(ភ្នំពេញ)៖ នៅរយៈពេល៤ឆ្នាំចុងក្រោយនេះ ប្រទេសចិនបាននាំមុខគេ ក្នុងការបញ្ជាទិញអង្ករពីកម្ពុជាច្រើនជាងគេ វ៉ាដាច់សហគមន៍អឺរ៉ុបដែលធ្លាប់តែឈរនៅលេខ១ ដែលបានទិញអង្ករពីកម្ពុជាកាលពីពេលកន្លងមក ដែលធ្វើឱ្យចិនបានក្លាយជាទីផ្សារដ៏សំខាន់ សម្រាប់ការនាំចេញអង្កររបស់កម្ពុជា ។
ប្រធានសព័ន្ធស្រូវអង្ករកម្ពុជាព្យាករណ៍ថា ៥ឆ្នាំទៅមុខទៀត ចិននៅតែជាទីផ្សារនាំមុនគេដដែល ហើយជាពិសេសនោះនឹងជំរុញដល់ការនាំចេញអង្ករឱ្យបាន១លានតោនក្នុងមួយឆ្នាំ តាមផែនការរបស់រាជរដ្ឋាភិបាល។
យោងតាមការកត់ត្រារបស់មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៩មក ប្រទេសចិនបានឈរនៅលំដាប់ទី១ដែលនាំចូលអង្ករកម្ពុជាច្រើនជាង បន្ទាប់ពីសហគមន៍អឺរ៉ុបបានកំណត់យកពន្ធលើការនាំចូលអង្ករពីកម្ពុជារយៈពេល៣ឆ្នាំ ពោលគឺពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។ ក្នុងឆ្នាំ២០១៩ ប្រទេសចិន បាននាំចូលអង្ករកម្ពុជាប្រមាណជាង២៤ម៉ឺនតោន ស្មើនឹង៤០%នៃបរិមាណនាំចេញសរុបជាង៦២ម៉ឺនតោន។
ការនាំចេញទៅទីផ្សារប្រទេសនេះ បានបន្តកើនថែមទៀតនៅឆ្នាំ២០២០ ដែលមានបរិមាណជាង២៨ម៉ឺនតោន ស្មើ៥០.២% នៃបរិមាណនាំចេញសរុបជាង៦៩ម៉ឺនតោន ។ ចំណែកឆ្នាំ២០២១ អង្ករកម្ពុជានាំចេញទៅទីផ្សារប្រទេសនេះ បានចំនួនជាង៣០ម៉ឺនតោន ស្មើនឹង៥០.២%នៃបរិមាណនាំចេញសរុបរបស់កម្ពុជា ដែលមានជាង៦១ម៉ឺនតោន។ រីឯក្នុងឆ្នាំ២០២២នេះ គិតតែត្រឹមឆមាសទី១នេះ កម្ពុជាបានចេញអង្ករទៅប្រទេសចិនមានចំនួនជាង១៦ម៉ឺនតោន ដែលស្មើនឹង៥១.៤% នៃបរិមាណនាំចេញសរុប។
ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh news នៅថ្ងៃទី៣០ សីហា នេះថា ការនាំចេញអង្ករទៅប្រទេសចិនបានកើនឡើងបន្តបន្ទាប់ ក្រោយពីកម្ពុជា និង ចិនបានប្តេជ្ញាជាមួយគ្នាក្នុងការបង្កើនការធ្វើពាណិជ្ជកម្ម និងការឈានទៅដល់ការចុះអនុស្សារណៈយោគយល់គ្នា លើ ការផ្តល់កិច្ចសហប្រតិបត្តិការជួយទិញអង្ករពីកម្ពុជា ទៅចិន ដែលមាន៦លើកមកហើយ។
លោកបានអះអាងថា សម្រាប់ពេលបច្ចុប្បន្ន និងអនាគត មិនអាចមានទីផ្សារណាដែល ស្រូបយកនាំចេញអង្កររបស់កម្ពុជាក្នុងបរិមាណច្រើន ក្រៅពីចិននោះទេ។ ៥ឆ្នាំទៅមុខទៀតចិននៅតែ បន្តនាំមុខក្នុងការទិញអង្ករពីកម្ពុជាដដែល បើទោះបីជាអឺរ៉ុប បញ្ឈប់ការយកពន្ធលើការនាំចូលអង្ករពីកម្ពុជា ចាប់ពីឆ្នាំ២០២២នេះ ក៏ដោយ។
លោកបានពន្យល់យ៉ាងដូច្នេះថា «ទីផ្សារសហគមន៍អឺរ៉ុបជាប្រវត្តិសាស្រ្តយើងដឹងហើយថា មិនអាចកើនលើសពី៣០ម៉ឺនតោនបានទេ ដោយសារតែតម្រូវការប្រទេសអឺរ៉ុបមានកម្រិតមិនអាចឱ្យយើងទៅស្រួលទេ។ ទី១. គឺទីផ្សារអឺរ៉ុបភាគច្រើនផ្តោតទៅលើអង្ករក្រអូប ហេតុនេះហើយទីផ្សារអង្ករក្រអូបក្នុងរង្វង់៣០ម៉ឺនតោននេះ គឺជាបរិមាណមួយដែលច្រើនហើយ ទី២.យើងមិនអាចប្រកួតប្រជែងជាមួយអង្ករដែលមានគុណភាពទាបបានទេ ដោយសារតែជាទីផ្សារត្រូវប្រកួតប្រជែងជាមួយប្រទេសផ្សេងៗទៀតដែលមានតម្លៃថោក ដូចជាប្រទេសភូមា ដូច្នេះយើងអត់អាចរីកលើសហ្នឹងបានទេ។ ហើយទី៣. យើងផ្តោតតែទៅលើអង្ករណាដែលមានគុណតម្លៃក្នុងការប្រកួតប្រជែង និងកិត្តិនាមរបស់យើងនៅក្នុងទីផ្សារអឺរ៉ុប។ ដូច្នេះដើម្បីកសាងនូវគុណតម្លៃនេះបាន យើងត្រូវរកទីតាំងឈរជើងមួយដែលជាទីតាំងសមប្រកបសម្រាប់អង្ករកម្ពុជាយើងក្នុងការឈរជើង»។
លោកបន្ថែមថា «សម្រាប់ទីផ្សារចិន យើងអាចនាំចេញឡើងដល់៥០ម៉ឺន ៦០ម៉ឺនតោន ឬក៏មួយលានតោនបាន ដោយសារតែជាទីផ្សារមួយមានលក្ខណៈគាំទ្រ ការគាំទ្រដោយឆន្ទៈ ដើម្បីបង្ហាញពីការសាមគ្គីភាពនៅក្នុងការអភិវឌ្ឍន៍កិច្ចពាណិជ្ជកម្ម និងនយោបាយ ដូច្នេះវានឹងរុញការនាំចេញទៅចិននេះ កាន់តែរីកនាពេលខាងមុខទៀត។ ហេតុដូច្នេះហើយ ខ្ញុំអាចសន្និដ្ឋានបានថា យើងមិនអាចអត់ចិនបានទេ សព្វថ្ងៃនេះ ហើយក៏សូមអរគុណដល់ចិនដែរ ដែលជាប្រទេសមួយមានការគាំទ្រដល់អង្ករកម្ពុជាយើងជាហូរហែក្នុងពេល៣ទៅ៤ឆ្នាំមកនេះ»។
គួរជម្រាបថា ការចុះអនុស្សារណៈយោគយល់គ្នា លើ ការផ្តល់កិច្ចសហប្រតិបត្តិការជួយទិញអង្ករពីកម្ពុជា របស់ប្រទេសចិន មានចំនួន៦លើកមកហើយ ចាប់តាំងពីឆ្នាំ២០១៤មក ។ លើកដំបូង ចំនួន១សែនតោន នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤, លើកទី២ ចំនួន១សែនតោនដដែល នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥, លើកទី៣ ចំនួន២សែនតោន ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦, លើកទី៤ ចំនួន៣សែនតោន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨, លើកទី៥ ចំនួន៤សែនតោន នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ និងលើកទី៦ ចំនួន៤សែនតោន នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។
យោងតាមរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករចំនួន៣៥០,៩០២តោន ទទួលបានទឹកប្រាក់ចំនួន២១៨.១៧លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះនាំចេញទៅកាន់ប្រទេសចិន ម៉ាកាវ និងហុងកុង បានចំនួន១៦៩,៧៦៦តោន ទទួលបានទឹកប្រាក់ចំនួន៨៩.០៩លានដុល្លារសហរដ្ឋអាមេរិក,សហគមន៍អឺរ៉ុបចំនួន២៥ប្រទេស មានបរិមាណចំនួន១២២,៨៤២តោន ទទួលបានទឹកប្រាក់ ចំនួន៨៦.០៨លានដុល្លារសហរដ្ឋអាមេរិក, ប្រទេសអាស៊ានចំនួន៤ប្រទេស បានចំនួន២៩,៩៥៧តោន ដែលគិតជាទឹកប្រាក់ចំនួន២០.០៨លានដុល្លារសហរដ្ឋអាមេរិក និងបណ្តាលគោលដៅផ្សេងៗទៀត ចំនួន២៤ប្រទេស បានចំនួន២៨,៣៣៧តោន ស្មើនឹង១០.៦២% គិតជាទឹកប្រាក់២២.៩២លានដុល្លារសហរដ្ឋអាមេរិក ៕