(ភ្នំពេញ)៖ មន្រ្តី និងអ្នកជំនាញក្នុងវិស័យទេសចរណ៍ បានសាទរចំពោះគម្រោងអភិវឌ្ឍន៍កោះចំនួន៤ នៅខេត្តកែប ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឡើងវិញ បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ១៩ ខណៈគម្រោងវិនិយោគក្នុងវិស័យទេសចរណ៍ មានតិចតួចបំផុតក្នុងឆ្នាំនេះ។

កាលពេលថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុន SAMANEA CO., LTD វិនិយោគអភិវឌ្ឍន៍នៅលើកោះចំនួន៣ ក្នុងខេត្តកែប គឺកោះស្វាយ កោះម្ទេស និងកោះកុក ក្នុងទុនវិនិយោគ ១៨.២លានដុល្លារអាមេរិក ដែលអាចបង្កើតការងារថ្មី ក្នុងវិស័យទេសចរបានចំនួន ៦០កន្លែង។

គម្រោងអភិវឌ្ឍន៍កោះទាំងនេះ ត្រូវបានចាត់ទុកថា ជាគម្រោងវិនិយោគក្នុងវិស័យទេសចរណ៍ធំទី២ នៅក្នុងការប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា នៅក្នុងឆ្នាំ២០២២នេះ ក្រោយពីការរាតត្បាតជំងឺកូវីដ១៩ បានធូរស្រាល។ ដោយឡែកកោះត្បាល់ ដែលស្ថិតក្នុងខេត្តកែបដែរនោះ ស្ថិតក្នុងការពិនិត្យ និងសម្រេចរបស់ស្ថាប័នពាក់ព័ន្ធ ក្នុងការប្រគល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុនឯកជនដូចគ្នា បន្ទាប់ពីក្រុមហ៊ុនTRY PHEAP KOS TUNSAY RESORT បានស្នើសុំសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាល កាលពីពេលកន្លងមក។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៧ ខែកញ្ញានេះថា លោកស្វាគមន៍ចំពោះការចូលរួមវិនិយោគពីវិស័យឯកជន ក្នុងការអភិវឌ្ឍន៍តំបន់កោះនៅក្នុងកែប ដើម្បីទាក់ទាញភ្ញៀវទេសចរ ដែលជាការចូលរួមចំណែកស្តារសេដ្ឋកិច្ចជាតិ ក្រោយវិបត្តិជំងឺកូវីដ១៩។

លោកបានឱ្យដឹងថា ស.ជ.ណ ចំនួន២ទាក់ទងការអភិវឌ្ឍន៍ទៅលើ កោះស្វាយ កោះម្ទេស និងកោះកុក រួមនឹងកោះត្បាល់ ត្រូវបានរាជរដ្ឋាភិបាល បានចេញរួចហើយ ក្នុងឆ្នាំ២០២២នេះ។ ចំពោះការគម្រោងវិនិយោគលើកោះត្បាល់វិញ ក្រោយក្រុមហ៊ុន ទ្រីភាព ស្នើសុំមក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមន្រ្តីមន្ទីរខេត្ត បានចុះត្រួតពិនិត្យនាពេលថ្មីៗនេះហើយ ប៉ុន្តែមិនចេញលទ្ធផលនោះទេ។

លោកថា ការអភិវឌ្ឍតែងតែមានមុខពីរ គឺមានវិជ្ជមាន និងអវិជ្ជមាន យ៉ាងណារាជរដ្ឋាភិបាលបានគិតគូរយ៉ាងល្អិតល្អន់ ក្នុងការប្រគល់គម្រោងវិនិយោគណាមួយ ហេតុនេះការអភិវឌ្ឍឆ្នេរកោះ និងទីតាំងមួយចំនួន គឺរាជរដ្ឋាភិបាលមានការពិចារណាខ្ពស់ មិនឱ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋឡើយ។

លោកជឿជាក់ថា កោះទាំងនេះនឹងផ្តល់នូវសក្តានុពលសម្រាប់ទាក់ទាញភ្ញៀវទេសចរ ដូចកោះមួយចំនួន ក្នុងខេត្តព្រះសីហនុដែរ។ ហើយរដ្ឋបាលខេត្តនឹងខិតខំបន្ថែមទៀតក្នុងសិក្សា និងឈានទៅចុះកិច្ចសន្យា អនុវត្តគម្រោងសម្រាប់វិស័យទេសចរណ៍នេះ។

លោកបន្តទៀតថា «សក្តានុពលឆ្នេរកោះនេះ គឺសំខាន់ណាស់ ខ្ញុំចាត់ទុកថា ជាដុំពេជ្រដែលមិនទាន់កែច្នៃ ដោយសារតែយើងមានខេត្តតំបន់ឆ្នេររបស់យើង៤ហើយ គឺខេត្តមួយចំនួនបានអភិវឌ្ឍកោះ ដូចជាកោះកុងរ៉ុងសន្លឹម កោះសង្សារជាដើម នៅក្នុងខេត្តព្រះសីហនុ ដែលមានសារៈសំខាន់សម្រាប់វិស័យទេសចរណ៍»

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានលើកឡើងថា ការនិវិនិយោគនៅលើ កោះស្វាយ កោះម្ទេស និងកោះកុក របស់ក្រុមហ៊ុន SAMANEA គឺជាសញ្ញាណល្អសម្រាប់វិស័យទេសចរណ៍ ជាពិសេសខេត្តកែប ដើម្បីធ្វើឱ្យខេត្តកែបកាន់តែមានប្រជាប្រិយភាពទាក់ទាញភ្ញៀវចរ និងលើកស្ទួយដល់ជីវភាពប្រជាពលរដ្ឋ នៅក្នុងខេត្តឱ្យមានការងារធ្វើ ខណៈដែលកន្លងមកខេត្តនេះ ទាក់ទាញបានតែភ្ញៀវក្នុងស្រុកប៉ុណ្ណោះ តែហាក់មិនទាន់អាចបំពេញតម្រូវការភ្ញៀវអន្តរជាតិទំហំធំ បាននៅឡើយទេដោយសារតែ សេវាកម្មមិនទាន់សំបូរបែប។

លោកស្រីបន្តថា វិស័យទេសចរណ៍នៅកម្ពុជា ត្រូវការវិនិយោគច្រើនទៀតទៅលើកោះធម្មជាតិ និងរមណីយដ្ឋានធម្មជាតិ ដើម្បីស្រូបទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរទាំងក្នុង និងក្រៅស្រុក និងជួយពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរឱ្យបានយូរ។

តែយ៉ាងនេះក្តី លោកស្រីអំពាវនាវឱ្យក្រុមហ៊ុនវិនិយោគ ត្រូវគោរពលក្ខខណ្ឌ និងរក្សាភាពធម្មជាតិឱ្យនៅដដែល និងផ្តល់នូវសេវាកម្ម តាមតម្រូវការស្តង់ដារ។

លោកស្រីបន្ថែមថា «យើងនៅតែទទូចរំលឹកផងដែរថា សូមឱ្យគោរពទៅតាមកិច្ចព្រមព្រៀងគ្នា នូវការវិនិយោគលើកោះទាំងអស់ ធ្វើម៉េចឱ្យមានស្តង់ដារចេញមកឱ្យមានលក្ខណៈជាការទាក់ទាញទេសចរ កុំឱ្យមានលក្ខណៈផ្សេង កុំឱ្យគាត់យករបស់ធម្មជាតិទៅធ្វើអ្វីដែលខុសអំពីការព្រមព្រៀងគ្នា អីចឹងគាត់ត្រូវរក្សាធម្មជាតិឱ្យនៅដដែល និងធ្វើឱ្យមានសេវាកម្មស្អាតល្អ និងគ្រប់ស្តង់ដារ»

យោងតាមរបាយកាណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតត្រឹមឆមាសទី១ ឆ្នាំ២០២២ វិស័យទេសចរណ៍ ទទួលបានគម្រោងវិនិយោគតែ១គម្រោងប៉ុណ្ណោះ ក្នុងទុនវិនិយោគ ១២៩លានដុល្លារអាមរិក គឺជាគម្រោងសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥ ស្ថិតក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕