(ភ្នំពេញ)៖ គិតត្រឹមខែកក្កដា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឲ្យក្រុមហ៊ុនជប៉ុនធ្វើការវិនិយោគចំនួន១៤៨គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,៨៥០លានដុល្លារអាមេរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC។
ក្នុងជំនួបជាមួយគណៈប្រតិភូវិនិយោគិនជប៉ុន រៀបចំដោយអង្គការពាណិជ្ជកម្ម ក្រៅប្រទេសជប៉ុន (JETRO) លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ CDC បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់វិនិយោគិនជប៉ុន ដែលជានិច្ចកាលតែងផ្ដល់ទំនុកចិត្តខ្ពស់ មកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៍ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ដែលជាកត្តាចាំបាច់ដើម្បីបង្កើតបរិស្ថានវិនិយោគ ដែលមានភាពអំណោយផល។
លោកបានបញ្ជាក់ជូនវិនិយោគិនជប៉ុនពីខ្លឹមសារសំខាន់ៗ នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ដូចជាកិច្ចសម្របសម្រួល ការធានានិងការការពារ ការលើកទឹកចិត្ត និងការថែទាំវិនិយោគ។
លោកក៏បានបញ្ជាក់ជូនគណៈប្រតិភូថា ច្បាប់ស្តីពីវិនិយោគថ្មីនេះ បានបង្ហាញឲ្យឃើញច្បាស់ពីការត្រៀមលក្ខណៈរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញ និងទាក់ទាញវិនិយោគ បន្ថែមប្រកបដោយគុណភាព ដើម្បីចូលរួមឲ្យកាន់តែស៊ីជម្រៅ ទៅក្នុងខ្សែច្រវាក់តម្លៃតំបន់ និងសកលតាមរយៈយុទ្ធសាស្ត្របូកមួយ។
លោករដ្ឋមន្ត្រីប្រតិភូ បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមរបស់អង្គការ JETRO ដែលតែងតែសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការជំរុញ និងទាក់ទាញវិនិយោគជប៉ុន មកកម្ពុជាដោយទទួលបាន លទ្ធផលគួរជាទីមោទនៈ។
លោកស្រី Marisa Haruta តំណាងអង្គការ JETRO ប្រចាំកម្ពុជា បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលកន្លងមកបាន ខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសម្របសម្រួល ដើម្បីបង្កើតនូវបរិយាកាសវិនិយោគដ៏ល្អប្រសើរលើគ្រប់វិស័យ និងផ្តល់នូវការឆ្លើយតបប្រកប ដោយភាពទន់ភ្លន់ចំពោះក្តីកង្វល់ និងសំណូមពររបស់វិនិយោគិនជប៉ុន។
គួរបញ្ជាក់ផងដែរថា កម្ពុជា-ជប៉ុន បានរៀបចំយន្តការថែទាំវិនិយោគ តាមរយៈកិច្ចប្រជុំទ្វេភាគី ដែលត្រូវបានរៀបចំឡើងចាប់តាំងពីឆ្នាំ២០០៩មក ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង រវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញនិងការការពារវិនិយោគ ដែលត្រូវបានចុះហត្ថលេខាដោយ សម្តេចតេជោនាយករដ្ឋមន្រ្តី និងអតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាប (Shinzo
Abe) កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧ ដែលកិច្ចប្រជុំបន្ទាប់នឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
កិច្ចប្រជុំនេះ ផ្តល់ឱកាសជូនវិនិយោគិនជប៉ុន លើកឡើងនូវបញ្ហាប្រឈមនានា និងសំណូមពរជូនតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងរកដំណោះស្រាយ ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើង នូវបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា៕