(គូឡាឡាំពួ)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ីលោក Tengku Zafrul Aziz បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីនឹងកើនឡើងក្នុងល្បឿនយឺតនៅក្នុងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Zafrul ដែលបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅនៅពីថ្ងៃពុធថា ការថមថយកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៣ នេះគឺដោយសារតែធ្លាក់ចុះកំណើនសេដ្ឋកិច្ចពិភពលោក ការកើនឡើងតម្លៃទំនិញនិងអាហារ ភាពតានតឹងរវាងអាមេរិកនិងចិន និងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដ៏តឹងរឹងរបស់ប្រទេសចិន ដែលកំពុងប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់។

កន្លងមក ប្រទេសម៉ាឡេស៊ីបានព្យាករថា សេដ្ឋកិច្ចរបស់ខ្លួននឹងកើនឡើងពី ៥,៣ភាគរយដល់ ៦,៣ភាគរយនៅឆ្នាំនេះ ខណៈដែលធនាគារកណ្តាលរបស់ប្រទេសនេះបាននិយាយកាលពីខែមុនថា កំណើនសេដ្ឋកិច្ចអាចសម្រេចបានក្នុងអត្រាជាង ៦ភាគរយ។

លោក Zafrul ក៏បានឱ្យដងផងដែរថា កំណើនសេដ្ឋកិច្ចនៅក្នុងត្រីមាសទី៤ ក្នុងឆ្នាំនេះនឹងជួបការលំបាកកាន់តែច្រើន។ លោកបានបញ្ជាក់ជាថ្មីថា ប្រទេសម៉ាឡេស៊ីមិនមានគម្រោងភ្ជាប់រូបិយប័ណ្ណរីងហ្គីតរបស់ខ្លួនទៅទៅប្រាក់ដុល្លារអាមេរិកទេក្នុងគ្រាដែលរូបិយប័ណ្ណនេះកំពុងធ្លាក់ចុះថ្លៃ។

ប្រាក់រីងហ្គីតរបស់ម៉ាឡេស៊ីបានធ្លាក់ថ្លៃជិត ៩ភាគរយនៅឆ្នាំនេះ ហើយបានធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេល ២៤ឆ្នាំក្នុងសប្តាហ៍នេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕