(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានលើកឡើងពី អត្ថប្រយោជន៍ ដែលអគ្គនាយកដ្ឋានពន្ធដារ បានដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យានានា ក្នុងពន្ធដារ ដូចជាការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធប្រកាសពន្ធ E-Filing ជាប្រព័ន្ធធ្វើឲ្យមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាពនៅក្នុងការប្រមូលចំណូលពន្ធជាដើម ដែលមិនត្រឹមតែពង្រឹងការបង់ពន្ធ របស់សាធារណជនប៉ុណ្ណោះទេ ថែមទាំងបញ្ចៀសនូវការគេចវេះមិនព្រមបង់ពន្ធផងដែរ។
ការលើកឡើងរបស់លោក គង់ វិបុល ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួម ក្នុងកម្មវិធី បច្ចុប្បន្នភាពសារពើពន្ធ និងសវនកម្ម របស់សភាពាណិជ្ជកម្មអាមេរិក (AMCHAM TAX FORUM) រៀបចំឡើងដោយសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។
លោក គង់ វិបុល បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះការបង់ពន្ធមិនចាំបាច់ឈរចាំតម្រង់ជួរ និងរង់ចាំបំពេញបែបបទដូចពីមុនឡើយ ដោយសារតែឥឡូវអគ្គនាយកដ្ឋានពន្ធដារ ប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ អតិថិជនអាចប្រកាសពន្ធតាមប្រព័ន្ធអេឡិចត្រូនិច ដូចជាប្រព័ន្ធ E-Filing ជាដើម។ ជាការពិតការចាប់ផ្ដើមក្នុងការអនុវត្តន៍ប្រព័ន្ធអេឡិចត្រូនិកដំបូង គឺមានភាពពិបាកមែនទែន ដោយសារតែអតិថិជនមិនសូវយល់ និងមិនចេះប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យានេះ។
លោកបានបន្ដថា តែពេលនេះអតិថិជនមានភាពងាយស្រួល ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានេះ ហើយនេះជាលទ្ធផលដែលអគ្គនាយកដ្ឋានពន្ធដារ បានខិតខំប្រឹងប្រែងនាពេលកន្លងមកប្រព័ន្ធបច្ចេកវិទ្យានេះ មិនត្រឹមតែផ្ដល់នូវភាពងាយស្រួល ដល់អតិថិជនក្នុងការបង់ពន្ធប៉ុណ្ណោះទេ ប៉ុន្ដែអាចបញ្ចៀសការគេចវេះមិនព្រមបង់ពន្ធផងដែរ។
លោកបានបញ្ជាក់ថា មិនតែប៉ុណ្ណោះការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យារបស់ពន្ធដារ បានជួយក្នុងការផ្ទៀងផ្ទាត់នូវព័ត៌មាននានា ប្រកបដោយភាពច្បាស់លាស់ មានសុវត្ថិភាព និងរហ័ស ជាពិសេសផ្ដល់ភាពងាយស្រួលក្នុងការផ្ទៀងផ្ទាត់ ការប្រមូលចំណូលគ្រប់អង្គភាពនានា ប្រកបដោយភាពច្បាស់លាស់។
លោកអគ្គនាយកបានបញ្ជាក់ថា តាមរយៈការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យា ធ្វើឲ្យចំណូលពន្ធអាចដឹងបានគ្រប់ពេលវេលា (Real time) ហើយគិតត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ ចំណូលពន្ធផ្ទៃក្នុងសម្រេចបានប្រមាណ ២ ៦៨០.៤០ លានដុល្លារ ស្មើនឹង ៩៥.០៧% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ខណៈដែល នៅសល់ពេល ៣ខែ ទៀតសម្រាប់ការងារគ្រប់គ្រងប្រមូលចំណូលពន្ធផ្ទៃក្នុងបន្តទៀត។
លោករដ្ឋមន្ត្រីប្រតិភូបន្តថា កំណែទម្រង់ពន្ធដារជាដំណើរការឥតឈប់ឈរ (Continuous Process) សម្រាប់អគ្គនាយកដ្ឋានពន្ធដារ៖ ដោយបាន និងកំពុងបន្តកែលម្អនូវគោលនយោបាយចាំបាច់នានា និងធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ ក្នុងន័យបង្កភាពងាយស្រួល សមធម៌មានភាពត្រឹមត្រូវក្នុងការបង់ពន្ធ បង្កើនការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ជាពិសេស តាមរយៈការដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធ E-Filing, TOI E-Filing, E-Payment និងប្រព័ន្ធអនឡាញផ្សេងទៀត ដោយមានការគាំទ្រ E-Tax Service សម្រាប់ដោះស្រាយនូវបញ្ហាប្រឈមនានា នៅពេលប្រើប្រាស់សម្រាប់មន្ត្រីនិងអ្នកជាប់ពន្ធទាំងឡាយ។
លោកបន្តថា ការប្រើប្រាស់ប្រព័ន្ធ E-Filing ជួយពង្រឹងការ Cross Check និងបង្កើនល្បឿននៃការបង្វិលសងអាករលើតម្លៃបន្ថែម (VAT Refund) ហើយបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធបានគ្រប់ និងលើសផែនការក្នុងជាពិសេស ក្នុងអំឡុងពេលដែលការរីករាលដាលនៃជំងឺកូវីដ-១៩។
លោក គង់ វិបុល បានគូសបញ្ជាក់ថា ចំណូលពន្ធដារ គឺបានដើរតួនាទីសំខាន់ សម្រាប់អភិវឌ្ឍន៍ជាតិ។ លោកថា ក្នុងរយៈពេល១០កន្លងទៅនេះ ការកែទម្រង់ពន្ធដារ បានផ្ដល់លទ្ធភាពឲ្យរាជរដ្ឋាភិបាល បង្កើននូវចំណាយនានាគ្រប់វិស័យ ដើម្បីអភិវឌ្ឍកសាងជាតិ។
សូមជម្រាបថា ការរៀបចំវេទិកា AMCHAM TAX FORUM ជាព្រឹត្តការណ៍លើកទី១ ក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋានពន្ធដារ ជាមួយសភាពាណិជ្ជកម្មអាមេរិក ដែលបានផ្តោតលើប្រធានបទស្តីពី បច្ចុប្បន្នភាពថ្មីៗអំពីពន្ធដារ និងសវនកម្ម ដោយមានរបៀបវារៈលម្អិតពាក់ព័ន្ធ៖
១៖ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce)។
២៖ ការផ្ទេរថ្លៃ និងបញ្ហានានាពាក់ព័ន្ធនឹងសវនកម្ម (Transfer pricing and other key issues in tax audits)។
វេទិកានេះ គឺផ្នែកមួយនៃការពង្រឹងយន្តការនៃភាពជាដៃគូរពន្ធដារ-វិស័យឯកជន ក្នុងគោលដៅផ្សព្វផ្សាយនូវបច្ចុប្បន្នភាពថ្មីៗនៃច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារ វឌ្ឍនភាពថ្មីៗរបស់អគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងពិភាក្សា និងដោះស្រាយនូវបញ្ហាប្រឈមនានា ដែលសភាពាណិជ្ជកម្មអាមេរិកបាននិងកំពុងជួបប្រទះ៕