(ភ្នំពេញ)៖ របាយការណ៍របស់ការិយាល័យឥណទានកម្ពុជា (CBC) បានឲ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២២នេះ ឥណទានផ្ដល់លើការទិញផ្ទះ និងអចលនទ្រព្យកើនឡើងរហូតដល់ ៧ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ មានត្រឹម៦.៤ពាន់លានដុល្លារប៉ុណ្ណោះ។
របាយការណ៍បានបង្ហាញថា គ្រឹះស្ថានធនាគារភាគច្រើន បានផ្ដល់កម្ចីទៅលើការទិញផ្ទះ ក្នុងអត្រាការប្រាក់ ៧.៥ភាគរយក្នុងមួយឆ្នាំ ចំពោះទ្រព្យធានាជាអចលនទ្រព្យប្លង់រឹង និងអត្រាការប្រាក់ក្នុងរង្វង់ ១០ភាគរយក្នុងមួយឆ្នាំ ចំពោះអចលនទ្រព្យប្លង់ទន់ ការកើនឡើងនេះបានបង្ហាញពីស្ថានភាពល្អប្រសើរនៃកំណើនសេដ្ឋកិច្ច និងភាពរឹងមាំនៃវិស័យអចលនទ្រព្យ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងថា «ការកើនឡើងនៃឥណទានផ្ដល់លើការទិញផ្ទះ និងអចលនទ្រព្យជាសញ្ញាល្អបង្ហាញពីភាពរឹងមាំក្នុងវិស័យអចលនទ្រព្យ ព្រោះធនាគារនៅតែបន្ដនូវភាពទុកចិត្តលើវិស័យនេះ និងជាយន្ដការពង្រឹង គាំទ្រលើវិស័យអចលនទ្រព្យឲ្យទទួលបានភាពជោគជ័យនាពេលអនាគត»។
លោកបានញ្ជាក់ថា ចំនួននៃការផ្ដល់ឥណទាន លើវិស័យអចលនទ្រព្យកើនឡើង ប៉ុន្ដែចរន្ដនៃការទិញលក់មានដំណើរការយឺតបន្ដិច ប៉ុន្ដែមិនមានសញ្ញាថមថយ ឬធ្លាក់ចុះនោះឡើយ។
ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បានថ្លែងថា «ការកើនឡើងនៃការផ្ដល់កម្ចីទិញផ្ទះ និងអចលនទ្រព្យនេះ បានបង្ហាញឲ្យច្បាស់ថា វិស័យអចលនទ្រព្យនៅបន្ដភាពរឹងមាំ និងជាវិស័យស្នូលសេដ្ឋកិច្ចជាតិ ហើយបើធៀបនឹងវិស័យដទៃទៀត មានវិស័យខ្លះការផ្ដល់ឥណទានធ្លាក់ចុះ និងវិស័យខ្លះទៀតស្ថិតក្នុងស្ថានភាពធម្មតា មិនឡើងក៏មិនចុះ»។
លោកបណ្ឌិតបញ្ជាក់ថា កត្តាដ៏សំខាន់ដែលបង្ហាញថា វិស័យអចលនទ្រព្យឈរលើភាពរឹងមាំ គឺការមើលឃើញពីលំនឹងនៃវិស័យនេះ និងការជឿជាក់ពីសំណាក់វិស័យធនាគារ មានន័យថា ទាល់តែវិស័យលំនៅឋានមានលំនឹង ទើបធនាគារផ្ដល់ប្រាក់កម្ចី។ ទាំងនេះសបញ្ជាក់ថា កំណើននៃកម្ចីទិញផ្ទះ និងអចលនទ្រព្យកើនឡើង បង្ហាញច្បាស់ៗពីភាពរឹងមាំ និងការរីកចម្រើននៃវិស័យអចលនទ្រព្យទាំងបច្ចុប្បន្ន និងអនាគត៕