(ភ្នំពេញ)៖ គណៈប្រតិភូនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដឹកនាំដោយលោកបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងគណៈប្រតិភូនៃរដ្ឋបាលគយហុងកុង ដឹកនាំដោយលោកស្រី Louise Ho អគ្គនាយកនៃរដ្ឋបាលគយហុងកុង បានប្រារព្ធពិធីចុះហត្ថលេខាឌីជីថលលើអនុស្សរណៈយោគយល់គ្នា រវាងរដ្ឋបាលគយទាំងពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងជួយគ្នាទៅវិញទៅមកពាក់ព័ន្ធនឹងការងារគយ (MoU) តាមប្រព័ន្ធវីដេអូ។

ពិធីចុះហត្ថលេខាឌីជីថលលើ MoUនេះ បានធ្វើឡើងនៅរសៀល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ឆ្លើយតបទៅនឹងពាក្យស្លោក «រដ្ឋបាលគយឆ្លាតវៃ» ក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ ដែលបានរាតត្បាតជាសាកល។

ទន្ទឹមនេះ លោកបណ្ឌិត គុណ ញឹម និងលោកស្រី Louise Ho សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ការចុះហត្ថលេខាលើ MoU ប្រកបដោយជោគជ័យនេះ នឹងជាយន្តការសម្រាប់ត្រួសត្រាយផ្លូវឱ្យរដ្ឋបាលគយទាំងពីររួមមាន៖

* ១៖ បន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីល្អបន្ថែមទៀត
* ២៖ ចូលរួមចំណែកលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងហុងកុង
* ៣៖ ពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធក្នុងការផ្លាស់ប្តូរព័ត៌មានសម្ងាត់ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការបង្កើនការចែករំលែកព័ត៌មាន
* និង៤៖ ពង្រឹងកិច្ចសហការផ្តល់ជំនួយបច្ចេកទេស ក្នុងការកសាងសមត្ថភាពមន្រ្តីនៃរដ្ឋបាលគយទាំងពីរ៕