(វ៉ាស៊ីនតោន)៖ លោក David Malpass ប្រធានធនាគារពិភពលោកបានព្រមាននៅថ្ងៃពុធសប្តាហ៍ថា ការធ្វើពិពិធកម្មផលិតថាមពលសកលឱ្យងាកឆ្ងាយពីប្រទេសរុស្ស៊ីអាចចំណាយពេលច្រើនឆ្នាំ ដែលអូសបន្លាយហានិភ័យនៃការជាប់គាំងសេដ្ឋកិច្ច និងការមានអត្រាអតិផរណាខ្ពស់ (stagflation)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
នៅក្នុងសុន្ទរកថានៅសាកលវិទ្យាល័យ Stanford លោក Malpass បាននិយាយថា មានការកើនឡើងនូវលទ្ធភាពកើតមានការដើរថយក្រោយនៃសេដ្ឋកិច្ចនៅអឺរ៉ុប ខណៈដែលកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងធ្លាក់ចុះយ៉ាងខ្លាំង ហើយទិន្នផលសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះនៅក្នុងឆមាសទីមួយឆ្នាំនេះ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់ប្រធានធនាគារពិភពលោករូបនេះថា ការវិវឌ្ឍទាំងនោះនឹងមានផលវិបាកយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដោយលើកឡើងពីអ្វីដែលលោកហៅថាជាបញ្ហាប្រឈម «ដ៏ពិបាក» និង «កាន់តែអាក្រក់» ដែលកំពុងប្រឈមមុខចំពោះការអភិវឌ្ឍន៍។
លោក Malpass បានបន្តថា ការដោះស្រាយបញ្ហាដំឡើងអត្រាការប្រាក់ដ៏ត្រហល់ដ៏ព្យុះសង្ឃានាពេលបច្ចុប្បន្ន ការកើនឡើងអត្រាការប្រាក់ អតិផរណាខ្ពស់ និងការធ្លាក់ចុះកំណើនសេដ្ឋកិច្ច តម្រូវឱ្យមានវិធីសាស្រ្តម៉ាក្រូ និងមីក្រូសេដ្ឋកិច្ចថ្មី រួមទាំងការចំណាយតាមគោលដៅប្រសើរជាងមុន និងកិច្ចខិតខំប្រឹងប្រែងច្បាស់លាស់ដើម្បីបង្កើនការផ្គត់ផ្គង់។
លោកបានបន្ថែមថា របាយការណ៍ស្តីពី “ភាពក្រីក្រ និងវិបុលភាពរួមគ្នា» របស់ធនាគារពិភពលោកបានបង្ហាញថា វឌ្ឍនភាពជាច្រើនទសវត្សរ៍មកនេះក្នុងការកាត់បន្ថយភាពក្រីក្របានថមថយចុះនៅត្រឹមឆ្នាំ២០១៥ ពោលគឺតាំងតែមុនពេលកើតមានជំងឺរាតត្បាតកូវីដ-១៩ មកម៉្លេះដែលបានធ្វើឱ្យមនុស្ស ៧០លាននាក់បន្ថែមទៀតធ្លាក់ក្នុងទៅក្នុងភាពក្រីក្រខ្លាំង។
លោកបានថ្លែងទៀតថា របាយការណ៍ដែលនឹងចេញនៅសប្តាហ៍ក្រោយនេះក៏បានបង្ហាញផងដែរពីការធ្លាក់ចុះ ៤ភាគរយនៃប្រាក់ចំណូលមធ្យមពិភពលោក ដែលជាការធ្លាក់ចុះជាលើកដំបូងចាប់តាំងពីធនាគារនេះបានចាប់ផ្តើមវាស់វែងសូចនាករនេះក្នុងឆ្នាំ១៩៩០។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕