(ប៉េកាំង)៖ ធនាគារកណ្តាលរបស់ប្រទេសចិនបានប្តេជ្ញាថានឹងពង្រីកកម្មវិធីផ្តល់ប្រាក់កម្ចីពិសេស ប្រសិនបើចាំបាច់ដើម្បីធានាឱ្យការប្រគល់គម្រោងលំនៅឋានដែលពន្យារពេលជូនអតិថិជន ហើយបានអំពាវនាវឱ្យធនាគារនានាផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់កិច្ចខិតខំប្រឹងប្រែងនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ដោយធនាគារប្រជាជនចិនដែលជាធនាគារកណ្តាលរបស់ប្រទេសចិនថា ប្រទេសចិននឹងដាក់ចេញគោលនយោបាយអចលនៈទ្រព្យជាក់លាក់ទៅតាមទីក្រុង ដើម្បីគាំទ្រដល់តម្រូវការ អនុវត្តប្រាក់កម្ចីពិសេសសំដៅដល់ការធានាបាននូវការបញ្ចប់គម្រោងអចលនទ្រព្យ និងបង្កើនទំហំរបស់កម្ចីដោយសមហេតុផល។
សេចក្តីថ្លែងការណ៍ដដែលបានសង្ខេបសេចក្តីសម្រេចនៃកិច្ចប្រជុំប្រចាំត្រីមាសរបស់គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ ដែលដឹកនាំដោយទេសាភិបាល Yi Gang ដែលបានជួបប្រជុំកាលពីថ្ងៃទី២៣ ខែកញ្ញា។
ការធ្លាក់ចុះទីផ្សារលំនៅឋានជាងមួយឆ្នាំមុននេះបានបន្តអូសទាញទម្លាក់សេដ្ឋកិច្ចចិន ដែលដាក់បន្ទុកបន្ថែមទៅដល់ការខូចខាតចំពោះកំណើនសេដ្ឋកិច្ចដែលបង្កឡើងដោយសារសកម្មភាពគោលនយោបាយកូវីដសូន្យរួចស្រាប់ទៅហើយនោះ។
បើទោះជាសេដ្ឋកិច្ចចិនហាក់ដូចជាបានស្ទុះងើបឡើងវិញក្នុងអំឡុងពេលពីខែមេសាដល់ខែមិថុនាក៏ដោយ ក៏នៅពេលដែលការបិទខ្ទប់ទីក្រុងសៀងហៃ ខេត្តជីលីន និងមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀត ស្ទើរតែបានជំរុញឱ្យផលិតផលក្នុងស្រុកសរុបធ្លាក់ចុះ ហើយអ្នកសេដ្ឋកិច្ចជាច្រើនកំពុងកាត់បន្ថយការរំពឹងទុករបស់ពួកគេសម្រាប់កំណើនសេដ្ឋកិច្ចរយៈពេលពេញមួយឆ្នាំ។
ក្រសួងលំនៅឋានរបស់ប្រទេសចិនមិនទាន់ផ្តល់ព័ត៌មានលម្អិតអំពីមូលនិធិសង្គ្រោះថ្នាក់ជាតិដែលបានប្រកាសកាលពីខែសីហានៅឡើយទេ តែទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កន្លងមកថា កម្មវិធីផ្តល់ប្រាក់កម្ចីនេះនឹងមាន ២០០ពាន់លានយ័ន (២៧,៨ពាន់លានដុល្លារ)។
សេចក្តីថ្លែងការណ៍របស់ធនាគារកណ្តាលចិនដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍នេះបានឱ្យដងថា ធនាគារកណ្តាលចិននឹងណែនាំធនាគារពាណិជ្ជឱ្យផ្តល់ការគាំទ្រផ្នែកមូលនិធិដើម្បីការពារផលប្រយោជន៍របស់អ្នកទិញផ្ទះ និងគាំទ្រដល់ការអភិវឌ្ឍន៍ទីផ្សារលំនៅឋានប្រកបដោយសុខភាពល្អ។ នេះបើយោងតាមទីភ្នាក់ងារ Bloomberg៕