(ភ្នំពេញ)៖ កសិករដាំមៀនក្នុងខេត្តប៉ៃលិន បានត្រៀមខ្លួនរួចរាល់ ក្នុងការនាំចេញផ្លែមៀនស្រស់របស់កម្ពុជា ទៅកាន់ប្រទេសចិន ខណៈអ្នកជំនាញកំពុងរង់ចាំការសម្រេចចុងក្រោយរបស់ភាគីគយចិន។

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិនបានឲ្យដឹងថា បច្ចុប្បន្នផ្លែមៀនក្នុងខេត្តប៉ៃលិន មានគ្រប់គ្រាន់សម្រេចការនាំចេញ ហើយបរិមាណនាំចេញជាលើកដំបូង ក្នុងបរិមាណ១ពាន់តោន។

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ លោក សាយ សុផាត បានឲ្យដឹងថា «ដំណើរការនាំចេញផ្លែមៀនទៅប្រទេសចិន មិនទាន់រៀបរយ ១០០ភាគរយនោះឡើយ នៅមានចំណុចខ្វះខាត ប៉ុន្ដែតិចតួចប៉ុណ្ណោះ បូកផ្សំជាមួយផ្លែមៀនពុំទាន់ទទួលផលពេញលេញនៅឡើយក្នុងខែកញ្ញានេះ ប៉ុន្ដែទោះជាយ៉ាងនេះក្ដី យើងបានត្រៀមខ្លួនរួចរាល់ក្នុងការនាំចេញ និងកំពុងធ្វើលេខកូដបញ្ជី និងចុះបញ្ជីឃ្លាំងតាមការស្នើសុំរបស់ភាគីចិន»

លោកបានបន្ដថា ផ្លែមៀនស្រស់នឹងនាំចេញទៅប្រទេសចិនក្នុងខែតុលា ឆ្នាំ២០២២នេះ តាមស្ថិតិផ្លែមៀននឹងនាំចេញ១ពាន់តោន។ ដោយឡែកចំពោះក្រុមហ៊ុនកែច្នៃផ្លែមៀននៅកម្ពុជាមាន៣ក្រុមហ៊ុន ក៏បានត្រៀមខ្លួនរួចរាល់ និងមានឧបករណ៍គ្រប់គ្រាន់ បូករួមជាមួយការដឹកជញ្ជូន សម្រាប់នាំចេញផ្លែមៀនស្រស់ទៅប្រទេសចិននេះ បច្ចុប្បន្នកំពុងរង់ចាំការសម្រេចជាផ្លូវការប៉ុណ្ណោះ។

លោកបានបន្ថែមថា ដើម្បីពន្លឿនការនាំចេញនេះ យើងបានស្នើឲ្យកសិកររួសរាន់មកចុះបញ្ជីចំការឲ្យបានទាំងគ្រប់គ្នា និងឆាប់រហ័ស ចំពោះមន្ទីរខេត្តប៉ៃលិន កំពុងរង់ចាំបងប្អូនកសិករទាំងអស់មកចុះបញ្ជីចំការ និងចូលរួមបណ្ដុះបណ្ដាល ឲ្យចេះធ្វើកសិកម្មឲ្យបានកាន់តែល្អជាងនេះ។

លោក កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា «ដំណើរការនៃការនាំចេញផ្លែមៀន កំពុងតែបន្ដដំណើរការយ៉ាងល្អប្រសើរ បច្ចុប្បន្ននេះយើងកំពុងរង់ចាំការជូនដំណឹងជាផ្លូវការ ពីគយនៃប្រទេសចិន ហើយសង្ឃឹមថា ការជូនដំណឹងនេះនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ»

ដោយឡែកចំពោះខេត្តដំបងវិញ បើតាមលោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានថ្លែងថា ខេត្តបាត់ដំបងបច្ចុប្បន្ននេះ មិនទាន់មានផ្លែមៀននៅឡើយទេ សម្រាប់ឆ្នាំនេះ ផ្លែមៀននឹងទទួលបានទិន្នផលក្នុងខែវិច្ឆិកា ដោយសារតែការទម្លាក់ដៃរបស់ប្រជាកសិករ ដូច្នេះការនាំចេញផ្លែមៀនស្រស់បាត់ដំបង ទៅកាន់ប្រទេសចិន នឹងដំណើរការនៅក្នុងខែវិច្ឆិកាខាងមុខនេះ។

សូមជម្រាបថា កម្ពុជាមានផ្ទៃដីដាំដុះមៀនទូទាំងប្រទេសចំនួន ១៣ ៦០៨ហិកតា ស្ថិតក្នុងខេត្តចំនួន៤៕