(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានផលិតនូវវីដេអូខ្លីមួយ ពន្យល់ពីការបង់ប្រាក់ពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ តាមរយៈទូរស័ព្ទដៃ និងការរក្សាទុក eCard សម្រាប់ការបង់ពេលក្រោយៗទៀតយ៉ាងស្រួល ដោយប្រជាពលរដ្ឋ លែងបារម្ភរឿងបាត់កាត
ទៀតហើយ។ eCard សម្រាប់បង់ពន្ធត្រូវបានរក្សាទុក ជាប់ជាមួយកម្មវិធីទូរស័ព្ទដៃរបស់លោកអ្នកតែម្តង។
សូមជម្រាបថា អគ្គនាយកដ្ឋានពន្ធដារ បានកំណត់ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២២ ចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។
ដើម្បីងាយស្រួលម្ចាស់យានយន្ត អាចបង់ពន្ធនេះ តាមរយៈកម្មវិធីទូរស័ព្ទ «GDT Taxpayer App» ដែលអាចទាញយកចេញពី App Store ចំពោះ iOS ឬPlay Store ចំពោះ Android សម្រាប់យានយន្ត ដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទកន្លងមក។
ការបង់ពន្ធមធ្យោបាយប្រចាំឆ្នាំ តាមរយៈកម្មវិធី «GDT Taxpayer App» ម្ចាស់យានយន្ត មិនចាំបាច់រាប់លុយ, មិនចាំបាច់ធ្វើដំណើរ និងមិនចាំបាច់រង់ចាំ ហើយមានសេវាដឹកជញ្ជូនដល់ផ្ទះថែមទៀតផង៕