(ភ្នំពេញ)៖ លោក លឹម ដឺលុច អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញពីអត្ថប្រយោជន៍ និងគុណសម្បត្តិនៃកម្មវីធីទូរស័ព្ទដៃ GDT Check and Track ដែលអ្នកជាប់ពន្ធទាំងអស់គួរតែប្រើប្រាស់ ដើម្បីផ្ដល់ភាពងាយស្រួល សុវត្ថិភាព និងចំណេញពេលវេលាជាដើម។
ការឲ្យដឹងរបស់លោក លឹម ដឺលុច ធ្វើឡើងក្នុងកម្មវិធីផ្សាយផ្ទាល់លើ Facebook របស់អគ្គនាយកដ្ឋានពន្ធដារ ស្តីពីទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យពន្ធដារ និងកម្មវិធីទូរស័ព្ទដៃរបស់អ្នកជាប់ពន្ធ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២។
លោក លឹម ដឺលុច បានថ្លែងឲ្យដឹងថា «កម្មវិធីទូរស័ព្ទ GDT Check and Track បានផ្ដល់ជូនសាធារណជននូវភាពងាយស្រួល ក្នុងការតាមដានព័ត៌មានពីឯកសាររបស់ខ្លួន ងាយស្រួលក្នុងការត្រួតពិនិត្យឯកសារនានាដូចជា ពន្ធផ្លូវ ប៉ាតង់ ឬការត្រួតពិនិត្យបង្កាន់ដៃបង់ប្រាក់ជាដើម ដែលផ្ដល់នូវសុវត្ថិភាពខ្ពស់ ដល់សាធារណជនប្រើប្រាស់»។
លោកបានបញ្ជាក់ថា បន្ថែមពីនេះកម្មវិធីទូរស័ព្ទ GDT Check and Track បានផ្ដល់ភាពងាយស្រួល ក្នុងការគណនាប្រាក់ពន្ធបៀរវត្ស ដូច្នេះប្រជាពលរដ្ឋ ដែលធ្វើការងារតាមសហគ្រាស ក្រុមហ៊ុន អាចគណនាពីប្រាក់បៀវត្សរបស់ខ្លួន គណនាពន្ធមធ្យោបាយដឹកជញ្ជូនជាដើម៕