(សិង្ហបុរី)៖ ប្រទេសសិង្ហបុរី និងសហរដ្ឋអាមេរិកកំពុងស្វែងរកការអភិវឌ្ឍ “ផ្លូវបៃតង” រវាងប្រទេសទាំងពីរក្នុងការផ្លាស់ប្តូរឆ្ពោះទៅរកវិស័យអាកាសចរណ៍ប្រកបដោយនិរន្តរភាព។ នេះបើយោងតាមកាសែត Channel News Asia។
ការអភិវឌ្ឍ «ផ្លូវបៃតង» នេះគឺជាផ្នែកនៃអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MOC) ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីដឹកជញ្ជូនសិង្ហបុរីលោក S Iswaran និងរដ្ឋមន្ត្រីដឹកជញ្ជូនសហរដ្ឋអាមេរិកលោក Pete Buttigieg កាលពីថ្ងៃពុធ នៅជំនួបក្រៅសន្និបាតរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ដែលធ្វើឡើងនៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា។
កាសែត Channel News Asia បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានរួមមួយដែលចេញផ្សាយដោយក្រសួងដឹកជញ្ជូន (MOT) អាមេរិកនិងអាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី (CAAS) ថា ស្ថិតក្រោមកិច្ចព្រមព្រៀងនេះ សិង្ហបុរីនិងសហរដ្ឋអាមេរិកនឹងសហការ និងផ្លាស់ប្តូរព័ត៌មានក្នុងវិស័យនានាដូចជា គោលនយោបាយ និងបទប្បញ្ញត្តិ ការអភិវឌ្ឍឧស្សាហកម្ម ការរៀបចំផែនការនិងបទប្បញ្ញត្តិហេដ្ឋារចនាសម្ព័ន្ធអនាគត ក៏ដូចជាការផ្លាស់ប្តូរកម្លាំងពលកម្មជាដើម។
ក្រសួងដឹកជញ្ជូនអាមេរិក និងអាជ្ញាធរអាកាសចរណ៍ស៊ីវិលសង្ហបុរីបានបន្ថែមថា កិច្ចព្រមព្រៀងនេះនឹងជំរុញការស្រាវជ្រាវ និងការអភិវឌ្ឍ ឧបករណ៍តេស្ត និងការសាកល្បងប្រើប្រាស់ប្រេងឥន្ធនៈអាកាសចរណ៍ប្រកបដោយនិរន្តរភាព (SAF) ក៏ដូចជាជួយសម្រួលដល់ការអភិវឌ្ឍខ្សែចង្វាក់ផ្គត់ផ្គង់ឥន្ធនៈប្រកបដោយនិរន្តរភាព។
អាជ្ញាធរទាំងពីរនេះបានបន្តថា វាក៏នឹងលើកទឹកចិត្តឱ្យមានការកើនឡើងជាបណ្តើរៗនូវជើងហោះហើរដែលដំណើរការដោយប្រេងឥន្ធនៈ SAF ដោយអ្នកធ្វើដំណើរសាជីវកម្ម និងបុគ្គល។
លោក Iswaran ដែលក៏ជារដ្ឋមន្ត្រីទទួលបន្ទុកផ្នែកទំនាក់ទំនងពាណិជ្ជកម្មផងដែរនោះបានមានប្រសាសន៍ថា៖ «សិង្ហបុរី និងសហរដ្ឋអាមេរិកចែករំលែកផលប្រយោជន៍ទៅវិញទៅមកក្នុងការជំរុញនិរន្តរភាពអាកាសចរណ៍ ជាពិសេសដោយសារការប្រែប្រួលអាកាសធាតុគឺជាបញ្ហាប្រឈមសកលដែលប៉ះពាល់ដោយផ្ទាល់ដល់អាកាសចរណ៍ស៊ីវិលអន្តរជាតិ»។
លោកបានបន្ថែមថា៖ «អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះគឺជាសក្ខីភាពនៃចក្ខុវិស័យរួមរបស់យើងក្នុងការជំរុញភាពជាដៃគូបែបនេះ ហើយយើងទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកក្នុងការជំរុញនិរន្តរភាពអាកាសចរណ៍»៕