(ភ្នំពេញ)៖ សំបុត្រយន្តហោះទៅមករវាងកម្ពុជា និងចិន បានធ្លាក់ចុះមកជាង៣ពាន់ដុល្លារវិញ គិតមកដល់បច្ចុប្បន្ននេះ ស្របពេលដែលជើងហោះហើរនៃប្រទេសទាំងពីរ បានកើនឡើងដល់១៥ជើង ក្នុងមួយសប្តាហ៍។
លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះថា គិតមកត្រឹមខែសីហា សំបុត្រយន្តហោះទៅនិងមករវាងកម្ពុជា-ចិន បានធ្លាក់ចុះប្រមាណពី២០% ទៅ៣០% បើធៀបនឹងទៅនឹងកាលពីត្រីមាសទី១ ឆ្នាំ២០២២នេះ។ ការធ្លាក់ចុះនេះដោយការបន្ធូបន្ថយនៃវិធានការរិតបន្តឹងរបស់ចិន និងការឡើងនៃជើងហោះហើររវាងប្រទេសទាំង២។
លោកបន្តថា «កាលពីអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩ខ្លាំង តម្លៃសំបុត្រយន្តហោះទៅមកកម្ពុជា-ចិន បានហក់ឡើងរហូតដល់១ម៉ឺនដុល្លារ ហើយក្រោយមកធ្លាក់ដល់ ៦ពាន់ដុល្លារ ហើយឥឡូវធ្លាក់នៅតែ៣ពាន់ដុល្លារជាងទេ។ បានន័យថា ប្រទេសគាត់បើកជាបណ្តើរៗ ហើយចំនួនជើងហោះហើរកាន់តែកើនឡើងៗ រវាងប្រទេសយើង និងចិន និងប្រទេសចិនជាមួយប្រទេសផ្សេងទៀត»។
លោកបន្ថែមថា ចំណែកតម្លៃសំបុត្រយន្តហោះតំបន់អាស៊ីវិញបានធ្លាក់ចុះ ពី២៥% ទៅ៣០% និងតម្លៃសំបុត្រទៅមករវាងកម្ពុជា និងអឺរ៉ុប បានធ្លាក់ចុះក្នុងរង្វង់ពី ១០% ទៅ២០% បើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២២នេះ អាស្រ័យទៅតាមប្រទេសដែលបើកចំហរ និងប្រទេសដែលបន្តវិធានរឹតបន្តឹង។
លោកបន្តថា បើធៀបមុនពេលរីករាលដាលនៃជំងឺកូវីដ១៩ គឺតម្លៃនេះនៅតែថ្លៃ ប៉ុន្តែបើធៀបនឹងកាលពីដើមឆ្នាំតម្លៃនេះ ធូរស្រាលជាងមុន។
បើតាមអ្នកនាំពាក្យរូបនេះ រយៈពេល៨ខែ ដើមឆ្នាំ២០២២នេះ ចំនួនភ្ញៀវចិនដែលបានមកកម្ពុជា តាមផ្លូវអាកាសមានចំនួន ៤១ ៤២១នាក់ កើនឡើង២៧.៥% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ តែបើធៀបរយៈពេល១ខែរវាងខែកក្កដា និងខែសីហា កើនឡើង ២២.៣៧%។ ចំណែកជើងហោះហើរសព្វថ្ងៃនេះ ពីកម្ពុជាទៅចិន ចំនួន១៥ជើង និងពីចិនមកកម្ពុជាចំនួន១៥ជើងក្នុងមួយសប្តាហ៍។
ក្នុងរយៈពេល៨ខែនេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាស ពីបណ្តាប្រទេសផ្សេងៗទៀតដូចជា ថៃមានចំនួនជិត២៤ម៉ឺននាក់ កើនឡើង៣២២.៥%, វៀតណាមចំនួនជិត២០ម៉ឺននាក់ កើនឡើង២៤២៤.៤% ,សហរដ្ឋអាមេរិកចំនួនជាង៣ម៉ឺន៤ពាន់នាក់ កើនឡើង១៥៩៤%, ឥណ្ឌូនេស៊ី ចំនួន២ម៉ឺន៧ពាន់នាក់ កើនឡើង ៦៦១.៤%, កូរ៉េ ចំនួន២ម៉ឺន៣ពាន់នាក់ កើនឡើង ៩៦០.៦% ម៉ាឡេស៊ី ចំនួនជាង២ម៉ឺន២ពាន់នាក់ កើនឡើង២១៥៤.៣%, បារាំងចំនួន ជាង២ម៉ឺន២ពាន់នាក់ កើនឡើង២៤៧០.៨% អង់គ្លេស ១ម៉ឺន៥ពាន់នាក់កើនឡើង៤២២២.៩% និងអូស្រ្តាលី ចំនួនជាង១ម៉ឺន៣ពាន់នាក់ កើនឡើង៤៥៨៩.៦%។
លោក ហូរ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា បានឲ្យដឹងថា បើទោះបីជាការរាតត្បាតជំងឺកូវីដ១៩ បានធូរស្រាលជាងមុនក៏ដោយ ប៉ុន្តែមកទល់បច្ចុប្បន្ននេះ ហាក់មិនទាន់មានសញ្ញាវិជ្ជមាន ដែលជំរុញឱ្យអ្នកវិនិយោគចិន និងភ្ញៀវទេសចរចិន ចេញដើរច្រើននៅឡើយទេ ដែលធ្វើឱ្យការហោះហើរមានចំនួនតិចតួចនៅឡើយ។ តែយ៉ាងណា លោកសង្ឃឹមថា នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ភ្ញៀវទេសចិន និងកើនឡើងវិញ។
លោកលើកឡើងទៀតថា «សំបុត្រយន្តហោះនៅតែមានការថ្លៃដដែល អត់ទាន់មានការថមថយដូចមុនកូវីដ១៩ទេ ដែលធ្វើដំណើរពីកម្ពុជាទៅតែ ៥០០ដុល្លារ ៦០០ដុល្លារ ឬ៧០០ដុល្លារ តែពេលនេះមិនទាន់ធ្លាក់ចុះដល់ហ្នឹងទេ»។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រាប់បណ្តាញព័ត៌មាន Fresh News កាលពីពេលថ្មីៗនេះថា រយៈពេល៨ខែឆ្នាំ២០២២ ទេសចរអន្តរជាតិចូលមកកម្ពុជាមានចំនួនជិត១លាននាក់ កើនឡើង ៧២០% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ និងថយចុះ៧៧% ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ ក្នុងនោះផ្លូវអាកាស ៣៩៦,៥៩១នាក់ កើនឡើង ៥៩៥% និងផ្លូវគោក-ទឹក ៦០១,៦៨១នាក់ កើនឡើង ៨៣១% ខណៈក្រសួងព្យាករណ៍ថា រហូតដល់ដំណាច់ឆ្នាំ២០២២នេះ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិចាប់ពី១.៥លាននាក់ទៅ២លាននាក់ ៕