(ភ្នំពេញ)៖ កម្ពុជានឹងចាប់ផ្ដើមអាជីវកម្មចម្រាញ់រ៉ែមាស ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅចុងឆ្នាំ២០២៣ខាងមុខនេះ ក្រោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចុះបញ្ជីគម្រោងវិនិយោគរ៉ែមាស ជូនដល់ក្រុមហ៊ុន LATE CHENG MINING DEVELOPMENT CO., LTD។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ថា គម្រោងវិនិយោគអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុននេះ មានទីតាំងវិនិយោគ ស្ថិតនៅឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្នុងទុនវិនិយោគប្រមាណ ១៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣០០កន្លែង។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២នេះ លោក អ៉ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា «ប្រសិនបើមិនមាន អ្វីប្រែប្រួលនោះទេ ក្រុមហ៊ុននេះទំនងជាអាចចាប់ផ្តើមធ្វើអាជីវកម្មចម្រាញ់រ៉ែមាស នៅអំឡុងចុងឆ្នាំ២០២៣ខាងមុខនេះ»

លោក អ៉ឹង ឌីប៉ូឡា បានឲ្យដឹងថា បន្ទាប់ពីបានធ្វើការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (EIA) រួចរាល់ជាស្ថាពរ ក្រសួងរ៉ែ និងថាមពល បានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុននេះ អាចធ្វើអាជីវកម្មរ៉ែនៅខេត្តកំពង់ធំជាផ្លូវការ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងតែរៀបចំខ្សែច្រវ៉ាក់របស់ខ្លួន។

លោកអគ្គនាយកបានគូសបញ្ជាក់ថា ទំហំនៃការធ្វើអាជីវកម្មរ៉ែមាស របស់ក្រុមហ៊ុន LATE CHENG MINING DEVELOPMENT CO., LTD គឺមានលក្ខណៈខ្នាតក្រោមមធ្យម។

លោកលើកឡើងផងដែរថា តាមរយៈក្រុមហ៊ុននេះ នឹងចូលរួមចំណែកជំរុញការអភិវឌ្ឍវិស័យរ៉ែនៅកម្ពុជា ដោយបង្កើតចំណូលពន្ធ សួយសារ ការងារ និងការចែករំលែកបទពិសោធន៍ ក៏ដូចជា ការនាំមកនូវបច្ចេកវិទ្យាថ្មីៗ សម្រាប់កម្ពុជា។

គិតមកដល់ពេលនេះ មានក្រុមហ៊ុនចំនួន៧ ដែលទទួលអាជ្ញាប័ណ្ណអាជីវកម្ម ដើម្បីផលិតរ៉ែមាស ពីក្រសួងរ៉ែ និងថាមពល។ ដោយក្នុងនោះ មានក្រុមហ៊ុន Renaissance Minerals បានផលិតរ៉ែមាសជាផ្លូវការ នៅខេត្ដរតនគិរី និងក្រុមហ៊ុនឌែលខម (Delcom Cambodia) បានចាប់ផ្តើមសាកល្បងផលិតមាស នៅខេត្តព្រះវិហារ។

លោកអគ្គនាយកបញ្ជាក់ថា ធនធានរ៉ែ គឺជាធនធានរបស់ទាំងអស់គ្នា ពុំមែនរបស់ក្រសួងរ៉ែ មិនមែនរបស់នរណាម្នាក់ទេ គឺធនធានរ៉ែរបស់ប្រជាជនខ្មែរទាំងមូល។

លោក អ៉ឹង ឌីប៉ូឡា បានឲ្យដឹងថា ចំណូលដែលបានប្រមូលពីវិស័យរ៉ែ គឺជាមានការកើនឡើងជារៀងរាល់ឆ្នាំ ដោយក្នុងនោះ នៅឆ្នាំ២០២០ ប្រមូលចំណូលសួយសារ បានដល់ជាង២៥លានដុល្លារ បានចូលទៅក្នុងថវិកាជាតិ រីឯឆ្នាំ២០២១ ប្រមូលចំណូលបានជាង៣៥លានដុល្លារ និងរយៈពេល៦ខែ ឆ្នាំ២០២២ ប្រមូលបាន២០លានដុល្លារ៕