(ភ្នំពេញ)៖ ក្រុមហ៊ុន Toyota បានសម្រេចចិត្តវិនិយោគបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតានៅកម្ពុជា ក្នុងទុនវិនិយោគចំនួន ៣៦.៧លានដុល្លារអាមេរិក ដើម្បីបំពេញតម្រូវការរថយន្តនៅកម្ពុជា។

គម្រោងវិនិយោគលើការបង្កើតរោងចក្រដំឡើងរថយន្តតូយ៉ូតា ត្រូវបានប្រកាសដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ។ រោងចក្រដំឡើងរថយន្តតូយ៉ូតានេះ មានទីតាំង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដែលអាចបង្កើតការងារបានចំនួនប្រមាណ១៥០នាក់។

ឧកញ៉ា គង់ នួន អគ្គនាយកក្រុមហ៊ុន គង់ នួន គ្រុប ដែលទទួលបានសិទ្ធិនាំចូលរថយន្ត Toyota បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៨ ខែកញ្ញានេះថា ការសម្រេចចិត្តក្នុងការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជានេះ ដោយសារតម្រូវការរថយន្តថ្មីៗនៅកម្ពុជាកំពុងកើនឡើង ដែលវត្តមានរោងចក្រនេះនឹងអាចបំពេញតម្រូវការនេះបាន និងបង្កើតការងារបន្ថែមដល់ពលរដ្ឋកម្ពុជា។ តែយ៉ាងណា ទាក់ទងនឹង ពេលវេលានៃការដាក់ដំណើររោងចក្រដំឡើងរថយន្តថ្មីនេះ លោកមិនទាន់អាចបង្ហាញបានឡើយ។

ទាក់ទិននឹងការវិនិយោគរោងចក្រដំឡើងរថយន្តនេះ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ការវិនិយោគលើការបង្កើតរោងចក្រដំឡើងរថយន្ត ដែលជាប្រភេទឧស្សាហកម្មធុនមធ្យម និងធុនធ្ងន់នេះ នឹងផ្តល់ប្រយោជន៍យ៉ាងសំខាន់ ដល់ការប្រើប្រាស់រថយន្ត និងការដឹកជញ្ជូននៅក្នុងប្រទេស ទាំងការបម្រើដល់វិស័យដឹកជញ្ជូនទំនិញ និងបម្រើដល់វិស័យទេសចរណ៍ ខណៈរថយន្តប្រភេទនេះ កំពុងមាននាំចូលមកកម្ពុជាច្រើន ។ ជាមួយគ្នានេះ វត្តមាននៃរោងចក្រដំឡើងរថយន្តនេះ នឹងអាចជួយកាត់បន្ថយការនាំចូលរថយន្ត បានមួយចំនួនផងដែរ។

លោកបន្តថា ការបង្កើតរោងចក្រដំឡើងរថយន្តនេះ អាចនឹងធ្វើឱ្យចំណូលពន្ធគយថយចុះនាពេលខាងមុខ ប៉ុន្តែតាមរយៈការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា នឹងជួយបង្កើនប្រាក់ចំណូលផ្ទៃក្នុង តាមរយៈពន្ធលើប្រាក់ចំណេញ ពន្ធលើប្រាក់បៀវត្ស និងផ្តល់ការងារដល់ប្រជាជនខ្មែរធ្វើ។

លោកបន្ថែមថា ការវិនិយោគរោងចក្រដំឡើងរថយន្តជាបន្តបន្ទាប់នេះ គឺបានឆ្លុះបញ្ចាំងពីការគ្រប់គ្រងការរាតត្បាតជំងឺកូវីដរបស់រាជរដ្ឋាភិបាលបានល្អ ព្រមទាំងស្ថេរភាព នយោបាយ និងសេដ្ឋកិច្ច ព្រោះក្រុមហ៊ុននីមួយៗ មុននឹងវិនិយោគនៅប្រទេសណាមួយបានសិក្សាយ៉ាងលម្អិតអំពីនយោបាយ និងសន្តិសុខ ទើបសម្រេចចិត្តវិនិយោគ។ ការវិនិយោគរបស់ក្រុមហ៊ុនតូយ៉ូតានេះ និងក្រុមហ៊ុនផ្សេងទៀត គឺជាការលើកទឹកចិត្តបន្ថែមទៀតសម្រាប់វិនិយោគបរទេស និងទាក់ទាញក្រុមហ៊ុនដទៃទៀត ដែល សំឡឹងឃើញថា កម្ពុជាជាប្រទេសមានសក្តានុពលក្នុងការវិនិយោគ។

សូមជម្រាបថា មកទល់ពេលនេះ កម្ពុជាមានក្រុមហ៊ុនដំឡើងរថយន្តមួយចំនួន៧ កំពុងធ្វើប្រតិបត្តិការ រួមមាន៖ ១៖ ក្រុមហ៊ុន DAEHAN Auto (Cambodia) Co., Ltd ដំឡើងរថយន្តម៉ាក Ssangyong, Daehan, Sino ជាដើម, ២៖ ក្រុមហ៊ុន Xuzhou XCMG Auto Manufacturing Co., Ltd ដំឡើងរថយន្តម៉ាក SINOTRUK និងម៉ាកផ្សេងៗ, ៣៖ ក្រុមហ៊ុន Camko Motor Company Ltd ដំឡើងរថយន្តម៉ាក Hyundai, ៤៖ ក្រុមហ៊ុន HGB Motors Assembly Co., Ltd ដំឡើងរថយន្តម៉ាក KIA , ៥៖ ក្រុមហ៊ុន RMA Automotive (Cambodia) Co., Ltd, ៦៖ ក្រុមហ៊ុន E M Automobile Co., Ltd , ៧៖ ក្រុមហ៊ុន K (CAMBODIA) CO., LTD. (ISUZU)៕