(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នឹងធ្វើការដេញថ្លៃមូលបត្ររដ្ឋ ជាលើកដំបូង នៅក្នុងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់១០០ពាន់លានរៀល ឬប្រមាណជិត២៥លានដុល្លារអាមេរិក ឬស្មើនឹង ១០ម៉ឺនហ៊ុន ក្នុងចំណោមទឹកប្រាក់ដែលត្រូវបោះផ្សាយសរុប ៣០០លានដុល្លារអាមេរិក។
មន្ត្រីជំនាញនៅក្នុងវិស័យមូលបត្របានឱ្យដឹងថា សម្រាប់ការទិញលក់មូលបត្ររដ្ឋជាលើកដំបូងនេះ គឺធ្វើឡើងសម្រាប់តែស្ថាប័ន ឬគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារប៉ុណ្ណោះ ប៉ុន្តែយ៉ាងណាសម្រាប់ការបោះផ្សាយលក់ លើកទី២ អាចនឹងធ្វើឡើងតាមរយៈក្រុមហ៊ុនផ្សារមូលបត្រ ដែលបើកឱ្យសាធារណជនទូទៅ អាចចូលរួមទិញលក់បាន។
លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា (CSX) បានថ្លែងថា ការបោះផ្សាយលក់មូលបត្ររដ្ឋនេះ នឹងក្លាយជាជម្រើសថ្មីមួយទៀត សម្រាប់វិនិយោគិន ក្នុងវិស័យមូលបត្រ។ នៅពេលដែលការជួញដូរ ធ្វើឡើងតាមរយៈផ្សារមូលបត្រកម្ពុជា នឹងបើកទូលាយឱ្យមានការចូលរួមពីសាធារណជនទូទៅ ក្រុមអ្នកវិនិយោគដែលលទ្ធភាពក្នុងការទិញអាចចូលរួមបាន។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ លោកបានគូសបញ្ជាក់ថា ការបោះផ្សាយមូលបត្រប្រភេទនេះ គឺធ្វើឡើងតែនៅក្នុងប្រទេស ដែលមានប្រព័ន្ធហិរញ្ញវត្ថុរីកចម្រើនប៉ុណ្ណោះ។ ខណៈដែលវិស័យហិរញ្ញវត្ថុនៅប្រទេសកម្ពុជា មានការរីកចម្រើន នេះគឺជាជំហានថ្មីមួយរបស់រាជរដ្ឋាភិបាល ក្នុងការចាប់ផ្តើមកៀរទុនពីសាធារណជន សម្រាប់យកទៅអភិវឌ្ឍន៍ក្នុងវិស័យសាធារណៈ បើទោះបីជាបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលមានលទ្ធភាពទទួលបានប្រភពទុនពីដៃគូរអភិវឌ្ឍន៍ ឬប្រទេសជាមិត្តក៏ដោយ។
លោកបានពន្យល់យ៉ាងដូច្នេះថា «យើងគិតថា សេដ្ឋកិច្ចកម្ពុជាយើងរីកចម្រើនដល់កម្រិតមួយនោះហើយ ពិតមែនតែវាមិនទាន់រីកចម្រើនខ្លាំង ដូចប្រទេសជឿនលឿន ប៉ុន្តែកំពុងដំណើរការទៅមុខ ហើយក៏ជាពេលដែលរាជរដ្ឋាភិបាលចាប់ផ្តើមរៀន កៀរគរទុនពីទីផ្សារហិរញ្ញវត្ថុពីសាធារណជនវិញម្តង ពិតមែនតែរាជរដ្ឋាភិបាលមានលទ្ធភាព ទទួលបានទុនពីដៃគូរ ពីប្រទេសជាមិត្តផ្សេងៗ ប៉ុន្តែនេះក៏ជាដំណាក់កាល ដែលរាជរដ្ឋាភិបាលត្រូវធ្វើជំហ៊ានថ្មីមួយ»។
លោកបន្ថែមថា បើទោះបីជាមូលបត្ររដ្ឋនេះ ផ្តល់អត្រាការប្រាក់ ឬផលចំណេញទាបជាងមូលបត្រឯកជនក៏ដោយ ប៉ុន្តែហាក់ទទួលបានការចាប់អារម្មណ៍ច្រើនពីវិនិយោគិន ដោយសារតែមានហានិភ័យទាប ដែលធ្វើឱ្យអ្នកវិនិយោគមានទំនុកចិត្ត។
លោកបានអះអាងថា មូលបត្ររបស់រដ្ឋត្រូវបានចាត់ទុកថា ជាមូលបត្រដែលមានកម្រិតហានិភ័យទាប ឬស្ទើរតែគ្មាន បើធៀបជាមួយមូលបត្រឯកជន ហើយក៏ជាមូលបត្រមានការចាប់អារម្មណ៍ និងមានអ្នកត្រូវការច្រើន ហេតុដូច្នេះហើយ អ្នកដែលទិញហើយចង់លក់វិញ នឹងមានភាពងាយស្រួលក្នុងការជួញដូរ។
តាមការប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ការដេញថ្លៃមូលបត្ររដ្ឋលើកដំបូង ក្នុងទំហំទឹកប្រាក់ ប្រមាណជិត២៥លានដុល្លារអាមេរិក ជាប្រភេទឥណប្រតិទាន១ឆ្នាំ ដោយក្នុងមួយបណ្ណមានតម្លៃ១លានរៀល ក្នុងអត្រាគូប៉ុង២%ថេរ ដែលការគិត អត្រាការប្រាក់នេះនឹងធ្វើឡើងរៀងរាល់ ៦ខែម្តង។ ចំណែកការដេញថ្លៃ នឹងធ្វើឡើងតាមរយៈប្រព័ន្ធ NBCP ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង២រសៀល នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ។
សូបបញ្ជាក់ថា ការបោះលក់មូលបត្ររដ្ឋជាលើកដំបូង នៅឆ្នាំ២០២២ មានទំហំទឹកប្រាក់៣០០លានដុល្លារអាមេរិក មានបីប្រភេទ គឺប្រភេទឥណប្រតិទាន១ឆ្នាំ ដោយបោះផ្សាយចំនួន២ដង, ប្រភេទឥណប្រតិទាន ៣ឆ្នាំ ដោយបោះផ្សាយចំនួន៤ដង និង ប្រភេទឥណប្រតិទាន៥ឆ្នាំ បោះផ្សាយចំនួន២ដង៕