Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកជំនាញ ផ្តល់យោបល់ឱ្យរដ្ឋាភិបាលវៀតណាម កុំឱ្យទម្លាក់ថ្លៃប្រាក់ដុង (Video inside)

20-09-2022 14:26

(ហាណូយ)៖ អ្នកជំនាញបានថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចមួយ កាលពីថ្ងៃអាទិត្យថា ប្រទេសវៀតណាមមិនគួរទម្លាក់ថ្លៃប្រាក់ដុងបន្ថែមទៀតទេ ដោយសារថា ការរក្សាអត្រាប្តូរប្រាក់ ដែលមានស្ថិរភាព គឺជាគន្លឹះក្នុងការគ្រប់គ្រងអតិផរណា។ នេះបើយោងតាមកាសែត VN Express របស់វៀតណាម។

កាសែត VN Express បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Truong Van Phuoc អតីតប្រធាន ស្តីទីគណៈកម្មាធិការត្រួតពិនិត្យហិរញ្ញវត្ថុ ស្ថិតក្រោមចំណុះរបស់រដ្ឋសភាវៀតណាមថា រូបិយប័ណ្ណដែលមានស្ថិរភាព គឺជាស្រទាប់ការពារចុងក្រោយនៃអតិផរណា ហើយប្រសិនបើស្រទាប់នេះបែកបាក់ហើយ អតិផរណានឹងជន់លិច និងបង្កើតឱ្យមានការលំបាកជាច្រើន។

សាស្ត្រាចារ្យ Andreas Hauskrecht បម្រើការងារនៅសាកលវិទ្យាល័យ Indiana ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបាននិយាយថា ភាពអាចកើតមាននៃការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកនៅឆ្នាំនេះ ឬឆ្នាំបន្ទាប់ទៀត បង្កឱ្យមានហានិភ័យកាន់តែខ្ពស់នៃការធ្លាក់ចុះសេដ្ឋកិច្ច។

លោកបានបន្ថែមថា កត្តានេះនឹងធ្វើឱ្យប្រាក់ដុងវៀតណាមឡើងថ្លៃធៀបនឹងប្រាក់អឺរ៉ូ និងរូបិយប័ណ្ណផ្សេងទៀត ដែលអាចបណ្តាលឱ្យមានបញ្ហាក្នុងការទូទាត់ និងប៉ះពាល់ដល់ពាណិជ្ជកម្ម។

ដោយណែនាំឱ្យប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុដោយប្រុងប្រយ័ត្ន លោក Hauskrecht បានថ្លែងបន្តថា ប្រទេសវៀតណាមមិនគួរទម្លាក់ថ្លៃរូបិយប័ណ្ណរបស់ខ្លួន ឬដំឡើងអត្រាការប្រាក់របស់ខ្លួនឡើយ ដោយសារតែសកម្មភាពបែបនេះអាចបង្កឱ្យមានអស្ថិរភាពហិរញ្ញវត្ថុ។

ធនាគាររដ្ឋវៀតណាម (SBV) ដែលជាធនាគារកណ្តាលរបស់ប្រទេសវៀតណាម បានទម្លាក់ថ្លៃប្រាក់ដុង ០,២២% កាលពីសប្តាហ៍មុន ដោយបានធ្វើឱ្យរូបិយប័ណ្ណនេះធ្លាក់ចុះថ្លៃដល់កម្រិតទាបជាប្រវត្តិសាស្ត្រគឺប្រហែល ២៣ ៨០០ដុងក្នុងមួយដុល្លារ។ នេះបើយោងតាមកាសែត VN Express៕