(ភ្នំពេញ)៖ ស្វាយកែវរមៀតគុណភាពអន់ ឬកសិករហៅថាស្វាយឃ្លី ដែលកន្លងមកលក់បានត្រឹមតែតម្លៃ២០០រៀល ទៅ៥០០រៀលក្នុងមួយគីឡូក្រាម នាពេលបច្ចុប្បន្ននេះហក់ឡើងថ្លៃរហូតដល់ ១១៥០រៀល ក្នុងមួយគីឡូក្រាម ដែលជាតម្លៃមួយមិនធ្លាប់មានពីមុន ព្រោះស្វាយប្រភេទនេះ ជាធម្មតាកសិករតែងតែបេះចោល នៅក្រោមដើមនៅពេលដែលបេះលក់មិនទាន់ ឬតម្លៃធ្លាក់ចុះខ្លាំងពេក។

លោកស្រី ឈិន ចំរើន នាយិកាប្រតិបត្តិសហភាពសហគមន៍តេជះមានជ័យកំពង់ស្ពឺ ដែលមានសមាជិកសហហគមន៍កសិកម្មចំនួន៥២ និងជាអ្នកប្រមូលទិញស្វាយពីកសិករផងនោះ បានប្រាប់បណ្តាព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ ឈ្មួញកណ្តាលជាច្រើន កំពុងដើរប្រមូលទិញស្វាយឃ្លីនេះពីកសិករ ដោយឱ្យក្នុងតម្លៃ១១៥០រៀលក្នុងមួយគីឡូក្រាម ដែលពួកគេអាចលក់ចេញទៅក្នុងទីផ្សារវិញបានក្នុងតម្លៃ១៥០០រៀលក្នុងមួយគីឡូក្រាម។ ចំណែកស្វាយកញ្ចប់មានតម្លៃ ៣៥០០ក្នុងមួយគីឡូក្រាម និងក្តឹបស្វាយតម្លៃប្រមាណ ២ ០០០រៀលទៅ ៣០០០រៀលក្នុងមួយគីឡូក្រាម។

ការដែលប្រភេទស្វាយមិនសូវមានគុណភាពនេះឡើងថ្លៃបែបនេះ ដោយសារតែស្វាយមិនសូវសំបូរ ស្របពេលដែលកសិករ ចាប់ផ្តើមប្រឡេះក្តឹបស្វាយ ឬស្វាយឃ្លីលក់នៅមុនរដូវប្រមូលផល ដោយរក្សាទុកតែស្វាយដែលមានគុណលេខ១ ឬស្វាយខ្ចប់នៅលើដើម សម្រាប់បេះលក់នៅរដូវប្រមូលផល។

លោកស្រីពន្យល់បន្ថែមថា «កាលពីមុន គឺគាត់អត់បេះទេ គាត់យកកញ្ចប់មកច្រកទាំងអស់ បានន័យថា បើឃើញថាស្វាយអត់ប្រេះអត់បែក គឺគាត់ច្រកទាំងអស់ តែឥឡូវនេះ បន្ទាប់ពីយើងបានរៀនពីភូតគាមអនាម័យ ក៏ដូចជារៀនពីគុណភាពនៃការធ្វើស្វាយ គឺយើងយកគុណភាពជាធំ ខុសកាលពីមុនយើងយកបរិមាណជាធំ។ ឧទារហណ៍ក្នុងមួយចង្កោមមាន៧ ទៅ៨ផ្លែ មានតែប្រហែល១ផ្លែទេដែលល្អ គឺយើងច្រកយកតែមួយផ្លែទេ ក្រៅពីមួយផ្លែនេះ គឺយើងបេះចេញទាំងអស់ មិនទុកដល់ធំនោះទេ តែកាលណាទុកដល់ធំ យើងចេះតែលក់ខាតបានតែមួយគីឡូ២០០រៀល ទៅ៣០០រៀល»។

លោកស្រីបានឱ្យដឹងថា ស្វាយប្រភេទឃ្លីនេះកំពុងតែត្រូវប៉ាន់ ដោយមានឈ្មួញកណ្តាលជាច្រើន កំពុងប្រជែងគ្នាទិញពីកសិករ សម្រាប់លក់បន្តទៅឱ្យហាងម្ជូរនានា។ ខណៈដែលស្វាយឃ្លីនេះ កំពុងត្រូវប៉ាន់ ប៉ុន្តែកសិករគ្មានស្វាយលក់ឱ្យឈ្មួញនោះទេ ដោយសារតែកសិករមួយចំនួនបានកាប់ដើមចោល ហើយកសិករមួយចំនួនទៀតមិនបន្តថែទាំ បន្ទាប់ពីពួកគេរងគ្រោះខ្លាំង ក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ១៩ ដែលបណ្តាលឱ្យតម្លៃធ្លាក់ថ្លៃខ្លាំង។

លោកស្រី ឈិន ចំរើន ចង់ឱ្យកសិករដែលមានស្វាយឃ្លីនេះនៅលើដើម គួរបេះលក់ចាប់ពីពេលទៅ ប្រសិនទុករហូតដល់វាចាស់ទាន់រដូវប្រមូលផលនឹងធ្វើតម្លៃស្វាយធ្លាក់ចុះខ្លាំង។

លោកស្រីបានឱ្យដឹងថា តម្លៃស្វាយឃ្លីនេះឡើងថ្លៃនេះ មិនមែននៅតែខេត្តកំពង់ស្ពឺនោះទេ នៅខេត្តដទៃទៀតក៏កំពុងឡើងថ្លៃផងដែរ។

លោកស្រីសង្ឃឹមថា តម្លៃស្វាយនៅចុងឆ្នាំ២០២២នេះ ដែលជារដូវប្រមូលផលស្វាយ តម្លៃស្វាយនឹងនៅតែបន្តឡើងខ្ពស់។ ដូច្នេះហើយលោកស្រីលើកទឹកចិត្តឱ្យកសិករព្យាយាមពង្រឹងគុណភាពស្វាយរបស់ខ្លួន និងកសិករមួយចំនួន ដែលបានកាប់ដើមស្វាយចោល ឬបញ្ឈប់ការថែទាំគួរតែចាប់ផ្តើមធ្វើឡើងវិញ។

តាមអគ្គនាយកដ្ឋានកសិកម្ម ដែលបានបញ្ជាក់កាលពីពេលកន្លងមក កម្ពុជាមានផ្ទៃដីដាំដុះស្វាយចំនួន១៣ម៉ឺនហិកតា ផ្ទៃដីប្រមូលផលស្វាយជាង ៩ម៉ឺនហិកតា ក្នុងបរិមាណទិន្នផលជាង ១៥តោនក្នុង១ហិកតា ស្មើនឹងទិន្នផលសរុបជិត ១.៤លានតោនក្នុងមួយរដូវ៕