(ភ្នំពេញ)៖ របាយការណ៍របស់អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល៨ខែ ឆ្នាំ២០២២នេះ ការនាំចេញ ផលិតផល សម្លៀក បំពាក់របស់កម្ពុជា មានទឹកប្រាក់សរុបចំនួន ៦ ៤៦៧លាន ដុល្លារកើនជាង២៨% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ មានត្រឹមតែ ចំនួន៥ ០២១លាន ដុល្លារប៉ុណ្ណោះ។
វិស័យកាត់ដេរសម្លៀកបំពាក់ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដោយក្នុងរយៈពេល៨ខែ ឆ្នាំ២០២២ការនាំចេញសម្លៀកបំពាក់មានចំណែកជាង៤០% នៃការនាំចេញសរុបរបស់កម្ពុជា។
ទន្ទឹមនឹងនេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានបង្ហាញនូវក្តីបារម្ភពីការថមថយនៃការបញ្ជាទិញសម្លៀកបំពាក់ នៅឆមាសទី២ ដោយសារភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល។
លោក ខេន លូ អគ្គលេខាធិការ GMAC បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ចាប់តាំងពីខែសីហាមក ការបញ្ជាទិញបានធ្លាក់ចុះជាបន្តបន្ទាប់ ដែលធ្វើឱ្យសមាជិករបស់សមាគមមួយចំនួន បានព្យួរការផលិត។
លោកថា មូលហេតុនៃការធ្លាក់ចុះ គឺដោយសារទីផ្សារនាំចេញដ៏សំខាន់របស់កម្ពុជា ដូចជានៅអឺរ៉ុប ជួបស្ថានភាពមិនល្អ និងស្ថានភាពសេដ្ឋកិច្ច ក្នុងពិភពលោកមិនទាន់ល្អប្រសើរ ស្របពេលដែលអ្នកបញ្ជាទិញនៅសល់ទំនិញច្រើន និងមិនទាន់បញ្ចេញលក់អស់ ដែលនាំឱ្យពួកគេកាត់បន្ថយការបញ្ជាទិញនៅរយៈពេលនេះ។ កត្តានេះ អាចនឹងបង្កផលប៉ះពាល់ដល់ការនាំចេញទំនិញសម្លៀកបំពាក់ នៅឆមាសទី២ឆ្នាំនេះ និងការនាំចេញនៅឆ្នាំក្រោយផងដែរ។
បើតាមលោក ខេន លូ នៅឆមាសទី១ ឆ្នាំ២០២២ ការនាំចេញសម្លៀកបំពាក់បានកើនឡើងជាង៤០% ដែលទីផ្សារនាំចេញចម្បង គឺសហរដ្ឋអាមេរិក បន្ទាប់មកសហភាពអឺរ៉ុប ជប៉ុន អង់គ្លេស និងកាណាដា។
កាលពីឆ្នាំ២០២១ កម្ពុជាបាននាំចេញសម្លៀកបំពាក់មានទឹកប្រាក់សរុប ៨ ០១៧លាន ដុល្លារកើនឡើង៨.៥៣% បើធៀបឆ្នាំ ២០២០ ដែលមានត្រឹមតែចំនួន ៧៣៨៧លានដុល្លារ៕