស្បៀងអាហារកាន់តែអាក្រក់ឡើង ចាប់តាំងពីឆ្នាំ២០១៨មក មួយផ្នែកដោយសារការកើនឡើងនៃភាពញឹកញាប់ និងភាពធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុ និងជម្លោះក្នុងតំបន់។

មូលនិធិ IMF បានអំពាវនាវឱ្យមានការបង្កើនជំនួយមនុស្សធម៌ឱ្យបានឆាប់រហ័សតាមរយៈកម្មវិធីស្បៀងអាហារពិភពលោក និងអង្គការដទៃទៀត ក៏ដូចជាវិធានការសារពើពន្ធដែលបានកំណត់គោលដៅនៅក្នុងប្រទេសដែលរងផលប៉ះពាល់ដើម្បីជួយដល់ជនក្រីក្រ។ ប៉ុន្តែមូលនិធិនេះបាននិយាយថា រដ្ឋាភិបាលចាំបាច់ត្រូវផ្តល់អាទិភាពដល់ការប្រយុទ្ធប្រឆាំងនឹងអតិផរណា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕