(ភ្នំពេញ)៖ រយៈពេល៨ខែ ឆ្នាំ២០២២នេះ ពោលចាប់ពីខែមករា ដល់ខែសីហា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគ សរុបចំនួន១២៣គម្រោង ក្រោមទុនវិនិយោគប្រមាណជិត ៣,៣០០លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
គម្រោងវិនិយោគទាំង១២៣គម្រោងនេះ ភាគច្រើនរួមមាន៖ គម្រោងបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប សម្ភារធ្វើដំណើរ, គម្រោងបង្កើតរោងចក្រកែច្នៃវេចខ្ចប់ផ្លែឈើ, គម្រោងផលិតសំបក កង់យានយន្ត, រោងចក្រផលិតសម្ភារៈបរិក្ខារប្រើប្រាស់ខ្សែភ្លើង និងផលិតផលផ្លាស្ទិក, គម្រោងបង្កើតរោងចក្រដំឡើងរថយន្ដ និងគម្រោងលើវិស័យដទៃៗជាច្រើនទៀត។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា លទ្ធផលនៃការមកវិនិយោគ រយៈពេល៨ខែនេះ ឃើញថា មានភាពល្អប្រសើរ ក្រោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានគ្រប់គ្រងឈ្នះលើកូវីដ ដែលធ្វើឲ្យអ្នកវិនិយោគិនផ្សេងៗ សម្លឹងឃើញកម្ពុជា កាន់តែមានសក្ដានុពល។
លើសពីនោះទៀត ឧកញ៉ា លឹម ហេង បានលើកឡើងថា ទន្ទឹមពេលដែលកម្ពុជា អនុវត្ដនៃកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្ម ជាមួយចិន និងបន្ដិចទៀត ជាមួយកូរ៉េ និងកិច្ចព្រមព្រៀង RCEP ដែលធ្វើការមកវិនិយោគនៅកម្ពុជា កាន់តែមានភាពល្អប្រសើរឡើង។
ឧកញ៉ាបានបញ្ជាក់ទៀតថា កម្ពុជាបានដាក់ឲ្យអនុវត្តនូវច្បាប់វិនិយោគថ្មី ដែលការលើកទឹកចិត្តច្រើន ជាឈ្នាន់មួយសម្រាប់ទាក់ទាញការវិនិយោគ ក៏ដូចជាការចុះបញ្ជី នៃថ្នាលបច្ចេកវិទ្យាព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាក្រសួងពាក់ព័ន្ធផ្សេងៗ។
ឧកញ៉ាបន្តថា ការមកចុះបញ្ជីវិនិយោគនេះ ឃើញភាគច្រើនជាវិស័យគាំទ្រ ដូចជា៖ ផ្នែកកសិកម្ម, ផ្នែកឧស្សាហកម្ម ធុនមធ្យម និងធុនធ្ងន់ ដូចជាការដំឡើងរថយន្ត, ការដំឡើងគ្រឿងបង្គុំផ្សេងៗ ហើយក៏ដូចជាឧស្សាហកម្មកែច្នៃសំបកកង់រថយន្ត និងវិស័យរ៉ែ ថាមពល និងរ៉ែលោហៈផ្សេងៗ ដែលបានចាប់ផ្ដើមដំណើរការវិនិយោគ។
លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ធ្លាប់មកប្រាប់ Fresh News ឲ្យដឹងថា អ្នកវិនិយោគមានការចាប់អារម្មណ៍ ចំពោះសក្ដានុពលវិនិយោគនៅកម្ពុជា។ ការចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា ដោយសាររាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន មានវិធានការចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋ បានដល់អត្រាខ្ពស់បំផុត ដែលធ្វើឲ្យមានភាពសុំាសហគមន៍៕