(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់រដ្ឋបាលជលផលបានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន ហ៊ុនទី ដែលជាក្រុមហ៊ុនកែច្នៃត្រីប្រា ទទួលបានការអនុញ្ញាតឲ្យនាំចេញទៅចិន បាននិងកំពុងបញ្ជាទិញត្រីប្រាកែច្នៃ យ៉ាងប្រុងប្រយ័ត្ន ដើម្បីធ្វើការនាំចេញនាពេលខាងមុខ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក ហាវ វិសិដ្ឋ អនុប្រធានរដ្ឋបាលជល បានឲ្យដឹងទៀតថា ក្រុមហ៊ុនកែច្នៃ កំពុងធ្វើការបញ្ជាទិញត្រីប្រា ពីកសិដ្ឋានចិញ្ចឹមត្រីជាបណ្តើរៗ ដែលរំពឹងថាការនាំចេញទៅចិនជាលើកដំបូង ក្នុងបរិមាណ៤០តោន។
លោក ហាវ ពិសិដ្ឋ បានបញ្ជាក់យ៉ាងដូច្នេះថា «បច្ចុប្បន្ននេះ ក្រុមហ៊ុនកែច្នៃត្រី បាននិងកំពុងបញ្ជាទិញត្រីប្រា នៅខណ្ឌព្រែកព្នៅ ដោយបានចំនួន៦តោន ដោយក្នុងមួយថ្ងៃបញ្ជាទិញត្រីប្រា១តោន ដូច្នេះពេលបញ្ជារទិញ និងកែច្នៃបានគ្រប់ចំនួន នឹងធ្វើការនាំចេញ ទៅកាន់ប្រទេសចិននាពេលឆាប់ៗនេះ ក្នុងបរិមាណប្រមាណ៤០តោន»។
មន្ត្រីរូបនេះបានអះអាងថា ផែនការនៃការនាំចេញត្រីប្រា ទៅកាន់ប្រទេសចិន នៅតែបន្ដដំណើរការដដែល ប៉ុន្ដែអាចនឹងយឺតយ៉ាវ ដោយសារតែការច្នៃនាំចេញ ជាលើកដំបូងនេះ គឺត្រូវធ្វើយ៉ាងល្អិតល្អន់ ដើម្បីធានាបានគុណភាពដ៏ល្អប្រសើរ។
លោកថា បច្ចុប្បន្នក្រុមហ៊ុនកែច្នៃ មានឧបករណ៍គ្រប់គ្រាន់ការកែច្នៃ និងរក្សាទុកត្រីប្រា បូកផ្សំជាមួយនឹងអ្នកជំនាញការកែច្នៃមានចំណេះជំនាញ ដើម្បីធ្វើយ៉ាងណាកែច្នៃត្រីប្រានាំចេញនេះឲ្យបានឆាប់រហ័ស មានគុណភាពល្អ តាមស្ដង់ដាររបស់ប្រទេសចិន។
លោកបន្តថា ដំណើរការទិញត្រី ការកែច្នៃត្រីប្រា នៅបន្ដមានជាធម្មតា ប៉ុន្ដែចំពោះថ្ងៃនាំចេញជាក់លាក់ មិនអាចកំណត់បាននោះទេ ប៉ុន្ដែនឹងនាំចេញនាពេលការកែច្នៃ បានគ្រប់ចំនួន៤០តោន នាពេលឆាប់ៗ។
លោក សុខ រ៉ាដែន ប្រធានក្រុមប្រឹក្សាភិបាលសមាគមវារីវប្បករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនកែច្នៃត្រីប្រា ហ៊ុនទី ពិតជាបានបញ្ជាទិញត្រីប្រាពីកសិដ្ឋានចិញ្ចឹមត្រីប្រា ជាសមាជិករបស់សមាគមចំនួន៦តោតពិតមែន បន្ទាប់ពីទិញបានចំនួន២តោន ហើយផ្អាកវិញមួយរយៈដោយសារបញ្ហាបច្ចេកទេសកែច្នៃ។
លោកទទួលបានដំណឹងពីសមាជិករបស់ខ្លួនថា បន្ទាប់ពីទិញបាន៦តោនលើកក្រោយនេះ ក្រុមហ៊ុនចាប់ផ្តើមផ្អាកការបញ្ជាទិញម្តងទៀត ទំនងជាការកែច្នៃជួបបញ្ហាបច្ចេកទេសជាថ្មី។
យ៉ាងណាដើម្បីឲ្យដំណើរការផលិត និងនាំចេញត្រីនៅកាន់ទីផ្សារអន្តរជាតិ ក៏ដូចជាប្រទេសចិនបានរលូននោះ លោក សុខ រ៉ាដែន សំណូមពរឲ្យមានការវិនិយោគ លើរោងចក្រផលិតចំណីត្រីក្នុងស្រុក ដើម្បីកាត់បន្ថយចំណាយថ្លៃដើម និងអំពាវនាវឲ្យមានការវិនិយោគ លើរោងចក្រកែច្នៃឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន។
លោកបញ្ជាក់ថា «បច្ចុប្បន្នយើងឃើញហើយ បញ្ហាសម្រាប់អ្នកចិញ្ចឹមត្រីក្នុងស្រុក គឺថ្លៃដើមនៃការផលិតខ្ពស់ ដោយសារចំណីត្រីត្រូវនាំចូលពីក្រៅ ដូច្នេះបើយើងអាចផលិតចំណីក្នុងស្រុក យើងអាចនឹងកាត់បន្ថយថ្លៃដើមបានច្រើន។ មួយវិញទៀត ចំពោះរោងចក្រកែច្នៃពេលនេះ យើងមានតែមួយ ដូច្នេះការនាំចេញមានការលំបាក ។ សូមអំពាវនាវដល់រាជរដ្ឋាភិបាល វិនិយោគិនទាំងក្នុង និងក្រៅ មកវិនិយោគបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធកែច្នៃត្រីរបស់យើងឲ្យបានច្រើន»។
សូមជម្រាបថា សហគ្រាសកែច្នៃត្រីមួយកន្លែង និងកសិដ្ឋានចិញ្ចឹមត្រី៣កន្លែង ត្រូវបានអគ្គនាយកដ្ឋានគយចិន ចុះបញ្ជី ទទួលស្គាល់អាចនាំចេញត្រីទៅប្រទេសចិនបាន៕