(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យអភិវឌ្ឍន៍អាកាសយានដ្ឋានខេត្តមណ្ឌលគិរីឡើងវិញ ទៅជាអាកាសយានដ្ឋានតំបន់ ហើយអាចហោះហើរជាអន្ដរជាតិបាន និងបានផ្ដល់សិទ្ធិជូនក្រុមហ៊ុនចិន ជាអ្នកទទួលម៉ៅការសាងសង់។ ប៉ុន្ដែគម្រោងសាងសង់អាកាសយានដ្ឋាននេះ ត្រូវបានជាប់គាំង មិនទាន់ដំណើរការឡើយ ក្រោយក្រុមហ៊ុនទទួលបានសិទ្ធិសាងសង់ក្ស័យធន ដោយសារតែការផ្ទុះរីករាលដាលជំងឺកូវីដ១៩។
ក្នុងសន្និសីទសារព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ក្រោមប្រធានបទ «សមិទ្ធផលសម្រេចបានក្នុងរយៈពេល៥ឆ្នាំ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល» នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល បានអះអាងថា រហូតមកដល់ពេលនេះ គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានខេត្តមណ្ឌលគិរី គឺនៅទំនេរនៅឡើយមិនទាន់ដំណើរការនោះទេ។
លោកបានថ្លែងថា «ដោយសារវិបត្តិកូវីដ១៩នេះ ធ្វើឲ្យមានផលប៉ះពាល់ដល់ក្រុមហ៊ុន ដែលបានទទួលសិទ្ធិ គឺក្រុមហ៊ុនចិនទទួលការខាតបង់យ៉ាងច្រើន ហើយគាត់បានជម្រាបជូនមកវិញថា គាត់ពុំមានលទ្ធភាពបន្ដនេះ ការវិនិយោគទៀតនោះទេ»។
បើតាមលោក ស៉ីន ចាន់សិរីវុត្ថា ដោយសារគម្រោងសាងសង់នេះ ទាក់ទងជាមួយគណៈកម្មការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទេសចរណ៍កម្រិតជាតិ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល បានស្នើសុំគោលការណ៍៣ចំណុច ទៅកាន់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោយក្រុមហ៊ុនទទួលបាន ស.ជ.ណ អភិវឌ្ឍន៍នេះមិនមានលទ្ធភាពដើម្បីបន្ដការងាររបស់ខ្លួន ក្នុងនោះរួមមាន៖
* ទី១៖ ពិនិត្យលទ្ធភាពក្នុងការយកថវិការដ្ឋ ដើម្បីប្រើប្រាស់លើដំណើរការសាងសង់នេះ
* ទី២៖ ពិនិត្យលទ្ធភាពក្នុងការប្រើប្រាស់ថវិកាកម្ចីសម្បទាន ពីធនាគារពិភពលោក ឬធនាគារអភិវឌ្ឍន៍អាស៉ី
* ទី៣៖ ស្វែងរកដៃគូឯកជនផ្សេងទៀត ដើម្បីសិក្សាលទ្ធភាពសាងសង់។
លោកបានបន្ដទៀតថា ជាការឆ្លើយតបក្រសួងសេដ្ឋកិច្ច បានណែនាំឲ្យពិនិត្យលទ្ធភាពក្នុងការស្វែងរកដៃគូវិនិយោគ ដើម្បីសាងសង់អាកាសយានដ្ឋាន នៅខេត្តភាគឦសានមួយនេះ។ គិតមកទល់ពេលនេះ មានក្រុមហ៊ុនឯកជនបរទេសចំនួន៣ ដែលបានមកចរចារជាមួយរាជរដ្ឋាភិបាលកម្ពុជា ប៉ុន្ដែមិនទាន់ជាផ្លូវការនៅឡើយ។
លោក ស៉ីន ចាន់សិរីវុត្ថា អះអាងថា គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានខេត្តមណ្ឌលគិរីនេះ គឺស្ថិតនៅក្នុងរបៀបវារៈរបស់រាជរដ្ឋាភិបាលកម្ពុជាដដែល ដោយទាមទារនូវពេលវេលា ក្នុងការស្វែងរកអ្នកវិនិយោគថ្មី។
សូមជម្រាបថា រាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិទៅឲ្យក្រុមហ៊ុន China Power ទទួលការសាងសង់ គម្រោងអភិវឌ្ឍអាកាសយានដ្ឋាន នៅខេត្តមណ្ឌលគិរី។ ព្រលានយន្ដហោះខេត្តមណ្ឌលគីរី គ្រោងសាងសង់លើផ្ទៃដី៣០០ហិកតា មានចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីទីក្រុងសែនមនោរម្យ តាមការប៉ាន់ស្ថានអាចនឹងប្រើថវិកាវិនិយោគប្រមាណ ជាង៨០លានដុល្លារ៕