(ម៉ានីល)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានកាត់បន្ថយការព្យាករពីកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ប្រទេសចិន ហើយថែមទាំងបានបន្ទាបចក្ខុវិស័យសម្រាប់តំបន់អាស៊ីកំពុងអភិវឌ្ឍន៍ក្នុងគ្រាដែលមានការដំឡើងអត្រាការប្រាក់ សង្គ្រាមអូសបន្លាយក្នុងប្រទេសអ៊ុយក្រែន និងគោលនយោបាយកូវីដសូន្យរបស់ទីក្រុងប៉េកាំង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់របាយការណ៍ស្តីពីបច្ចុប្បន្នភាពចក្ខុវិស័យអភិវឌ្ឍន៍តំបន់អាស៊ីរបស់ធនាគារ ADB ដែលបានចេញផ្សាយនៅថ្ងៃពុធសប្តាហ៍នេះថា សេដ្ឋកិច្ចតំបន់អាស៊ីកំពុងអភិវឌ្ឍន៍ត្រូវបានព្យាករថានឹងមានកំណើនសេដ្ឋកិច្ច ៤,៣% នៅឆ្នាំនេះ ធៀបនឹងការព្យាករ ៤,៦% កាលពីខែកក្កដា។ កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចិន ដែលជាសេដ្ឋកិច្ចធំជាងគេនៅអាស៊ី ត្រូវបានរំពឹងថានឹងថមថយមកនៅត្រឹមអត្រា ៣,៣% ធៀបនឹង ៤% ដែលបានព្យាករកន្លងមក។
ការផ្ទុះឡើងវិញម្តងម្តាលនៃជំងឺកូវីដ-១៩ និងការបិទខ្ទប់ទីក្រុងធំៗ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនចុះខ្សោយ ដែលធនាគារ ADB បានឱ្យដឹងថានឹងមានកំណើនទាបជាងសេដ្ឋកិច្ចរបស់ប្រទេសផ្សេទៀតនៅក្នុងតំបន់អាស៊ីកំពុងអភិវឌ្ឍន៍ជាលើកដំបូងក្នុងរយៈពេលជាង ៣ទសវត្សរ៍។
យោងតាមរបាយការណ៍របស់ធនាគារ ADB បានឱ្យដឹងថា ដោយមិនរាប់បញ្ចូលប្រទេសចិន តំបន់អាស៊ីដែលកំពុងអភិវឌ្ឍត្រូវបានព្យាករថានឹងកើនឡើង ៥,៣% នៅឆ្នាំនេះ។
លោក Albert Park ប្រធានសេដ្ឋវិទូរបស់ធនាគារ ADB បានថ្លែងថា៖ «តំបន់អាស៊ីកំពុងអភិវឌ្ឍន៍បន្តងើបឡើងវិញ ប៉ុន្តែហានិភ័យមានទំហំធំ»។ លោកបានបន្ថែមថា ការធ្លាក់ចុះជាសាកលខ្លាំងនឹងប៉ះពាល់ដល់ការនាំចេញ ខណៈដែលការរឹតបន្តឹងរូបិយវត្ថុខ្លាំងជាងការរំពឹងទុកនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនអាចបង្កឱ្យមានអស្ថិរភាពហិរញ្ញវត្ថុ។
ការព្យាករពីកំណើននៅឆ្នាំនេះសម្រាប់ប្រទេសឥណ្ឌាត្រូវបានកាត់បន្ថយមកត្រឹម ៧% ពីអត្រា ៧,២% ដោយសារតែអតិផរណា និងការរឹតបន្តឹងវិធានការរូបិយវត្ថុ។ តម្រូវការក្នុងស្រុកដ៏រឹងមាំនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីនកំពុងរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើងនូវចក្ខុវិស័យសេដ្ឋកិច្ចរបស់តំបន់អាស៊ីអាគ្នេយ៍ដែលមានកំណើន ៥,១%។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕