(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា មិនទាន់សម្រេចជាផ្លូវការ ក្នុងការកំណត់តម្លៃលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ពេញមួយជីវិតសម្រាប់ភ្ញៀវទេសចរអន្តរជាតិ នៅឡើយទេ ការណ៍ដែលមានការផ្សព្វផ្សាយតម្លៃ៧០០ដុល្លារអាមេរិកនោះ គឺជាការយល់ច្រឡំ។ នេះបើតាមលោក សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍។

លោក សុង តុងហាប់ បានបញ្ជាក់មកកាន់បណ្ដាញព័ត៌មាន Fresh News នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះថា ពាក់ព័ន្ធនឹងគម្រោងលក់បណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរពេញមួយជីវិត (Angkor Life time Pass) នេះ មិនទាន់មានការសម្រេចជាផ្លូវការនៅឡើយទេ ការគិតគូរទាំងឡាយ គឺស្ថិតនៅក្នុងដំណាក់កាលពិភាក្សាជាមួយភាគីពាក់ព័ន្ធជាមុនសិន។

លោកបានបកស្រាយបំភ្លឺថា កន្លងមកដែលមានការសម្ភាស និងចេញផ្សាយព័ត៌មានថា ក្រសួងទេសចរណ៍គ្រោងនឹងលក់បណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរពេញមួយជីវិត ក្នុងតម្លៃ៧០០ដុល្លារនោះ គឺជាការយល់ច្រឡំនោះទេ ពីព្រោះការពិភាក្សាកំពុងបន្ត និងមិនទាន់សម្រេច ឬកំណត់តម្លៃច្បាស់លាស់ផ្លូវការនោះឡើយ។

លោករដ្ឋលេខាធិការក្រសួងទេសចរណ៍បានបញ្ជាក់ទៀតថា ប្រសិនបើមានការកំណត់តម្លៃណាមួយមែន តម្លៃនោះក៏ត្រូវមានការទាក់ទាញដែរ ព្រោះប្រសិនបើលក់ថ្លៃពេក ក៏អាចនឹងគ្មានអ្នកចង់ទិញដែរ។

លោក សុង តុងហាប់ បានលើកជាឧទាហរណ៍ថា «អាចថ្លៃតិចជាងហ្នឹង (តិចជាង៧០០ដុល្លារ) ឬអាចក្រោម៥០០ដុល្លារ ឬក៏តម្លៃណាទៀត យើងកំពុងសិក្សាមើលជាមួយផ្នែកឯកជនសិន ព្រោះនេះជាលើកទី១ហើយដែលយើងធ្វើ»

លោកបានលើកឡើងអំពីដំណើរការពិភាក្សាដែរថា ថ្មីៗនេះ ក្រសួងទេសចរណ៍បានបញ្ជូលថ្នាក់ដឹកនាំ និងមន្ត្រីជំនាញឱ្យចូលរួមកិច្ចពិភាក្សាជាមួយតំណាងក្រសួង/ស្ថាប័ន និងផ្នែកឯកជននានា ដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាប គ្រឹះស្ថានអង្គរ សមាគមក្នុងវិស័យទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ជាដើម ក្នុងនោះមានមតិភាគច្រើនបានបង្ហាញការគាំទ្រ និងមតិខ្លះទៀតក៏មិនទាន់គាំទ្រ ចំពោះការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរពេញមួយជីវិតនេះដែរ ដោយស្នើឱ្យមានការសិក្សាបន្ថែម ទៅលើការបញ្ហានានាថា «ប្រសិនបើការលក់សំបុត្រនេះ ត្រូវដាក់ឱ្យអនុវត្តមែន តើមានផលប៉ះពាល់អ្វីខ្លះ ដូចជា ផលប៉ះពាល់តម្លៃដល់តម្លៃអង្គរជាដើម»

ទន្ទឹមនឹងនោះ ខាងផ្នែកឯកជនភាគច្រើន ក៏មានការគាំទ្រ ចំពោះគម្រោងលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរពេញមួយជីវិតនេះដែរ ដោយពួកគេបានលើកអំណះអំណាងថា ការអនុវត្តបែបនេះ គឺគ្មានអ្វីខាតនោះទេ គឺមានតែបង្កើនចំណូលថវិកាជាតិ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ បានមកទស្សនារមណីយដ្ឋានអង្គរ ក៏ដូចជាប្រទេសកម្ពុជាបានច្រើនដង។

ជាលទ្ធផល បន្ទាប់ពីប្រជុំរួចហើយ មន្ត្រីជំនាញក៏បានធ្វើរបាយការណ៍ជូនលោករដ្ឋមន្ត្រី ថោង ខុន ហើយលោក សុង តុងហាប់ ផ្ទាល់ ក៏នឹងប្រជុំពិភាក្សាជាមួយផ្នែកឯកជន ក្នុងវិស័យទេសចរណ៍ម្ដងទៀតដែរ ដើម្បីពិភាក្សាជាមួយគ្នាឱ្យបានច្បាស់លាស់បន្ថែម មុនឆ្លងយោបល់លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឈានទៅដល់ការគោរពស្នើលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីប្រជុំត្រួតពិនិត្យលើគម្រោងលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរពេញមួយជីវិតនេះ៕