(តូក្យូ)៖ មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចជប៉ុនមួយរូបបានឱ្យដឹងថា ប្រទេសជប៉ុនត្រូវការកញ្ចប់ចំណាយថ្មីមួយដែលមានទឹកប្រាក់យ៉ាងហោចណាស់ ១០៥ ពាន់លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ការលើកឡើងរបស់លោកបានធ្វើឡើងនៅថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីសមាជិកសភាជប៉ុនមួយក្រុមបានអំពាវនាវឱ្យមានការជំរុញសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីទប់ស្កាត់ផលប៉ះពាល់សេដ្ឋកិច្ចពីការកើនឡើងអតិផរណា។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Toshimitsu Motegi អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចនៅជប៉ុនថាកញ្ចប់ថវិកាដែលមានទំហំទឹកប្រាក់យ៉ាងហោចណាស់ ១៥ពាន់ពាន់លានយ៉េន (១០៥ពាន់លានដុល្លារ) ត្រូវការជាចាំបាច់ ដើម្បីដោះស្រាយជាមួយនឹងការកើនឡើងការចំណាយលើជីវភាពរស់នៅ និងការរឹតបន្តឹងរូបិយវត្ថុដោយធនាគារកណ្តាលអាមេរិក និងអឺរ៉ុប។
ដោយសំដៅដល់កញ្ចប់ចំណាយរបស់រដ្ឋាភិបាលជប៉ុនដែលនឹងត្រូវរៀបចំឡើងនៅខែក្រោយ លោកបានមានប្រសាសន៍ថា៖ «យើងត្រូវការកញ្ចប់ថវិកាដ៏ធំមួយដែលមានលក្ខណៈទូលំទូលាយ»។
ការលើកឡើងរបស់លោកធ្វើឡើងបន្ទាប់ពីប្រធានគោលនយោបាយរបស់គណបក្ស LDP គឺលោក Koichi Hagiuda បានលើកឡើងកាលពីសប្តាហ៍មុនថា ប្រទេសជប៉ុនត្រូវការកញ្ចប់ជំរុញសេដ្ឋកិច្ចជាង ៣០ពាន់ពាន់លានយ៉េន ដើម្បីទ្រទ្រង់សេដ្ឋកិច្ច។
លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនដែលបានមើលឃើញថា អត្រាគាំទ្ររបស់សាធារណៈចំពោះគណៈរដ្ឋមន្ត្រីរបស់លោកធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ កំពុងស្ថិតនៅក្រោមសម្ពាធពីក្រុមរដ្ឋាភិបាលចម្រុះរបស់លោក ដោយពួកគេជំរុញឱ្យមានការដាក់ចេញវិធានការថ្មីៗ ដើម្បីបង្កើនកម្រិតប្រជាប្រិយភាពរបស់លោក និងជំរុញសេដ្ឋកិច្ចដ៏ផុយស្រួយរបស់ជប៉ុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕