(ម៉ានីល)៖ ធនាគារពិភពលោក (WB) បានឱ្យដឹងនៅថ្ងៃអង្គារថា កំណើនសេដ្ឋកិច្ចនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនឹងធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំ២០២២ ដោយសារការថមថយសេដ្ឋកិច្ចនៅប្រទេសចិន ប៉ុន្តែកម្រិតកំណើននឹងកើនឡើងវិញនៅឆ្នាំក្រោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍មួយដែលចេញផ្សាយដោយធនាការ WB ថា ធនាគារដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនមួយនេះរំពឹងថាកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២២ នៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលរួមមានទាំងប្រទេសចិនផងដែរនោះ នឹងថយចុះមកត្រឹម ៣,២ភាគរយ ពោលគឺ ធ្លាក់ចុះពីការព្យាករក្នុងខែមេសាដែលថាមាន ៥ភាគរយ និងកំណើន ៧,២កាលពីឆ្នាំមុ។

ធនាគារ WB បានឱ្យដឹងថា ការទម្លាក់ការព្យាករនេះជាចម្បងដោយសារតែការថមថយចុះសេដ្ឋកិច្ចយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ដែលបណ្តាលមកពីវិធានការកូវីដសូន្យដ៏តឹងរឹងរបស់ទីក្រុងប៉េកាំង ដែលបានរំខានដល់ផលិតកម្មឧស្សាហកម្ម ការលក់ក្នុងស្រុក និងការនាំចេញ។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ សេដ្ឋកិច្ចរបស់ប្រទេសចិនដែលមាបចំណែកប្រមាណ ៨៦ភាគរយនៃទិន្នផលសេដ្ឋកិច្ចក្នុងតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកដែលមាន ២៣ប្រទេសនេះ ត្រូវបានព្យាករថានឹងកើនឡើង ២,៨ភាគរយនៅឆ្នាំនេះ ពោលគឺធ្លាក់ចុះគួរឱ្យកត់សម្គាល់ពីការព្យាករកន្លងមករបស់ធនាគារនេះដែលថាមាន ៥ភាគរយ។ ក្នុងឆ្នាំ២០២១ សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើង ៨,១ភាគរយ ដែលជាកំណើនដ៏ល្អបំផុតក្នុងរយៈពេលមួយទសវត្សរ៍។

សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះត្រូវបានគេមើលឃើញថាមានកំណើន ៤,៥ភាគរយ។

អនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Manuela Ferro បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «នៅពេលដែលប្រទេសនានាត្រៀមខ្លួនសម្រាប់ការធ្លាក់ចុះកំណើនសេដ្ឋកិច្ចពិភពលោក ពួកគេគួរតែដោះស្រាយបញ្ហាគោលនយោបាយក្នុងប្រទេស ដែលជាឧបសគ្គដល់ការអភិវឌ្ឍរយៈពេលវែង»។

ហានិភ័យមួយទៀតចំពោះចក្ខុវិស័យក្នុងតំបន់គឺការដំឡើងអត្រាការប្រាក់យ៉ាងតក់ក្រហល់ ដែលធនាគារកណ្តាលនៅទូទាំងពិភពលោកកំពុងអនុវត្តដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណាដែលកំពុងកើនឡើង។ ធនាគារ WB បានឱ្យដឹងថា ការដំឡើងអត្រាការប្រាក់ទាំងនេះបានបណ្តាលឱ្យមានលំហូរចេញមូលធន និងការធ្លាក់ថ្លៃរូបិយប័ណ្ណ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕