(សៀមរាប)៖ ថ្លែងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ានលើកទី២៥ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ាន (ASEAN Investment Area Council) តំណាងកម្ពុជា បានលើកឡើងថា អាស៊ានទទួលស្គាល់ថា សេដ្ឋកិច្ចពិភពលោក ក៏ដូចជាតំបន់អាស៊ាន កំពុងជួបប្រទះបញ្ហាប្រឈមជាច្រើន ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩, សង្គ្រាមនៅអ៊ុយក្រែន, ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការប៉ុនប៉ងញែកពិភពលោក ទៅជាប្លុកសេដ្ឋកិច្ចដាច់ដោយឡែក និងការប្រែប្រួលអាកាសធាតុ។
លោកសង្កត់ធ្ងន់ថា ក្នុងកាលៈទេសៈនេះ អាស៊ានត្រូវរួបរួមគ្នាជាងពេលណាៗទាំងអស់ ហើយត្រូវបន្តសហការគ្នា ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមនានា និងបន្តជំរុញ និងទាក់ទាញការវិនិយោគប្រកបដោយនិរន្តរភាព និងបរិយាប័ន្នមកក្នុងតំបន់អាស៊ាន។
កិច្ចប្រជុំក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ានលើកទី២៥ ធ្វើឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ដំណាលគ្នា នឹងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ ដែលបាននិងកំពុងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាប។
លោក សុខ ចិន្តាសោភា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនដល់រដ្ឋមន្ត្រីនៃបណ្តាប្រទេសសមាជិកអាស៊ាន និងគណៈប្រតិភូទាំងអស់ ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំដោយផ្ទាល់ និងបានលើកទឹកចិត្តឱ្យគណៈប្រតិភូឆ្លៀតឱកាសអញ្ជើញ ទៅទស្សនាប្រាង្គប្រាសាទដ៏ល្អឯក និងសម្បូរបែបក្នុងទឹកដីនៃខេត្តសៀមរាប។
អង្គប្រជុំរដ្ឋមន្ត្រីក្រុមប្រឹក្សាវិនិយោគអាស៊ាន ក៏បានកត់សម្គាល់ពីវឌ្ឍនភាពនៃការពិភាក្សា ស្តីពី ការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ នៅក្នុងតំបន់អាស៊ាន ដើម្បីធ្វើឱ្យតំបន់នេះបន្តក្លាយជាគោលដៅវិនិយោគ និងជាមូលដ្ឋានផលិតកម្មក្នុងតំបន់។
អង្គប្រជុំបានពិនិត្យផងដែរ នូវរបាយការណ៍ ស្តីពីការអង្កេតការវិនិយោគអាស៊ានឆ្នាំ ២០២២ ដែលត្រូវបានចងក្រងដោយ សន្និសីទអង្គការសហប្រជាជាតិ សម្រាប់ពាណិជ្ជកម្ម និងការអភិវឌ្ឍ ហៅកាត់ថា UNCTAD។
របាយការណ៍នេះបានបង្ហាញឱ្យឃើញពីការកើនឡើងវិញ គួរឱ្យកត់សម្គាល់នូវរំហូរទុនវិនិយោគ មកក្នុងតំបន់អាស៊ាននៅឆ្នាំ២០២១ ដល់ប្រមាណ ១៧៤ ប៊ីលានដុល្លារអាមេរិក ដែលស្មើនឹងរំហូរទុនវិនិយោគនៅឆ្នាំ២០១៩ មុនពេលតំបន់ទាំងមូលទទួលរងនូវឥទ្ធិពលនៃជំងឺកូវីដ-១៩។ ក្នុងចំណោមទុនវិនិយោគទាំងនេះ ការបោះទុនវិនិយោគក្នុងវិស័យកម្មន្តសាល ដែលជាកត្តាលីករក្នុងការស្តារសេដ្ឋកិច្ចអាស៊ាន នៅក្រោយវិបត្តិជំងឺកូវីដ-១៩ មានភាពលេចធ្លោជាងគេ។
ជាមួយនឹងការកត់ត្រានូវកំណើនរំហូរទុនវិនិយោគ របាយការណ៍បានបង្ហាញឱ្យឃើញអំពីការកើនឡើង យ៉ាងគំហុកនៃការវិនិយោគថ្មី។ ទន្ទឹមនឹងរបកគំហើញយ៉ាងវិជ្ជមាននេះ របាយការណ៍ក៏បានរំលេចផងដែរថា កិច្ចសម្រួលវិនិយោគ គឺជារបៀបវារៈអាទិភាពរបស់បណ្តាប្រទេស នៅជុំវិញពិភពលោក ដើម្បីទាក់ទាញវិនិយោគបន្ថែមទៀត និងដើម្បីស្តារសេដ្ឋកិច្ចជាតិនៅក្រោយវិបត្តិជំងឺកូវីដ-១៩។
ពាក់ព័ន្ធនឹងកិច្ចសម្រួលវិនិយោគ ឆ្លងតាមការសម្ភាសន៍ជាមួយវិនិយោគិន របាយការណ៍បានគូសបញ្ជាក់ថា ប្រទេសនីមួយៗ ត្រូវកែលម្អនូវចំណុចមួយចំនួនរួមមាន៖ (១) ភាពប្រទាក់ក្រឡានៃអន្តរក្រសួង-ស្ថាប័ន, (២) ការធ្វើសាមញ្ញកម្មនីតិវិធី, (៣) ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការទទួលសំណើតាមប្រព័ន្ធអនឡាញ និង(៤) នីតិវិធីទទួល និងដោះស្រាយបណ្តឹង។
ជារួម រដ្ឋមន្ត្រីវិនិយោគនៃបណ្តាប្រទេសអាស៊ានបានសារទរ ចំពោះរបាយការណ៍នេះ ខណៈរដ្ឋមន្ត្រីវិនិយោគមួយចំនួន បានសង្កត់បន្ថែមថា ការតភ្ជាប់នៅក្នុងតំបន់ ជាពិសេសការតភ្ជាប់នៅតាមព្រំដែននៃបណ្តាប្រទេសជិតខាង នឹងផ្តល់សារៈប្រយោជន៍ ទៅដល់កិច្ចសម្រួលពាណិជ្ជកម្ម និងការវិនិយោគ។
ម្យ៉ាងវិញទៀត ការធ្វើសាមញ្ញកម្មនីតិវិធីក្នុងការសម្រេចកិច្ចការពាក់ព័ន្ធនឹងការវិនិយោគ និងការជំរុញនូវឌីជីថលភាវូបនីយកម្ម នឹងជួយពន្លឿនដល់ការសម្រេចឱ្យបាននូវក្របខ័ណ្ឌ នៃការវិនិយោគរួមមួយដែលហៅថា ក្របខណ្ឌឌីជីថលតែមួយ។
ការលើកឡើងខាងលើនេះ ឆ្លើយតបទៅនឹងការវិវឌ្ឍចុងក្រោយនៃបរិយាកាសវិនិយោគ ក្នុងតំបន់អាស៊ាន ដោយអាស៊ានបានផ្តួចផ្តើមគំនិត និងបានខិតខំប្រឹងប្រែង លើកកម្ពស់កិច្ចសម្រួលវិនិយោគ តាមរយៈកិច្ចខិតខំអនុវត្តក្របខណ្ឌសម្រួលវិនិយោគអាស៊ាន ដែលត្រូវបានអនុម័តកាលពីឆ្នាំ២០២១៕