(ភ្នំពេញ)៖ អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន និងអ្នកនាំចេញទៅទីផ្សារអន្តរជាតិបានឱ្យដឹងថា តម្លៃដឹកជញ្ជូនពីកម្ពុជាទៅអឺរ៉ុប និងអាមេរិក បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ប្រមាណពី១៥% ទៅ៥០% ពោលគឺកន្លងមកការដឹកជញ្ជូនទៅអឺរ៉ុប និងអាមេរិក ធ្លាប់តែហក់ឡើងរហូតដល់ ២ម៉ឺនដុល្លារក្នុងមួយទូកុងតឺន័រ បានធ្លាក់ចុះមកក្រោម១ម៉ឺនដុល្លារវិញហើយ នាពេលបច្ចុប្បន្ននេះ ដែលជួយសម្រួលដល់ការដឹកជញ្ជូន និងកាត់បន្ថយថ្លៃដើមទំនិញ។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៨ ខែកញ្ញានេះថា ចាប់ពីពាក់កណ្តាលឆ្នាំ២០២២មក តម្លៃដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាសបានធ្លាក់ចុះជាបន្តបន្ទាប់ ដែលគិតមកដល់ពេលនេះធ្លាក់ចុះប្រមាណ ៥០% បើធៀបនឹងកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១។
លោកបានឱ្យដឹងថា ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវី១៩ខ្លាំង កាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ ការដឹកជញ្ជូនតាមផ្លូវទឹកពីកម្ពុជា ទៅសហរដ្ឋអាមេរិក និងអឺរ៉ុប បានកើនឡើងចន្លោះពី១ ៧០០០ដុល្លារ ទៅ២០ ០០០ដុល្លារក្នុងមួយទូកុងតឺន័រ ដោយសារការកក់ស្ទះកុងតឺន័រ នៅប្រទេសទាំងនោះ។ ប៉ុន្តែបច្ចុប្បន្ននេះ បានធ្លាក់ចុះមកត្រឹមចន្លោះពី៧០០០ដុល្លារទៅ៨០០០ដុល្លារក្នុងមួយទូកុងតឺន័រប៉ុណ្ណោះ អាស្រ័យទៅកប៉ាល់ និងក្រុមហ៊ុនដឹកទំនិញ។
លោកបន្តថា ការធ្លាក់ចុះនៃតម្លៃដឹកជញ្ជូនតាមផ្លូវទឹកនាពេលនេះ ដោយសារការកកស្ទះទូកុងតឺន័រ នៅតាមប្រទេសផ្សេងៗ ត្រូវបានដោះស្រាយ និងការធ្លាក់ចុះនៃតម្លៃប្រេងសាំង នៅលើទីផ្សារអន្តរជាតិ។
ចំណែកការដឹកជញ្ជូនតាមផ្លូវអាកាស និងផ្លូវគោកវិញក៏ល្អប្រសើរផងដែរ។ បើតាមអ្នកជំនាញក្នុងវិស័យដឹកជញ្ជូនរូបនេះ ក្រោយពីមានការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ការដឹកជញ្ជូនឥវ៉ាន់តាមផ្លូវអាកាសទៅអឺរ៉ុប ដែលបានកើនឡើងពី៦ដុល្លារដល់៨ដុល្លារក្នុងមួយគីឡូក្រាម បានធ្លាក់ចុះមកត្រឹមជាង ៣ដុល្លារក្នុងមួយគីឡូក្រាម ខណៈការដឹកជញ្ជូនទៅអាមេរិកវិញ បានថយពី៩ដុល្លារ មកត្រឹម៥ដុល្លារ ក្នុងមួយគីឡួក្រាម។
លោកបានប្រាប់បន្តថា «យើងដឹងហើយពីពីរខែមុន តម្លៃប្រេង គឺកើនឡើងខ្ពស់ តែបច្ចុប្បន្នបន្ទាប់ពីតម្លៃប្រេងសាំង ម៉ាស៊ូតធ្លាក់ចុះ ការដឹកជញ្ជូនផ្លូវគោកនៅកម្ពុជាយើងក៏មានការធ្លាក់ចុះដូចគ្នា។ ហេតុនេះបងប្អូនគាត់រកទទួលទានខាងវិស័យដឹកជញ្ជូន គឺគាត់អាចទទួលយកបាន និងអាចផ្គត់ផ្គង់ជីវភាពគាត់បាន»។
លោក ចាន់ ពេជ្រ អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ស៊ីកនេតឈ័រ អហ្វ អេស៊ា ដែលជាក្រុមនាំចេញកសិផល ទៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប ដូចជាបារាំង អេស្ប៉ាញ និងអ៊ីតាលី និងប្រទេសផ្សេងទៀត បានឱ្យដឹងថា សព្វថ្ងៃនេះតម្លៃដឹកជញ្ជូនទៅប្រទេសទាំងនោះ បានធ្លាក់ចុះប្រមាណ១៥% ឬប្រមាណ១ពាន់ដុល្លារក្នុងមួយទូកុងតឺន័រ ដែលមានតម្លៃជាង៥ពាន់ដុល្លារទៅ៦ពាន់ដុល្លារក្នុងមួយទូកុងតឺន័រ។
លោកបានកត់សម្គាល់ថា តម្លៃដឹកជញ្ជូនចាប់ផ្តើមធ្លាក់ចុះនេះ បន្ទាប់ពីទណ្ឌកម្មដែលប្រទេសនានា បានដាក់ទៅលើប្រទេសរុស្ស៊ី ត្រូវបានបន្ធូបន្ថយជាងមុន។
លោកថា ការធ្លាក់ចុះនៃថ្លៃដឹកជញ្ជូននេះ នឹងធ្វើឱ្យអ្នកប្រើប្រាស់ទទួលបានតម្លៃសមរម្យជាងមុន តាមរយៈថយចុះនៃថ្លៃដើមទំនិញ។
លោកបន្ថែមថា «មែនទែនទៅថ្លៃដឹកជញ្ជូននេះ គឺអ្នកដែលទិញហូបចុងក្រោយនៅក្នុងទីផ្សាជាអ្នករ៉ាប់រង ហេតុនេះហើយបានជាយើងឃើញថា តម្លៃដឹកជញ្ជូនកើនឡើង ធ្វើឱ្យអតិផរណាកើនឡើងខ្ពស់នៅសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប»។
ទោះបីជាតម្លៃដឹកជញ្ជូនថយចុះជាបន្តបន្ទាប់ក៏ដោយ តែអ្នកជំនាញក្នុងវិស័យដឹកជញ្ជូន មិនទាន់អាចវាយតម្លៃបានទេថា ការដឹកជញ្ជូននឹងវិលមករកភាពប្រក្រតី ជាធម្មតាវិញ បាននៅពេលណាវិញទេ ដោយសារតែបច្ចុប្បន្ននេះ ពិភពលោកនៅជួបវិបត្តិសេដ្ឋកិច្ច ដោយតែបញ្ហាសង្គ្រាម ខណៈជំងឺកូវីដ១៩ មិនទាន់ផុតរលត់នៅឡើយ៕