(ភ្នំពេញ)៖ រយៈពេល៨ខែ ឆ្នាំ២០២២ កម្ពុជានាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានចំនួន ៣៨៩ ០០០តោន កើនឡើង ១៣.២៦% បើប្រៀបធៀបទៅរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ ដោយទទួលបានទឹកប្រាក់ចំនួន ២៤២.៨០ លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ។

ចិននៅតែជាប្រទេសនាំមុខគេ ដែលបាននាំចូលអង្ករពីកម្ពុជាច្រើនជាងគេ។ ជាក់ស្តែងក្នុងរយៈពេល៨ខែនេះ ការនាំអង្ករចេញទៅកាន់ប្រទេសចិន និងតំបន់ស្វយ័តហុងកុង ម៉ាកាវ បានចំនួន ១៧៨ ១៤២ តោន ស្មើនឹង ៤៦% នៃការនាំចេញសរុប ដែលគិតជាទឹកប្រាក់មានចំនួនជាង ៩៤.៥៧ លានដុល្លារសហរដ្ឋអាមេរិក។
ចំណែកការនាំចេញទៅកាន់ប្រទេសនៅក្នុងទ្វីបអឺរុបចំនួន ២៦ប្រទេស មានចំនួន ១៤១ ៤៨៣ តោនគិតជាទឹកប្រាក់សរុបចំនួន ៩៨.៧៤ លានដុល្លារសហរដ្ឋអាមេរិក និងបណ្តាប្រទេសក្នុងតំបន់អាស៊ានចំនួន ៤ ប្រទេស នាំចេញបានបរិមាណ ៣៤ ៦៣៣ តោន គិតជាទឹកប្រាក់មានចំនួន ២៣.៥៧ លានដុល្លារសហរដ្ឋអាមេរិក។

ជាមួយគ្នានេះដែរ ការនាំចេញអង្ករទៅ បណ្តាប្រទេសនៅក្នុងទ្វីបអាហ្វ្រិចចំនួន ៩ ប្រទេស មានចំនួន ១៣ ៤៩២ តោន ឬស្មើនឹង ៩% គិតជាទឹកប្រាក់ចំនួនជាង ១២.១២ លានដុល្លារសហរដ្ឋអាមេរិក, បណ្តាប្រទេសនៅក្នុងតំបន់មជ្ឈឹមបូព៌ាចំនួន ៤ ប្រទេស បានចំនួន ៦ ២០៨ តោន គិតជាទឹកប្រាក់មានចំនួន ៥.៤៥ លានដុល្លារសហរដ្ឋអាមេរិក និងបណ្តាគោលដៅចំនួន ៣៤ ផ្សេងទៀតបាននាំចេញចំនួន ១៥ ០៧២ តោន ឬស្មើនឹង ៤% ដែលគិតជាទឹកប្រាក់សរុបមានចំនួនជាង ៨.២៧ លានដុល្លារសហរដ្ឋអាមេរិក។

សហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា នៅក្នុងចំណោមប្រទេសទាំង ៥៤ ដែលកម្ពុជាបាននាំអង្ករចេញទៅ ប្រទេសចិនគឺឈរលំដាប់លេខ១ ស្មើនឹង៤៤% ប្រទេសបារាំងលេខ២ ស្មើនឹង១៥% ប្រទេសម៉ាឡេស៊ី ស្មើនឹង ៦% ប្រទេសហូឡង់ ស្មើនឹង ៤% និងប្រទេសអ៊ីតាលី ហ្កាប៊ុង ព្រុយណេ ស្មើនឹង ៣% ក្រៅពីនោះគឺ ៤៨ប្រទេសផ្សេងទៀត ។

ប្រភេទអង្ករដែលបាននាំចេញ រួមមានអង្ករក្រអូបគ្រប់ប្រភេទបានចំនួន ៦៥.៨% អង្ករសចំនួន ២៩.៩១% អង្ករសរីរាង្គចំនួនជិត ២% អង្ករចំហ៊ុយ ចំនួនជាង២% និងអង្ករដំណើបចំនួន ០.០១%។

ក្នុងរយៈពេល៨ខែ នេះកម្ពុជាបាននាំស្រូវទៅប្រទេសវៀតណាម បានចំនួន ២,២៦៩,២១០តោន៕