(ភ្នំពេញ)៖ លោក Jean-Pierre Marcelli នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (The Agence Française de Développement - AFD) ថ្មី ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានអះអាងប្រាប់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថា រដ្ឋាភិបាលបារាំង នៅតែរក្សាកិច្ច សហប្រតិបត្តិការហិរញ្ញប្បទាន ក្នុងទំហំឥណទានសម្បទានប្រចាំឆ្នាំចន្លោះពី១០០-១២០ លានអឺរ៉ូ សម្រាប់រួមចំណែកក្នុងការអភិវឌ្ឍ និងស្តារសេដ្ឋកិច្ចកម្ពុជាបន្ទាប់ពីវិបត្តិកូវីដ១៩។

ការអះអាងរបស់ នាយក AFD ថ្មី ប្រចាំតំបន់អាស៊ីអាគ្នេយ៍ធ្វើឡើងក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងជំនួបនោះ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះលោក Jean-Pierre Marcelli ដែលទើបត្រូវបានតែងតាំងជានាយក AFD ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងលោកស្រី Sandrine Boucher ដែលទើបត្រូវបានតែងតាំងជានាយក AFD ប្រចាំកម្ពុជា និងមានជឿជាក់យ៉ាងមុតមាំថា ក្រោមការ ដឹកនាំរបស់លោក Jean-Pierre Marcelli និងលោកស្រី Sandrine Boucher កិច្ចសហការរវាងរាជរដ្ឋាភិបាលកម្ពុជា និង AFD នឹងត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរហើយនាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ AFD ដែលបានចូលរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា តាមរយៈការផ្ដល់ហិរញ្ញប្បទាន ដល់គម្រោងអភិវឌ្ឍន៏របស់រាជរដ្ឋាភិបាលកម្ពុជា និងផ្ដល់ហិរញ្ញប្បទានដល់វិស័យឯកជន។ ជាក់ស្តែង, ក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ, តាមរយៈ AFD, សាធារណរដ្ឋបារាំង បានផ្តល់ហិរញ្ញប្បទានសរុបប្រមាណ ៨៨៨ លានអឺរ៉ូដល់កម្ពុជា ក្នុងនោះមាន ឥណទានសម្បទានចំនួន ៥៣៣លានអឺរ៉ូ និងហិរញ្ញប្បទានឥតសំណងចំនួន ១៧៨ លានអឺរ៉ូ ដោយផ្ដោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ផ្លូវជនបទ ធារាសាស្រ្ត កសិកម្ម ទឹកស្អាត អគ្គិសនី អប់រំ និងសុខាភិបាល។

ហិរញ្ញប្បទានសហប្រតិបត្តិការនេះ បានឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍ និងទាន់ពេលវេលា ស្របតាមកម្មវិធី និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស បានអនុលោមទៅនឹងផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ, យុទ្ធសាស្រ្តចតុកោណ, យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ, ក្របខណ្ឌយុទ្ធសាស្រ្តកម្មវិធីស្តារ និង ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយ កូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ និងកម្មវិធីវិនិយោគសាធារណៈ ឆ្នាំរំកិល ២០២២ - ២០២៤ ជាដើម ។

ភ្ជាប់ជាមួយគ្នានេះ, អគ្គបណ្ឌិតសភាចារ្យក៏បានគូសបញ្ជាក់ថា ទោះបីកម្ពុជាទទួលបាននូវជោគជ័យ ធំធេង នៅក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិត និងលំនឹងជីវភាពប្រជាជន ហើយបានបើកប្រទេសលើគ្រប់វិស័យ ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញក្តី ប៉ុន្តែ ការមកដល់នៃវិបត្តិជាបន្តបន្ទាប់ទៀត ដូចជា ការកើនឡើងខ្ពស់នៃអត្រាអតិផរណា និងអត្រាការប្រាក់, ការថមថយសេដ្ឋកិច្ចនៅប្រទេសអភិវឌ្ឍ និងប្រទេសចិន និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន, ព្រមទាំងបញ្ហាភូមិសាស្រ្តនយោបាយក្នុងតំបន់ និងអន្តរជាតិ បាននិងកំពុងបង្កផលប៉ះពាល់អវិជ្ជមានដល់កិច្ចដំណើរការស្តារ និងជំរុញ កំណើនសេដ្ឋកិច្ចឡើងវិញរបស់កម្ពុជា ក៏ដូចជាការងើបឡើងវិញ នៃសេដ្ឋកិច្ច ពិភពលោកទាំងមូល។

ចំពោះមុខ, រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តជំរុញការធ្វើកំណែទម្រង់រចនាសម្ព័ន្ធ ដោយ ផ្តោតលើវិស័យអាទិភាពនានា ដូចជា៖ ឡូជីស្ទីក ថាមពល ជំនាញ ឌីជីថល សហគ្រាសធុនតូច និងមធ្យម និងកិច្ច សម្រួលពាណិជ្ជកម្ម ព្រមទាំងការកែលម្អបរិយាកាសវិនិយោគ និងធុរកិច្ច ដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ការទ្រទ្រង់កំណើន និងការលើកកម្ពស់ភាពប្រកួតប្រជែង ព្រមទាំង ការជំរុញការនាំចេញ ទាំងក្នុងក្របខណ្ឌកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ក៏ដូចជា ទាំងក្នុងនិន្នាការនៃការផ្លាស់ទីតាំងវិនិយោគ (Investment Relocation) នៅក្នុងតំបន់ផងដែរ ។

លោក Jean-Pierre Marcelli បានសម្តែងនូវអំណរសាទរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលសម្រេចបានលទ្ធផលដ៏ត្រចះត្រចង់ក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងទទួលបានកំណើនសេដ្ឋកិច្ច គួរ ឱ្យកត់សម្គាល់ ក្នុងបរិការណ៍ដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច ដែលបណ្ដាលមកពីការរីករាលដាលនៃជំងឺ កូវីដ ១៩ និងសង្រ្គាមរវាង រ៉ុស្សី និងអ៊ុយក្រែន។

លោក Jean-Pierre Marcelli បានវាយតម្លៃខ្ពស់ចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩ យ៉ាងមានប្រសិទ្ធភាព និង ចាប់ផ្ដើមបើកប្រទេស និងសេដ្ឋកិច្ច ឡើងវិញយ៉ាងឆាប់រហ័ស និងបានគូសបញ្ជាក់ផងដែរថា AFD នឹងបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដោយសន្យាបង្កើនទំហំហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់កម្ពុជាឱ្យស្របទៅនឹងបរិការណ៍បច្ចុប្បន្ន ។

ក្នុងភាពជាដៃគូអភិវឌ្ឍន៍ លោក Jean-Pierre Marcelli បានគួសបញ្ជាក់ថា រដ្ឋាភិបាលបារាំង នៅតែរក្សាកិច្ច សហប្រតិបត្តិការហិរញ្ញប្បទានក្នុងទំហំឥណទានសម្បទានប្រចាំឆ្នាំចន្លោះពី ១០០-១២០ លានអឺរ៉ូ សម្រាប់រួមចំណែកក្នុងការអភិវឌ្ឍ និងស្តារសេដ្ឋកិច្ចកម្ពុជាបន្ទាប់ពីវិបត្តិកូវីដ-១៩ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់កម្ពុជា និងយុទ្ធសាស្ត្ររបស់ AFD (Country Strategy 2022-2026) ដែលផ្តោតទៅលើគោលដៅសំខាន់បី៖ ១. ការអភិវឌ្ឍដែលបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុ និងកាត់បន្ថយការបំភាយឧស្ម័នកាបូន ២. ការចូលរួមបង្កើត ការងារ និងកំណើនសេដ្ឋកិច្ច និង ៣. ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងអភិបាលកិច្ចល្អ ។

ជាថ្មីម្តងទៀត, អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ AFD ក៏ដូចជារដ្ឋាភិបាល និងប្រជាជនបារាំង ដែលបានបន្តគាំទ្រ និងបានផ្តល់ហិរញ្ញប្បទានដ៏ថ្លៃថ្លារួមចំណែកដល់ការអភិវឌ្ឍ ប្រទេសកម្ពុជា និងបានជូនពរលោក Jean-Pierre Marcelli និងលោកស្រី Sandrine Boucher ទទួលបាន ជោគជ័យក្នុងការបំពេញភារកិច្ចថ្មី៕