(កូឡុំបូ)៖ ប្រភពចំនួនពីរបានឱ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសស្រីលង្កា និងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឈានដល់កិច្ចព្រមព្រៀងបឋមកម្រិតបុគ្គលិកមួយស្តីពីប្រាក់កម្ចីសង្គ្រោះបន្ទាន់ដល់ប្រទេសដែលរងគ្រោះដោយវិបត្តិនេះ។

ប្រភពពីរដែលបានដឹងអំពីកិច្ចពិភាក្សានេះបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ការប្រកាសជាផ្លូវការទំនងជាអាចធ្វើឡើងនៅថ្ងៃព្រហស្បតិ៍។

ប្រទេសដីកោះដែលកំពុងជួបនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតនេះ បានស្វះស្វែងរកប្រាក់សង្គ្រោះរហូតដល់ទៅ ៣ប៊ីលានដុល្លារពីមូលនិធិ IMF។

អ្នកនាំពាក្យរបស់មូលនិធិ IMF និងរដ្ឋាភិបាលស្រីលង្កាមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់រ៉យទ័របានទេ។

កាលពីសប្តាហ៍មុនក្រុមការងាររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានជួបជាមួយប្រធានាធិបតីស្រីលង្កាដើម្បីពិភាក្សាអំពីថវិកាសង្គ្រោះ រួមទាំងការរៀបចំបំណុលឡើងដែលមានប្រហែល ២៩ប៊ីលានដុល្លារក្នុងគ្រាដែលប្រទេសនេះមានវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតក្នុងរយៈពេលជាង ៧ទសវត្សរ៍។

ដំណើរទស្សនកិច្ចលើកទីពីររបស់មូលនិធិ IMF ក្នុងរយៈពេលបីខែនេះកើតមានឡើងនៅពេលដែលប្រទេសដីកោះនៅមហាសមុទ្រឥណ្ឌាមួយនេះព្យាយាមសម្រេចបានកិច្ចព្រមព្រៀងកម្រិតបុគ្គលិករបស់ IMF សម្រាប់កម្មវិធីដែលអាចមានតម្លៃ ៣ប៊ីលានដុល្លារនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕