(ភ្នំពេញ)៖ ករណីប្រេងឆៅរបស់កម្ពុជា ដែលត្រូវបានកប៉ាល់ផ្ទុកប្រេងជិត ៣០ម៉ឺនប៉ារែលបើករត់គេចនោះ ពេលនេះដោះស្រាយបញ្ចប់ហើយ ខណៈចំណូលពីការលក់ប្រេងកំពុងស្ថិតក្នុងការវាយតម្លៃ ដែលនឹងទទួលចំណូលក្រោយរយៈពេល៣០ថ្ងៃ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ជៀប សួរ អគ្គនាយក នៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពល។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ លោក ជៀប សួរ បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រេងឆៅរបស់កម្ពុជា ដែលបាត់ជិត ៣០ម៉ឺនប៉ារែលនោះ បានផ្ទេរចេញពីកប៉ាល់ MT Strovolos ទៅកប៉ាល់មួយទៀតហើយ ប៉ុន្ដែការទូទាត់មានរយៈពេល ៣០ថ្ងៃ ក្រោយពីការផ្ទេរនេះ»។
អគ្គនាយកប្រេងកាតបានបញ្ជាក់ថា «ថ្លៃប្រេងដែលលក់ មិនទាន់កំណត់ច្បាស់នោះទេ ដោយសារតែយើងឯកភាពគ្នា យកមធ្យមភាគថ្លៃ នៅក្នុងខែកញ្ញា ប៉ុន្ដែជារួមចំណូលពីការលក់ប្រេងនឹងទទួលបានក្នុងរយៈពេល៣០ថ្ងៃ បន្ទាប់ពីការផ្ទេរប្រេង និងការគិតគូរពីថ្លៃមធ្យមភាពប្រេងដែលលក់បាន និងការទូទាត់លើការចំណាយផ្សេងៗ»។
កាលពីខែសីហា ឆ្នាំ២០២២កន្លងទៅនេះ លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានវាយតម្លៃជាជំហ៊ានបឋមថា ផលល្អ នៃការកើនឡើងនៃតម្លៃប្រេងអន្តរជាតិ ប្រេងឆៅរបស់កម្ពុជា ដែលមានចំនួនជិត៣០ម៉ឺនប៉ារែលនោះ នឹងអាចទទួលចំណូលបានខ្ទង់ ២០លានដុល្លារអាមេរិក។ បន្ថែមពីនេះប្រាក់តម្កល់ ៥លានដុល្លាររបស់ក្រុមហ៊ុន KrisEnergy ក៏នឹងក្លាយជាចំណូលរបស់កម្ពុជាផងដែរ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាដែលជាម្ចាស់ប្រេងឆៅ ៣០ម៉ឺនប៉ារែល បានចរចាជាមួយភាគីម្ចាស់កប៉ាល់ MT Strovolos ដែលផ្ទុកប្រេង និងម្ចាស់បំណុលធំរបស់ក្រុមហ៊ុន KrisEnergy ដោយទទួលបានលទ្ធផលល្អ ឈានដល់បញ្ចប់បញ្ហា។
ដំណក់ប្រេងលើកដំបូង ជាប្រវត្តិសាស្ត្ររបស់កម្ពុជា ត្រូវបានប្រកាសបូមបានពីប្លុក A ដែនសមុទ្រកម្ពុជា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ ក្រុមហ៊ុន KrisEnergy របស់សិង្ហបុរី ទទួលបានសិទ្ធិបូមប្រេងរបស់កម្ពុជា ក្នុងប្លុក A នេះ។ ប៉ុន្តែជាអកុសលក្រុមហ៊ុនមេ របស់ក្រុមហ៊ុននេះ បានប្រកាសក្ស័យធន មិនអាចបន្តអាជីវកម្មរបស់ខ្លួនបាន។ មុនពេលប្រកាសក្ស័យធនក្រុមហ៊ុន KrisEnergy បានជួលនាវា MT Strovolos ចតនៅតំបន់គម្រោងប្រេងកាតអប្សរា ក្នុងការបំពេញតួនាទីជានាវាផ្ទុក និងផ្ទេរប្រេងឆៅ។
ក្រុមនាវិកនៃនាវា MT Strovolos បានបើកនាវាចេញពីដែនទឹកកម្ពុជា ដោយគ្មានការជូនដំណឹង ឬការអនុញ្ញាតណាមួយ ពីអាជ្ញាធរមានសមត្ថកិច្ច កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ ដោយបាននាំយកទៅជាមួយនូវប្រេងឆៅរបស់កម្ពុជាចំនួន ២៩៥ ០០០បារ៉ែល។
ក្នុងនាមជាម្ចាស់នៃប្រេងឆៅ រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការផ្សេងៗទៀត ដែលចាំបាច់ ដើម្បីទាមទារយកប្រយោជន៍ ពីប្រេងឆៅទាំងនោះត្រឡប់មកកម្ពុជាវិញ រហូតទទួលបានលទ្ធផលផ្លែផ្កា ដោយទទួលបានចំណែក៧០% ពីការលក់ប្រេងឆៅនេះ៕