(ក្រុងឡុងដ៍)៖ អឺរ៉ុបកំពុងងាកទៅរកអ្នកផ្គត់ផ្គង់ក្រៅពីប្រទេសរុស្ស៊ីកាន់តែច្រើនឡើង សម្រាប់តម្រូវការប្រេងម៉ាស៊ូតរបស់ខ្លួនដោយការនាំចូលប្រេងឥន្ធនៈប្រភេទនេះកំពុងឈានទៅរកការកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលបីឆ្នាំនៅក្នុងខែនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យចេញផ្សាយដោយក្រុមហ៊ុនវិភាគប្រេង Vortexa ថា ក្នុងរយៈពេលពីថ្ងៃទី១ ដល់ទី១១ ខែកញ្ញា អឺរ៉ុបកំពុងឈានទៅរកការនាំចូលប្រេងម៉ាស៊ូត ១,៦៥លានបារ៉ែលក្នុងមួយថ្ងៃ (bpd) ក្នុងខែនេះ ដែលកើនឡើងពី ១,៤៦លានបារ៉ែលក្នុងមួយថ្ងៃកាលពីខែមុន និងជាកម្រិតខ្ពស់បំផុតគិតចាប់ពីខែសីហា ឆ្នាំ២០១៩មក។
ទិន្នន័យនេះក៏បានបង្ហាញផងដែរថា ការនាំចូលប្រេងម៉ាស៊ូតពីប្រទេសរុស្ស៊ីមានចំនួន ៤៤ ភាគរយនៃចំនួនសរុបគិតចាប់ពីដើមខែកញ្ញារហូតមកដល់ពេលនេះ ធ្លាក់ចុះពី ៥១ភាគរយក្នុងរយៈពេលពេញមួយខែសីហា និង ៦០ភាគរយពេញមួយខែកក្កដា។
ក្នុងពេលជាមួយគ្នានេះដែរ ចំណែកនៃការនាំចូលប្រេងម៉ាស៊ូតរបស់អឺរ៉ុបពីតំបន់មជ្ឈិមបូព៌ា បានកើនឡើងដល់ ៣០ភាគរយកើនឡើងពី ២៣ភាគរយនៅក្នុងខែសីហា។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ទៀតថា ការនាំចូលប្រេងម៉ាស៊ូតពីមជ្ឈិមបូព៌ាក្នុងរយៈពេញមួយខែកញ្ញាត្រូវបានរំពឹងថានឹងកើនឡើងប្រហែល ៥០ភាគរយធៀបនឹងខែសីហាដល់ ៥សែនបារ៉ែលក្នុងមួយថ្ងៃដែលជាបរិមាណខ្ពស់បំផុតគិតចាប់តាំងពីខែឧសភា ឆ្នាំ២០១៨មក។
ទិន្នន័យបានបង្ហាញថា ការនាំចូលពីអាស៊ីត្រូវបានរំពឹងថានឹងនៅតែមានស្ថិរភាពនៅប្រហែល ២២៥ ០០០បារ៉ែលក្នុងមួយថ្ងៃនៅក្នុងខែកញ្ញាធៀបនឹងខែសីហា ប៉ុន្តែខ្ពស់ជាងបីដងធៀបនឹងខែកក្កដា ហើយជិតដល់កម្រិតខ្ពស់ដែលធ្លាប់បានឃើញនៅខែវិច្ឆិកាឆ្នាំមុន។
សហភាពអឺរ៉ុបនឹងបញ្ឈប់ការទិញប្រេងឆៅរុស្ស៊ីទាំងអស់ដែលដឹកជញ្ជូនតាមសមុទ្រចាប់ពីដើមខែធ្នូឆ្នាំនេះតទៅ ហើយនឹងហាមឃាត់រាល់ផលិតផលប្រេងចម្រាញ់របស់រុស្សីនៅក្នុងពេលពីរខែក្រោយមកដើម្បីជាការតវ៉ាជុំវិញការឈ្លានពានរបស់ទីក្រុងម៉ូស្គូលើប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕