(ភ្នំពេញ)៖ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានជំរុញឲ្យអ្នកដែលមានបំណងចង់ចាប់ផ្តើមអាជីវកម្ម លក្ខណៈកែច្នៃកសិផល សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ គួរតែព្យាយាមចាប់យកទីផ្សារចិន និងអឺរ៉ុបឱ្យជាប់ ដើម្បីរក្សានិរន្តភាពនៃការនាំចេញរបស់ខ្លួន។

លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាថ្លែងបែបនេះ ធ្វើឡើងនៅក្នុងវេទិកា និងពិព័រណ៍ប្រចាំឆ្នាំ ស្តីពីជំនួញ និងឱកាសវិនិយោគក្នុងវិស័យកសិកម្ម។

តាមរយៈបទពិសោធន៍ការនាំចេញរបស់វិស័យស្រូវអង្ករ រយៈពេល១០ឆ្នាំនេះ លោកកត់សម្គាល់ឃើញថា ទីផ្សារទាំងពីរនេះ ជាទីផ្សារដ៏មានសក្តានុពលដ៏សម្រាប់កម្ពុជា ដែលអាចជំរុញឱ្យការនាំចេញបានលឿន និងមិនខាតពេល។ សម្រាប់ទីផ្សារចិន បានស្រូបយកប្រភេទអង្ករស និងអង្ករក្រអូបពីកម្ពុជាយ៉ាងច្រើន និងទីផ្សារអឺរ៉ុប បានស្រូបយកប្រភេទអង្ករក្រអូបរបស់កម្ពុជាជាង៩០%។

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថានេះម៉ូឌែលសម្រាប់បងប្អូន ក្នុងវិស័យកសិ-កែច្នៃម្ហូបអាហារ គឺមានតែទីផ្សារពីរទេ ដែលយើងត្រូវតែព្យាយាមចាប់យក គឺចិន និងអឺរ៉ុប បានអាចទៅរួច ក្រៅពីនេះយើងនៅមានភាពស្មុគ្រស្មាញ ដូច្នេះការរៀបចំវិនិយោគ ត្រូវច្បាស់អំពីប្រវត្តិសាស្រ្ត»

លោក ចាន់ ពេជ្រ អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ស៊ីកនេតឈ័រ អហ្វ អេស៊ា បានលើកឡើងថា ទីផ្សារចិន និងអឺរ៉ុប គឺជាទីផ្សារដែលមានសក្តានុពល សម្រាប់ការនាំចេញរបស់ប្រទេសនានា មិនថាតែកម្ពុជានោះទេ។ ការនាំចេញទៅកាន់ទីផ្សារទាំងពីរនេះ ក៏ផ្តល់នូវតម្លៃបន្ថែមសម្រាប់ផលិតផលកម្ពុជាផងដែរ។

លោកបន្តថា «ចូលទៅទីផ្សារអឺរ៉ុបមិនមែនចូលទៅតែប្រទេសមួយទេ នៅក្នុងនោះគេមានបណ្តាញផ្គត់ផ្គង់ទៅជាង២០ប្រទេស នៅក្នុងទីផ្សារអឺរ៉ុប។ បើយើងចូលទៅបារាំងនោះផលិតផលយើងនឹងអាចបែងចែកទៅអេស្ប៉ាញ អ៊ីតាលីជាដើម ហើយបើយើងចូលទៅអ៊ីតាលី អាចទៅអាល្លឺម៉ង់ថែមទៀត ហេតុនេះអឺរ៉ុបជាទីផ្សារមួយទូលំទូលាយ ដែលជាបណ្តាញទីផ្សារមួយ ដែលយើងត្រូវផ្តោតយកចិត្តទុកដាក់ ហើយជាទីផ្សារដែលផ្តល់តម្លៃបន្ថែមខ្ពស់ និងជាទីផ្សារដែលល្អដែលគិតទៅលើគុណភាព សុវត្ថិភាពដែលធ្វើឱ្យយើងទទួលបានតម្លៃកាន់តែខ្ពស់»

លោកបន្ថែមថា ចំណែកទីផ្សារចិន គឺជាទីផ្សារចាំបាច់របស់កម្ពុជា ដូចនៅសហគមន៍អឺរ៉ុបដែរ ព្រោះប្រទេសចិនមានទំហំធំទូលាយ ហើយប្រជាជនចិន ត្រូវការម្ហូបអាហារស្រដៀងនឹងកម្ពុជា ដែលជាឱកាសក្នុងការនាំយកផលិតផល ទៅទីផ្សារប្រទេសនេះ។ អ្វីដែលសំខាន់នោះ ចិននិងកម្ពុជា គឺជាប្រទេសជាមិត្តនឹងគ្នា ដែលមានចុះអនុស្សរណៈយោគយល់គ្នា ក្នុងការនាំចេញផលិតផល ឬម្ហូប អាហារ និងផ្លែឈើស្រស់ជាដើម។

យោងតាមការកត់ត្រារបស់មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្មបានឱ្យដឹងថា ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ប្រទេសចិនបានឈរនៅលំដាប់ទី១ ដែលនាំចូលអង្ករកម្ពុជាច្រើនជាងគេ ដែលបានស្រូបយកបរិមាណនាំចេញអង្ករពីកម្ពុជាចន្លោះពីជាង២០ម៉ឺនតោនទៅ៣០ម៉ឺនតោនក្នុងមួយឆ្នាំៗ។ ចំណែកទីផ្សារអឺរ៉ុបស្ថិតក្នុងលំដាប់ទី២ ដោយជារៀងរាល់ឆ្នាំកម្ពុជា បាននាំចេញអង្ករទៅអឺរ៉ុបរង្វង់ជាង២០ម៉ឺនតោន។ បន្ទាប់សហគមន៍អឺរ៉ុប បានបញ្ឈប់ការយកពន្ធលើការនាំចូលអង្ករពីកម្ពុជា នៅឆ្នាំ២០២២នេះ ការនាំចេញ បានចាប់ផ្តើមកើនឡើងវិញផងដែរ។

របាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករចំនួន៣៥០,៩០២តោន ទទួលបានទឹកប្រាក់ចំនួន២១៨.១៧លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះនាំចេញទៅកាន់ប្រទេសចិន ម៉ាកាវ និងហុងកុង បានចំនួន១៦៩,៧៦៦តោន ទទួលបានទឹកប្រាក់ចំនួន៨៩.០៩លានដុល្លារសហរដ្ឋអាមេរិក,សហគមន៍អឺរ៉ុបដែលមានចំនួន២៥ប្រទេស មានបរិមាណចំនួន១២២,៨៤២តោន ទទួលបានទឹកប្រាក់ ចំនួន៨៦.០៨លានដុល្លារសហរដ្ឋអាមេរិក៕