(កូឡុំបូ)៖ តម្លៃទំនិញប្រើប្រាស់ក្នុងប្រទេសស្រីលង្កាបានកើនឡើងខ្លាំងដល់ ៧០,២ភាគរយនៅក្នុងខែសីហា ខណៈដែលប្រទេសដីកោះមួយនេះកំពុងបន្តស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យចេញផ្សាយដោយនាយកដ្ឋានជំរឿន និងស្ថិតិរបស់ស្រីលង្កានៅថ្ងៃពុធថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ជាតិ (NCPI) បានកើនឡើង ៧០,២ភាគរយកាលពីខែមុនធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បន្ទាប់ពីការកើនឡើង ៦៦,៧ភាគរយនៅក្នុងខែកក្កដា។
តម្លៃម្ហូបអាហារបានកើនឡើង ៨៤,៦ភាគរយ ខណៈដែលតម្លៃទំនិញមិនមែនម្ហូបអាហារបានកើនឡើង ៥៧,១ភាគរយ។
ធនាគារកណ្តាលស្រីលង្កា (CBSL) បានឱ្យដឹងកាលពីខែសីហាថា អត្រាអតិផរណានឹងធ្លាក់ចុះមកវិញបន្ទាប់ពីឡើងដល់កម្រិតកំពូលប្រហែល ៧០ភាគរយដោយសារសេដ្ឋកិច្ចរបស់ប្រទេសនេះបានធ្លាក់ចុះ។
សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កាបានធ្លាក់ចុះ ៨,៤ភាគរយនៅក្នុងត្រីមាសទី២ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះខ្លាំងបំផុតបើគិតជាត្រីមាសក្នុងគ្រាដែលមានកង្វះខាតជី និងប្រេងឥន្ធនៈ។
លោក DimanthaMathew ប្រធានផ្នែកស្រាវជ្រាវនៃក្រុមហ៊ុនវិនិយោគ First Capital ដែលមានមូលដ្ឋាននៅទីក្រុងកូឡុំបូប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «អតិផរណាត្រូវបានរំពឹងថានឹងថយចុះវិញចាប់ពីខែកញ្ញាទៅ ដោយថយចុះបណ្តើរមកវិញរហូតដល់កម្រិតមួយខ្ទង់នៅក្នុងឆមាសទីពីរនៃឆ្នាំ២០២៣»៕