(ភ្នំពេញ)៖ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) បានជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង តាមរយៈការអំពាវនាវឱ្យបង្កើនការប្រើប្រាស់ថាមពលសូឡា និងអនុវត្តឱ្យបានពេញលេញនូវការប្រើប្រាស់ថាមពលកកើតឡើងវិញ ដើម្បីទាក់ទាញវិនិយោគិន និងប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់។
លោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានមានប្រសាសន៍ថា ការអនុម័ត និងគាំទ្រពេញលេញទៅលើការប្រើប្រាស់បន្ទះសូឡាលើដំបូលពីសំណាក់រាជរដ្ឋាភិបាល គឺជាការបោះជំហានយ៉ាងធំឆ្ពោះទៅរកការធ្វើទំនើបកម្មមូលដ្ឋានផលិតរបស់កម្ពុជា ដើម្បីធ្វើឱ្យប្រទេសកម្ពុជាទទួលបាននូវកេរ្តិ៍ឈ្មោះថា ជាប្រទេសដែលមានបរិស្ថានបៃតង និងកាន់តែមានភាពប្រកួតប្រជែង ថែមទាំងអាចធ្វើសមាហរណកម្មខ្លួនបានល្អប្រសើរទៅក្នុងសេដ្ឋកិច្ចតំបន់។
លោកបន្តថា «ប្រការនេះនឹងជំរុញកម្ពុជាឱ្យក្លាយជាទិសដៅវិនិយោគ ដោយសារតែការវិនិយោគទៅលើថាមពល កកើតឡើងវិញ អាចទទួលបានការគាំទ្រជាគម្រោងវិនិយោគមានគុណវុឌ្ឍិនៅក្នុងច្បាប់ស្តីពី ការវិនិយោគថ្មី និងទាក់ទាញក្រុមហ៊ុនផលិតដែលមានគោលដៅថាមពលស្អាតក្នុងការបំពេញ តាមគោលដៅរបស់ខ្លួនបាន»។
លោក Rogier van Mansvelt អនុប្រធានគណៈកម្មាធិការធុរកិច្ចបៃតងរបស់សភាពាណិជ្ជកម្មអឺរ៉ុប នៅកម្ពុជា បានមានប្រសាសន៍ថា រោងចក្រកាត់ដេរភាគច្រើន ត្រូវបានទទួលរងសម្ពាធពីអ្នកទិញ ក្នុងការដំឡើងបន្ទះសូឡា។ ប្រសិនបើកម្ពុជាមានបំណងរក្សាភាពទាក់ទាញរបស់ខ្លួនសម្រាប់វិនិយោគិន វិស័យកាត់ដេរ កម្ពុជាគួរតែបង្កើតបទប្បញ្ញត្តិ និងអត្រាពន្ធដែលគាំទ្រដល់ការដំឡើងសូឡា។
លោក Massimiliano Tropeano ជំនាញការផ្នែកចីរភាពរបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាបានបន្ថែមថា ប្រទេសកម្ពុជា គឺកំពុងតែជួបប្រទះនូវបញ្ហាប្រឈម និងជម្រើសជាច្រើនដែលអាចនឹងកាត់បន្ថយភាគរយនៃថាមពលកកើតឡើងវិញរបស់ប្រទេស។ គោលនយោបាយ នឹងបើកចំហជាងមុនឆ្ពោះទៅរកការប្រើប្រាស់ថាមពលសូឡា និងថាមពលពន្លឺព្រះអាទិត្យរបស់វិស័យឯកជន នឹងអាចជួយដោះស្រាយបញ្ហានានាបាន ដូចជាតម្រូវការថាមពលអគ្គិសនីកំពុងកើនឡើង ការផលិតថាមពលអគ្គិសនីមានតម្លៃទាបជាងមុន និងការពឹងផ្អែកទៅលើការនាំចូលថាមពលពីបរទេស។
លោកបន្តថា «រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមក្នុងកិច្ចពិភាក្សាពាក់ព័ន្ធ និងសំខាន់ៗនៅជុំវិញបញ្ហានេះ ហើយយើងសង្ឃឹមថា រាជរដ្ឋាភិបាលនឹងចាប់យកឱកាសនានាដែលផ្ដល់ឱ្យដោយថាមពលកកើតឡើង វិញដែលបានកំណត់នៅក្នុងឯកសារនេះ។ អ្នកទិញអន្តរជាតិ និងវិស័យនេះត្រូវការថាមពល កកើតឡើងវិញបន្ថែមទៀត»។
យោងតាមឯកសាររបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានលើកឡើងថា ការប្រើប្រាស់ថាមពលសូឡានៅក្នុងបរិវេណឧស្សាហកម្ម និងរោងចក្រនានា ព្រមទាំងបង្កើនការវិនិយោគនៅក្នុងវិស័យនេះ ដើម្បីជួយឱ្យកម្ពុជាអាចប្រកួតប្រជែងជាមួយប្រទេសវៀតណាម និងថៃបាន។
អត្ថប្រយោជន៍មួយក្នុងចំណោមអត្ថប្រយោជន៍សំខាន់ៗផ្សេងទៀត បន្ថែមពីលើការកាត់បន្ថយការ បញ្ចេញកាបូន គឺជាសក្តានុពលក្នុងការបង្កើតវិស័យឧស្សាហកម្មថ្មីដែលធានាដល់អនាគតល្អប្រសើរនៅក្នុងថាមពលប្រកបដោយចីរភាព ដែលដឹកនាំដោយការអភិវឌ្ឍន៍បច្ចេកវិទ្យាសូឡា។ រដ្ឋាភិបាលក៏អាចសន្សំសំចៃទៅលើចំណាយប្រតិបត្តិការ និងចំណាយមូលធនពាក់ព័ន្ធនឹងថ្លៃ ចំណាយលើថាមពល តាមរយៈការជំរុញឱ្យមានទីផ្សារបន្ទះសូឡាលើដំបូលកាន់តែទូលំទូលាយ ផងដែរ។
ការប្រើប្រាស់ថាមពលរបស់កម្ពុជាបច្ចុប្បន្នមាន ៥១% ជាថាមពលកកើតឡើងវិញ។ ប៉ុន្តែ ថាមពលកកើតឡើងវិញនេះ គឺត្រូវបានរំពឹងថានឹងមានការធ្លាក់ចុះមកត្រឹម ៣៥% ត្រឹមឆ្នាំ២០៣០ មុននឹងមានការកើនឡើងវិញដល់ ៤៣% ត្រឹមឆ្នាំ២០៤០។ ជារួម តួលេខនេះបង្ហាញឱ្យឃើញអំពី ការថយចុះចំនួន ៨.១% ទៅលើការប្រើប្រាស់ថាមពលកកើតឡើងវិញក្នុងរយៈពេលពីរទសវត្សរ៍ ខាងមុខ៕