(ម៉ូស្គូ)៖ ក្រុមហ៊ុនឧស្ម័នរដ្ឋរុស្ស៊ី Gazprom PJSC បានឱ្យដឹងថា ក្រុមហ៊ុននឹងផ្លាស់ប្តូរកិច្ចសន្យារបស់ខ្លួនក្នុងការផ្គត់ផ្គង់ឧស្ម័នទៅឱ្យប្រទេសចិនទៅជាប្រាក់រូបរបស់រុស្ស៊ី និងប្រាក់យ័នរបស់ចិន ពីប្រាក់អឺរ៉ូ ខណៈដែលវិមានក្រឹមឡាំងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីផ្លាស់ប្តូរពាណិជ្ជកម្មចេញពីរូបិយប័ណ្ណដែលខ្លួនចាត់ទុកថាជារូបិយ័ណ្ណរបស់ប្រទេស «មិនមែនជាមិត្ត» ក្នុងគ្រាដែលរងទណ្ឌកម្មពីសហរដ្ឋអាមេរិក និងអឺរ៉ុប។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមហ៊ុន Gazprom បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនឧស្ម័នដ៏ធំដែលគ្រប់គ្រងដោយរដ្ឋរុស្ស៊ីមួយនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបន្ថែមមួយពីលើកិច្ចសន្យាដែលមានស្រាប់របស់ខ្លួនជាមួយក្រុមហ៊ុន China National Petroleum Corp របស់ប្រទេសចិនស្តីពីបញ្ហានេះកាលពីថ្ងៃអង្គារ។ ការទូទាត់នឹងត្រូវបានធ្វើឡើង ៥០% ជាប្រាក់រូប និង ៥០% ជាប្រាក់យ័ន ដែលមានប្រសិទ្ធភាពភ្លាមៗ នេះបើយោងតាមបុគ្គលម្នាក់ដែលបានដឹងពីបញ្ហានេះដែលបាននិយាយក្នុងលក្ខខណ្ឌអនាមិកដោយសារបញ្ហានេះមិនទាន់ផ្សាយជាសាធារណៈនៅឡើយ។
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានតម្រូវឱ្យអតិថិជនធំៗរបស់ក្រុមហ៊ុន Gazprom នៅអឺរ៉ុបបង់ប្រាក់ថ្លៃឧស្ម័នរបស់ពួកគេជាប្រាក់រូបកាលពីដើមឆ្នាំនេះ បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសសម្ព័ន្ធមិត្ត បានបង្កកប្រាក់បម្រុងរបស់ធនាគារកណ្តាលរបស់រុស្ស៊ីជាង ៣០០ពាន់លានដុល្លារ ដែលរក្សាទុកជាប្រាក់ដុល្លារ និងអឺរ៉ូ ដោយសារការឈ្លានពានលើប្រទេសអ៊ុយក្រែន។
អ្នកទិញជាច្រើនបានបដិសេធ ហើយក្រុមហ៊ុន Gazprom បានកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នដល់ពួកគេ ខណៈដែលអតិថិជនផ្សេងទៀត បានយល់ព្រមទៅនឹងលក្ខខណ្ឌថ្មីនេះរបស់ទីក្រុងម៉ូស្គូ។
កិច្ចសន្យារបស់ក្រុមហ៊ុន Gazprom ក្នុងការផ្គត់ផ្គង់ឧស្ម័នទៅឱ្យប្រទេសចិនតាមរយៈបំពង់បង្ហូរថាមពលនៃតំបន់ស៊ីបេរី ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០១៩ ត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃ ៤០០ពាន់លានដុល្លារក្នុងរយៈពេល ៣០ឆ្នាំ។ ការនាំចេញបានកើនឡើងជាលំដាប់ ហើយគ្រោងនឹងកើនឡើងដល់យ៉ាងហោចណាស់ ១៥ពាន់លានម៉ែត្រគូបក្នុងឆ្នាំ២០២២ ធៀបនឹង ១០,៤ ពាន់លានម៉ែត្រគូបដែលបានចែកចាយកាលពីឆ្នាំមុន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕