(ផ្នំពេញ)៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សមាគមធនាគារនៅកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៅកម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីលើកកម្ពស់គំនិតផ្ដួចផ្ដើមអាជីវកម្ម ប្រកបដោយការទទួលខុសត្រូវសង្គម និងការកសាងសមត្ថភាព ដែលផ្តោតសំខាន់លើអាជីវកម្មផ្នែកធនាគារ និងហិរញ្ញវត្ថុ។
អនុស្សរណៈយោគយល់គ្នារវាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សមាគមធនាគារនៅកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៅកម្ពុជា ធ្វើឡើងក្រោមការចូលរួមពីលោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ នៃអគ្គនាយកដ្ឋានត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា, លោក Raymond Sia, ប្រធានសមាគមធនាគារនៅកម្ពុជា, លោក Pell Remi Sisophon, ប្រធានសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា និងលោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
លោក សុខ វឿន បានថ្លែងថា អនុស្សរណៈយោគយល់ ពិតជាមានសារៈសំខាន់ណាស់ ដោយក្នុងនោះសមាគមទាំងបីនឹងសហការរួមគ្នា ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ការយល់ដឹងផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ លើកកម្ពស់គំនិតផ្ដួចផ្ដើមអាជីវកម្ម ប្រកបដោយការទទួលខុសត្រូវសង្គម និងការកសាងសមត្ថភាពដែលផ្តោតសំខាន់ លើអាជីវកម្មផ្នែកធនាគារ និងហិរញ្ញវត្ថុ។
លោកបានបញ្ជាក់ថា គោលបំណងចម្បងនៃ MoU រវាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៅកម្ពុជាដើម្បី៖
* លើកកម្ពស់បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា និងការកសាងសមត្ថភាព ជាពិសេសគឺផ្ដោតសំខាន់លើវិស័យធនាគារ និងហិរញ្ញវត្ថុ។
* សហការគ្នាក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ជាពិសេសលើកកម្ពស់នូវគំនិតផ្ដួចផ្ដើមអាជីវកម្ម ប្រកបដោយការទទួលខុសត្រូវសង្គម និងបង្កើននូវការយល់ដឹងពាក់ព័ន្ធនិងបច្ចេកវិទ្យាហិរញ្ញវត្ថុ ការរៀបចំកម្មវិធីដែលផ្ដោតលើបច្ចេកវិទ្យា ការរៀបចំកម្មវិធីតម្រង់ទិសសម្រាប់សហគ្រិន និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាផ្សេងទៀត។
លោកបានបញ្ជាក់ថា «តាមរយៈការចុះអនុស្សរណៈនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ មិនត្រឹមតែជួយលើកស្ទួយប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុប៉ុណ្ណោះទេតែជាឱកាសថ្មី សម្រាប់ប្រជាជនកម្ពុជាបានសិក្សាស្វែងយល់បន្ថែមពីបចេ្ចវិទ្យាថ្មីៗ ជាពិសេសវាជាឱកាស សម្រាប់អ្នកដែលមានអាជីវកម្មថ្មី ក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីយកទៅអនុវត្តឱ្យមានប្រសិទ្ធភាព ក្នុងប្រតិបត្តិការរបស់ខ្លួននៅថ្ងៃអនាគត»។
សូមជម្រាបជូនថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបង្កើតឡើងចាប់តាំងពីឆ្នាំ២០០៤ ក្នុងគោលបំណងជួយប្រជាជនកម្ពុជា គ្រប់រូបឱ្យទទួលបាននូវសេវាហិរញ្ញវត្ថុផ្លូវការ សំបូរបែប ពេលទាន់ពេលវេលា តាមប្រព័ន្ធហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព ព្រមទាំងធានានូវសុវត្ថិភាព វិបុលភាព និងនិរន្តរភាពរបស់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។
មកទល់ពេលនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានសមាជិកចំនួន១២២ស្ថានប័នរួមមាន៖
គ្រឹះស្ថានធនាគារ៥, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៥, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៧៤, ក្រុមហ៊ុនភតិសន្យា១២ និងគ្រឹះស្ថានឥណទានជនបទ២៦។
លោកបានបញ្ជាក់ថា គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២២នេះ គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុជាសមាជិករបស់សមាគម បានបន្តកិច្ចប្រឹងប្រែង ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនកម្ពុជា ដោយផ្តល់នូវឥណទានជាង ៨.៧ពាន់លានដុល្លារអាមេរិក ដល់ប្រជាជនចំនួនប្រមាណ២លាននាក់ ខណៈដែលអតិថិជនប្រាក់បញ្ញើសរុបមានជាង២.៦លាននាក់ ដែលបានដាក់ប្រាក់បញ្ញើសរុបជាង ៤.៦ពាន់លានដុល្លារអាមេរិក តាមរយៈបណ្តាញសាខាជាង១ ០០០ ការិយាល័យ និងមានបុគ្គលិកបម្រើការងារសរុបជាង២៩.០០០នាក់ នៅទូទាំងរាជធានី-ខេត្តនៃប្រទេសកម្ពុជា ប៉ុន្ដែទន្និន័យនេះមិនបានរាប់បញ្ចូលទិន្នន័យ ពីធនាគារទាំង៥ជាសមាជិកនោះទេ។
ការចុះអនុស្សរណៈយោគយល់គ្នារ វាងសមាគមទាំងបី នឹងនាំមកនូវកាលានុវត្តភាព សម្រាប់សមាគមក្នុងការចូលរួមចំណែកលើកកម្ពស់ វិស័យបច្ចេកវិទ្យានៅកម្ពុជា ពិសេសសម្រាប់អាជីវកម្មហិរញ្ញវត្ថុ។
លោក Raymond Sia បានថ្លែងឲ្យដឹងថា ការចុះអនុស្សរណៈនេះ ធ្វើឡើងដើម្បីសហការរួមគ្នាជាដៃគូឧស្សាហកម្ម សម្រាប់គាំទ្រសេវាកម្មហិរញ្ញវត្ថុ និងធនាគារ (FinTech) និងត្រួតពិនិត្យការអនុវត្តប្រតិបត្តិធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា ដើម្បីឆ្ពោះទៅរកអាជីវកម្មឌីជីថល៕