(ប៉េកាំង)៖ ការនាំចេញរបស់ចិនទៅកាន់ និងមកពីប្រទេសរុស្ស៊ីបានកើនឡើងក្នុងខែសីហាបើធៀបនឹងខែកក្កដា ខណៈដែលពាណិជ្ជកម្មជាមួយនឹងប្រទេសផ្សេងទៀតមានកំណើនយឺតក្នុងគ្រាដែលតម្រូវការរបស់ពិភពលោកចុះខ្សោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
យោងតាមការគណនារបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ដោយផ្អែកលើទិន្នន័យគយចិនកាលពីថ្ងៃពុធបានបង្ហាញថា ការនាំចេញរបស់ចិនទៅកាន់ប្រទេសរុស្ស៊ីដែលរងការវាយប្រហារដោយសារទណ្ឌកម្មរបស់ប្រទេសលោកខាងលិចជុំវិញការលុកលុយរបស់ខ្លួននៅប្រទេសអ៊ុយក្រែន បានកើនឡើង ២៦,៥ភាគរយគិតជាប្រាក់ដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយកើនឡើងពីកំណើន ២២,២ភាគរយនៅក្នុងខែកក្កដាឆ្នាំនេះ។
ការនាំចូលពីប្រទេសរុស្ស៊ីបានកើនឡើង ៥៩,៣ភាគរយធៀបនឹងការកំណើន ៤៩,៣ ភាគរយនៅក្នុងខែកក្កដា។
ប្រទេសរុស្ស៊ីគឺជាប្រភពប្រេង ឧស្ម័ន ធ្យូងថ្ម និងផលិតផលកសិកម្មដ៏សំខាន់សម្រាប់ប្រទេសចិន។
យោងតាមទិន្នន័យពីគយចិនបានបង្ហាញនៅថ្ងៃទី២០ ខែសីហាថា រុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ប្រេងធំបំផុតមួយរបស់ចិនក្នុងរយៈពេលបីខែជាប់គ្នាគិតត្រឹមខែកក្កដា។ ទីភ្នាក់ងារគយនេះមិនទាន់បានចេញផ្សាយចំណាត់ថ្នាក់ប្រទេសផ្គត់ផ្គង់ថាមពលសម្រាប់ខែសីហានៅឡើយទេ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចមួយនៅទីក្រុង Vladivostok កាលពីថ្ងៃពុធថា តម្រូវការរបស់ប្រទេសចិននូវថាមពលរបស់រុស្ស៊ីកំពុងកើនឡើង។
ក្រុមហ៊ុន Gazprom របស់រុស្ស៊ីបានឱ្យដឹងនៅថ្ងៃអង្គារថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីចាប់ផ្តើមផ្លាស់ប្តូរការទូទាត់សម្រាប់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប្រទេសចិនទៅជាប្រាក់យ័ន និងប្រាក់រូបវិញ ជំនួសឱ្យប្រាក់ដុល្លារ។
សមាជិកសភាចិនលោក Li Zhanshu ដែលជាបុរសទី៣ ក្នុងបក្សកុម្មុយនិស្តនឹងចូលរួមវេទិកាសេដ្ឋកិច្ចនៅក្នុងទីក្រុង Vladivostok ដែលលោកគឺជាមន្ត្រីជាន់ខ្ពស់បំផុតរបស់ចិនដែលទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីចាប់តាំងពីសង្រ្គាមអ៊ុយក្រែនបានចាប់ផ្តើម និងគូសបញ្ជាក់ពីទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ។
ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំនេះ ពាណិជ្ជកម្មទ្វេភាគីរវាងចិន និងរុស្ស៊ីបានកើនឡើង ៣១,៤ភាគរយដល់ ១១៧,២ពាន់លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕