(ម៉ានីល)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀតដល់ប្រទេសស្រីលង្កា ខណៈដែលប្រទេសនៅមហាសមុទ្រឥណ្ឌានេះកំពុងប្រយុទ្ធនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាង ៧ទសវត្សរ៍។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការលើកឡើងនេះបានធ្វើឡើងបន្ទាប់ពីមានការសម្រេចបានកិច្ចព្រមព្រៀងមួយរបស់ ADB ក្នុងខែនេះស្តីពីការផ្តល់ប្រាក់កម្ចីបន្ទាន់ចំនួន ២០០លានដុល្លារ ដើម្បីធានាបាននូវលទ្ធភាពទិញ ស្បៀងអាហារ និងទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជនស្រីលង្កា បន្ទាប់ពីជួបប្រទះកង្វះខាតទំនិញប្រើប្រាស់សំខាន់ៗជាច្រើនខែ ដែលបង្កឱ្យមានការតវ៉ាដែលបង្ខំឱ្យប្រធានាធិបតីរបស់ប្រទេសនេះចុះចេញពីតំណែង។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Masatsugu Asakawa ប្រធានធនាគារ ADB នេះខណៈថ្លែងទៅកាន់អ្នកកាសែតនៅឯកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួនថា៖ «ក្នុងនាមជាដៃគូរយៈពេលវែងដ៏សំខាន់មួយ ធនាគារ ADB ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្របន្ថែមទៀត»

លោក Asakawa បានថ្លែងថា សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កាបានធ្លាក់ចុះ ហើយប្រទេសនេះកំពុងទទួលរងការកើនឡើងអតិផរណាខ្ពស់យ៉ាងធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន។ អត្រាអតិផរណាប្រចាំឆ្នាំបានកើនឡើងខ្ពស់ជាង ៧០ភាគរយនៅខែសីហា។

 លោកបានបន្ថែមថា៖ «ដូច្នេះ យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលក្នុងការគាំទ្រប្រទេសនេះក្នុងគ្រាដ៏លំបាកនេះ»

លោក Asakawa បាននិយាយថា លោកមានទំនុកចិត្តថា ទីក្រុងកូឡុំបូកំពុងធ្វើការដើម្បីបញ្ចប់កិច្ចព្រមព្រៀងកម្រិតបុគ្គលិកជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់ប្រាក់កម្ចីប្រហែល ២,៩ពាន់លានដុល្លារអាមេរិក។

លោក Asakawa អតីតអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសជប៉ុនទទួលបន្ទុកកិច្ចការអន្តរជាតិបានបន្ថែមថា៖ «បន្ទាប់ពីកម្មវិធី IMF ត្រូវបានបញ្ចប់ យើងនឹងពិចារណាចូលរួម ដោយផ្តល់ធនធានហិរញ្ញវត្ថុបន្ថែមដើម្បីចូលរួមក្នុងកញ្ចប់ថវិកាសង្គ្រោះផ្សេងទៀតសម្រាប់ប្រទេសស្រីលង្កា»