(តូក្យូ)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Shunichi Suzuki បានឱ្យដឹងនៅថ្ងៃសុក្រថា រដ្ឋាភិបាលក្រុងតូក្យូនឹងចាត់វិធានការ «សមស្រប» តាមការចាំបាច់ដើម្បីទប់ស្កាត់ការធ្លាក់ចុះថ្លៃប្រាក់យ៉េនដែលបានធ្លាក់ចុះដល់កម្រិតទាបថ្មីមួយរយៈពេល ២៤ ឆ្នាំធៀបនឹងប្រាក់ដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Suzuki ដែលបានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា៖ «ចំណាប់អារម្មណ៍របស់ខ្ញុំគឺថា ការប្រែប្រួលទីផ្សាររូបិយប័ណ្ណបានប្រែក្លាយកាន់តែខ្លាំងនៅពេលថ្មីៗនេះ»។

លោកបានមានប្រសាសន៍ថា៖ «ការប្រែប្រួលតម្លៃរូបិយប័ណ្ណខ្លាំងនិងគ្មានសណ្ដាប់ធ្នាប់ អាចមានផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ច និងស្ថានភាពហិរញ្ញវត្ថុ។ យើងនឹងឆ្លើយតបឱ្យបានត្រឹមត្រូវតាមការចាំបាច់ ដោយធ្វើការងារយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធររបស់ប្រទេសផ្សេងៗ»

កាថ្លែងរបស់លោកបានធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យកំពូលរបស់រដ្ឋាភិបាលជប៉ុនបានព្រមានម្តងទៀតកាលពីថ្ងៃសុក្រថា អាជ្ញាធរកំពុងឃ្លាំមើលការប្រែប្រួលតម្លៃរូបិយប័ណ្ណជាមួយភាពប្រុងជើងការខ្លាំង។

លោក Hirokazu Matsuno ប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុនបានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ «វាជារឿងសំខាន់សម្រាប់រូបិយប័ណ្ណដែលត្រូវប្រែប្រួលតម្លៃក្នុងកម្រិតស្ថិរភាពដែលឆ្លុះបញ្ចាំងពីមូលដ្ឋានគ្រឹះ។ ភាពប្រែប្រួលតម្លៃខ្លាំងគឺជាអ្វីដែលយើងមិនចង់បាន»

លោកបានមានប្រសាសន៍ថា៖ «ការប្រែប្រួលទីផ្សាររូបិយប័ណ្ណកំពុងកើនឡើងនាពេលថ្មីៗនេះ ដូច្នេះរដ្ឋាភិបាលនឹងតាមដានយ៉ាងដិតដល់នូវការផ្លាស់ប្តូរអត្រាប្តូរប្រាក់ជាមួយនឹងភាពប្រុងជើងការខ្ពស់»

ប្រាក់ដុល្លារបានឡើងថ្លៃដល់កម្រិតខ្ពស់ថ្មីមួយរយៈពេល ២៤ឆ្នាំធៀបនឹងប្រាក់យ៉េន គឺ ១៤០,២៣យ៉េនក្នុងមួយដុល្លារក្នុងការជួញដូរនៅថ្ងៃព្រហស្បតិ៍។ នៅថ្ងៃសុក្រ ប្រាក់ដុល្លារបានធ្លាក់ថ្លៃមកនៅត្រឹម ១៤០,០២យ៉េនវិញធៀបនឹងប្រាក់យ៉េន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕