(បាងកក)៖ ការនាំចេញស្បៀងអាហាររបស់ប្រទេសថៃត្រូវបានព្យាករថានឹងកើនឡើង ១០% នៅឆ្នាំនេះ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយទសវត្សរ៍ បន្ទាប់ពីទទួលបានកំណើនដ៏រឹងមាំ ៣០% នៅក្នុងឆមាសទីមួយឆ្នាំនេះ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Visit Limlurcha ប្រធានកិត្តិយសនៃសមាគមអ្នកកែច្នៃម្ហូបអាហារថៃថា ការកើនឡើងនេះត្រូវបានជំរុញដោយការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច និងការមានសកម្មភាពអាជីវកម្មឡើងវិញ បន្ទាប់ពីមានការបន្ធូរបន្ថយវិធានការរឹតបន្តឹងជំងឺកូវីដ-១៩ ក៏ដូចជាការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីកង្វះអាហារនៅក្នុងប្រទេសជាច្រើនដែលជាលទ្ធផលនៃជម្លោះប្រដាប់អាវុធរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន។
លោក Visit បាននិយាយថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងប្រទេសជាច្រើនបាននាំឱ្យមានការកើនឡើងសកម្មភាពអាជីវកម្ម ខណៈដែលការកើនឡើងនៃអ្នកធ្វើដំណើរ និងការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍បាននាំមកកំណើនតម្រូវការអាហារ និងសេវាកម្មអាហារ។
ជាពិសេស ក្រុមហ៊ុនផ្តល់សេវាម្ហូបអាហារកំពុងប្រញាប់ប្រញាល់បង្កើនស្តុកអាហាររបស់ពួកគេ បន្ទាប់ពីការបញ្ជាទិញបានធ្លាក់ចុះក្នុងអំឡុងពេលមានជំងឺរាតត្បាត។
លោក Visit បានបន្ថែមថា ការព្រួយបារម្ភអំពីកង្វះស្បៀងអាហារក្នុងប្រទេសជាច្រើន ដែលកើតចេញពីជម្លោះភូមិសាស្ត្រនយោបាយកាន់តែខ្លាំង ក៏បាននាំឱ្យអ្នកនាំចូលអាហារពន្លឿនការនាំចូលស្បៀងអាហារ ខណៈដែលការធ្លាក់ចុះតម្លៃប្រាក់បាតថៃធ្វើឱ្យការនាំចេញអាហាររបស់ថៃមានការប្រកួតប្រជែងក្នុងឆ្នាំនេះ។
យោងតាមកាសែតបាងកកប៉ុស្តិ៍ ការនាំចេញស្បៀងអាហារថៃបានបង្កើតបាន ៧៩៧ប៊ីលានបាតក្នុងឆមាសទីមួយឆ្នាំនេះ។ ក្នុងចំណោមនាំចេញសរុប ការនាំចេញផលិតផលអាហារកសិកម្មបានកើនឡើង ២១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ ៣៧២ប៊ីលានបាត ខណៈដែលកសិឧស្សាហកម្មបានធ្លាក់ចុះ ៤០% មកនៅត្រឹម ៣៩៨ប៊ីលានបាត។
ទីផ្សារនាំចូលអាហារធំទាំង ១០ របស់ប្រទេសថៃរួមមាន ប្រទេសចិន អាស៊ាន សហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា កូរ៉េខាងត្បូង ចក្រភពអង់គ្លេស អូស្ត្រាលី ហុងកុង និងហូឡង់។ ផលិតផលអាហារដែលបានប្រកាសពីកំណើនខ្លាំងនៅក្នុងឆមាសទីមួយ រួមមានផ្លែឈើស្រស់ ផ្លែឈើក្លាសេ និងផ្លែឈើក្រៀម ដែលបានកើនឡើង ២០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ ១១៨ប៊ីលានបាត។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ទៀតថា ដំបូងមីជាប់ចំណាត់ថ្នាក់ទី ២ ដែលមានតម្លៃនាំចេញ ៨៣ប៊ីលានបាត កើនឡើង ៣៥% ខណៈអាហារសមុទ្រកែច្នៃ និងកំប៉ុងកើនឡើង ២២% ដល់ ៦២,៨ ប៊ីលានបាត អង្ករកើនឡើង ៤៣% ដល់ ៦០,៩ ប៊ីលានបាត ស្ករកើនឡើង ១៦០% ដល់ ៥៨,៨ ប៊ីលានបាត អាហារសត្វចិញ្ចឹមបានកើនឡើង ៣៥% ដល់ ៤៩,១ប៊ីលានបាត ហើយសាច់មាន់កែច្នៃបានកើនឡើង ២៣% ដល់ ៤៦,៩ប៊ីលានបាត។
លោក Visit គិតថា ការនាំចេញស្បៀងអាហារនឆ្នាំនេះ នឹងកើនឡើងយ៉ាងហោចណាស់ ១០%៕