(ហាណូយ)៖ ការនាំចេញឈើរបស់ក្រុមហ៊ុនវៀតណាមទៅកាន់ទីផ្សារអាមេរិកមាននិន្នាការថយចុះដោយសារតែការចាប់ផ្តើមស៊ើបអង្កេតរបស់អាមេរិក និងការធ្លាក់ចុះតម្រូវការក្នុងគ្រាមានកំណើនអតិផរណា។ នេះបើយោងតាមកាសែត Vietnam News។
កាសែត Vietnam News បានរាយការណ៍ដោយដកស្រង់ស្ថិតិរបស់អគ្គនាយកដ្ឋានគយវៀតណាមថា ក្នុងខែកក្កដា តម្លៃនៃការនាំចេញឈើ និងផលិតផលឈើសម្រេចបាន ១,៣ ប៊ីលានដុល្លារអាមេរិក ធ្លាក់ចុះ ៧,១ ភាគរយធៀបនឹងខែមិថុនា តែកើនឡើង ២,១ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះជាខែទីបីជាប់គ្នាដែលការនាំចេញឈើ និងផលិតផលឈើមានការថយចុះ។
កាសែត Vietnam News បានរាយការណ៍ទៀតថា ក្នុងរយៈពេលប្រាំពីរខែក្នុងឆ្នាំនេះ តម្លៃនាំចេញឈើ និងផលិតផលឈើត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ៩,៧ប៊ីលានដុល្លារ កើនឡើង ១,២ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។
សហរដ្ឋអាមេរិកតែងតែជាទីផ្សារនាំចេញឈើដ៏ធំរបស់វៀតណាម។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយទាញយកផលប្រយោជន៍ពីសង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិន វៀតណាមបានបង្កើនការនាំចេញទៅកាន់ទីផ្សារនេះ។ ក្នុងរយៈពេលប្រាំពីរខែដំបូងក្នុងឆ្នាំ២០២២នេះ ទីផ្សារនាំចេញកំពូលទាំងប្រាំសម្រាប់ឈើ និងផលិតផលឈើរបស់វៀតណាម រួមមានសហរដ្ឋអាមេរិក ចិន ជប៉ុន កូរ៉េខាងត្បូង និងកាណាដា។ ក្នុងនោះ ទីផ្សារអាមេរិកមានទឹកប្រាក់ ៥,៦ប៊ីលានដុល្លារ ធ្លាក់ចុះ ៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយស្មើនឹងជិត ៥៨ភាគរយនៃចំណូលនាំចេញសរុបរបស់វៀតណាម។
យោងតាមមជ្ឈមណ្ឌលព័ត៌មានឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម (VITIC) ការនាំចេញឈើ និងផលិតផលឈើទៅកាន់សហរដ្ឋអាមេរិកក្នុងឆមាសទីពីរឆ្នាំនេះនឹងមានសភាពអាប់អួរ ដោយសារចំនួននៃការបញ្ជាទិញមាននិន្នាការធ្លាក់ចុះ។ ការបង្កើនឱ្យមានការស៊ើបអង្កេតរបស់សហរដ្ឋអាមេរិកលើដំណោះស្រាយពាណិជ្ជកម្មបង្កឱ្យមានការលំបាកក្នុងការនាំចេញឈើទៅកាន់ទីផ្សារនេះ។
អតិផរណាខ្ពស់នៅអាមេរិកកំពុងក៏ជះឥទ្ធិពលអវិជ្ជមានដល់ផលិតកម្ម និងសកម្មភាពអាជីវកម្មរបស់សហគ្រាសឧស្សាហកម្មឈើរបស់វៀតណាមផងដែរ។ គ្រឿងសង្ហារិមឈើ ដែលទំនិញនាំចេញសំខាន់របស់វៀតណាមទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។
កាលពីពាក់កណ្តាលខែមិថុនា រដ្ឋបាលសំណងពាណិជ្ជកម្មអាមេរិកស្ថិតក្រោមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មអាមេរិក បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក (DOC) បានផ្តួចផ្តើមឱ្យមានការស៊ើបអង្កេតលើការគេចវេសពីពន្ធប្រឆាំងការលក់បង្ខូចថ្លៃ និងប្រឆាំងការឧបត្ថម្ភធនលើទូឈើដែលមានប្រភពមកពីប្រទេសវៀតណាម និងម៉ាឡេស៊ី។ នេះបើយោងតាមកាសែត Vietnam News៕