(បែរឡាំង)៖ សេដ្ឋកិច្ចរបស់ប្រទេសអាឡឺម៉ង់ទំនងជានឹងធ្លាក់ចុះ ០,៤% នៅឆ្នាំក្រោយដោយសារតែផលប៉ះពាល់នៃវិបត្តិថាមពល ដែលត្រូវបានទម្លាក់ពីការព្យាករកាលពីខែមេសាដែលថាមានកំណើន ៣,‌១%។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ក្នុងរបាយការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ដោយវិទ្យាស្ថានស្រាវជ្រាវឈានមុខគេរបស់ប្រទេសអាល្លឺម៉ង់ចំនួន៤ ដែលបានព្យាករថា ទិន្នផលសេដ្ឋកិច្ចរបស់អាល្លឺម៉ង់នៅឆ្នាំនេះ និងឆ្នាំក្រោយនឹងមានទំហំទាបជាងការព្យាករកាលពីប្រាំខែមុនចំនួន ១៦០ពាន់លានអឺរ៉ូ (១៥៤ពាន់លានដុល្លារ) មួយផ្នែកដោយសារតែការកើនឡើងយ៉ាងខ្លាំងនៃថ្លៃថាមពល។

លោក Torsten Schmidt ប្រធានផ្នែកស្រាវជ្រាវសេដ្ឋកិច្ចនៅវិទ្យាស្ថាន RWI និងជាអ្នកនាំពាក្យវិទ្យាទាំងបួននេះដែលហៅថា Joint Economic Forecast Project Group បាននិយាយថា៖ «ការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននិងវិបត្តិជាលទ្ធផលនៅលើទីផ្សារថាមពលកំពុងនាំទៅរកការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅក្នុងសេដ្ឋកិច្ចអាល្លឺម៉ង់»

អាឡឺម៉ង់គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងជាងគេដោយសារគ្រោះអាសន្នផ្នែកថាមពលដែលបង្កឡើងដោយសង្រ្គាមអ៊ុយក្រែន ដោយសារការពឹងផ្អែកលើការនាំចូលឥន្ធនៈពីរុស្ស៊ីដែលបានបង្កើតឡើងក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ រដ្ឋាភិបាលចម្រុះដែលកំពុងកាន់អំណាចរបស់លោកអធិការបតី Olaf Scholz កំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកលើថាមពលរបស់រុស្ស៊ីនេះ ប៉ុន្តែអាល្លឺម៉ង់នៅតែប្រឈមមុខនឹងរដូវរងាខាងមុខដ៏លំបាក បើសិនជាខ្វះឧស្ម័នសម្រាប់កម្តៅ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា វិទ្យាស្ថានទាំងបួននេះបានកាត់បន្ថយការព្យាករពីកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំនេះមកត្រឹម ១,៤% ពី ២,៧% ហើយវិទ្យាស្ថានទាំងនេះក៏រំពឹងផងដែរថា អតិផរណានឹងបង្កើល្បឿនក្នុងប៉ុន្មានខែខាងមុខនេះ ដោយកើនឡើងដល់អត្រាជាមធ្យម ៨,៨% នៅឆ្នាំក្រោយធៀបនឹង ៨,៤% នៅឆ្នាំនេះ មុនពេលធ្លាក់ចុះបន្តិចម្តងៗឆ្ពោះទៅរកអត្រា ២% នៅឆ្នាំ២០២៤។

វិទ្យាស្ថានទាំងនេះបានព្យាករទៀតថា សេដ្ឋកិច្ចអាល្លឺម៉ង់ដែលជាសេដ្ឋកិច្ចធំជាងគេនៅតំបន់អឺរ៉ុបនឹងវិលត្រលប់ទៅកំណើនវិញនៅឆ្នាំ២០២៤ ជាមួយនឹងកំណើន ១,៩%៕