(ក្រុងឡុងដ៍)៖ ប្រទេសស្រីលង្ការំពឹងថា ក្រុមប្រឹក្សាភិបាលមូលនិធិរូបិយវត្ថុអន្តរជាតិនឹងអនុម័តកម្មវិធីថវិកាសង្គ្រោះ ២,៩ពាន់លានដុល្លារនៅចុងឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

នេះជាការលើកឡើងរបស់មន្ត្រីធនាគារកណ្តាលស្រីលង្កាដែលបានប្រាប់ក្រុមវិនិយោគិនបរទេសក្នុងអំឡុងពេលធ្វើបទបង្ហាញតាមអនឡាញស្តីពីយុទ្ធសាស្រ្តរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញនៅចុងសប្តាហ៍មុន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ប្រភពដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ ប្រទេសដីកោះដែលរងគ្រោះដោយវិបត្តិនេះក៏កំពុងលើកកម្ពស់ការបង្កើតវេទិកាសម្របសម្រួលម្ចាស់បំណុលទ្វេភាគីចំពោះកិច្ច ដើម្បីទទួលបានការធានាហិរញ្ញវត្ថុពីម្ចាស់បំណុលទ្វេភាគីជាផ្លូវការផងដែរ។

ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីប្រទេសដែលមានប្រជាជនចំនួន ២២លាននាក់នេះបានឈានដល់កិច្ចព្រមព្រៀងកម្រិតបុគ្គលិកជាមួយមូលនិធិ IMFសម្រាប់កម្មវិធីថវិកាសង្គ្រោះបន្ថែមនៅថ្ងៃទី១ ខែកញ្ញា។

ស្រីលង្កាក៏ចាំបាច់ត្រូវចរចាឡើងវិញជាមួយម្ចាស់បំណុលទ្វេភាគីផ្សេងទៀតដូចជាប្រទេសចិន ជប៉ុន និងប្រទេសឥណ្ឌាផងដែរ។

នេះជាលើកទីមួយហើយដែលរដ្ឋាភិបាលស្រីលង្កាពិភាក្សាជាផ្លូវការជាមួយម្ចាស់បំណុលឯកជន បន្ទាប់ពីបានសម្រេចចិត្តកាលពីដើមឆ្នាំនេះថា ខ្លួននឹងរៀបចំបំណុលរដ្ឋអន្តជាតិឡើងវិញដែលមានទឹកប្រាក់ចំនួន ១៣ពាន់លានដុល្លារ ដែលកាន់កាប់ដោយម្ចាស់បំណុលឯកជនដូចជាក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម BlackRock និង Ashmore ជាដើម។

របាយការណ៍ចុងក្រោយរបស់មូលនិធិ IMF បានបង្ហាញកាលពីខែមីនាថា បំណុលរូបិយប័ណ្ណបរទេសសរុបចំនួន ៣៨,៧ពាន់លានដុល្លារ ស្មើនឹង ៤៨,២ភាគរយនៃផលិតផលក្នុងស្រុកសរុប។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕