(ភ្នំពេញ)៖ នៅឆមាសទី១ ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាត់បង់ចំណូលពន្ធ និងអាករនាំចូលចំនួន៥២៦.៧៣លានដុល្លារ ដោយសារការផលិតស្រាបៀរ, ស៊ីម៉ងត៌, ភេសជ្ជៈ, បារី និងយានយន្ដក្នុងស្រុកជំនួសការនាំចូល។ នេះបើយោងតាមរបាយការណ៍ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្ដីពី «សកម្មភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ»

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ បញ្ជាក់ថា «ឆមាសទី១ ឆ្នាំ២០២២ ផលិតផលក្នុងស្រុកជំនួសការនាំចូលសំខាន់ៗរួមមាន៖ ស្រាបៀរ, ស៊ីម៉ងត៌, ភេសជ្ជៈ, បារី និងយានយន្ដ បានធ្វើឲ្យកម្ពុជាបាត់បង់ចំណូលពន្ធ និងអាករនាំចូលប្រមាណ៥២៦.៧៣លានដុល្លារអាមេរិក។ ក្នុងនោះផលប៉ះពាល់ចំណូលពីការផ្គុំដំឡើងរថយន្ដ ទោចក្រយានយន្ដ និងត្រីចក្រក្រយានយន្ដមានប្រមាណ៨៥.២៨លានដុល្លារអាមេរិក»

ក្នុងនោះខាតបង់ពីការនាំចូលផលិតផលស្រាបៀរ ស៊ីម៉ងត៌ ភេសជ្ជៈ បារី និងយានយន្ដមាន៖
* ស្រាបៀរចំនួន២៣៧.៥៦លានដុល្លារអាមេរិក។
* ស៊ីម៉ងត៌ចំនួន១០១.៨៥លានដុល្លារអាមេរិក
* ភេសជ្ជៈគ្មានជាតិសុរាចំនួន៨៤,៦២លានដុល្លារអាមេរិក។
* បារីចំនួន១៧.៤៧លានដុល្លារអាមេរិក។
* ការដំឡើងរថយន្ដចំនួន៧.៤៥លានដុល្លារអាមេរិក។
* ការដំឡើងទោចក្រយានយន្ដចំនួន៧៤.៤៧លានដុល្លារអាមេរិក។
* ការដំឡើងត្រីចក្រក្រយានយន្ដចំនួន៣.៣៦លានដុល្លារអាមេរិក។

សូមជម្រាបថា ទំហំពាណិជ្ជកម្មនៃការនាំចូលសរុប ដោយមិនរាប់បញ្ជូលនូវការនាំចូលមាស ក្នុងឆមាសទី១ ឆ្នាំ២០២២ មានតម្លៃ ១៣ ០១១.៤៣លានដុល្លារ កើនឡើង២២៩៥.៩៥លានដុល្លារអាមេរិក ឬ២១.៤៣ភាគរយ បើធៀបនឹងឆមាសទី១ ឆ្នាំ២០២១។

ចំណែកទំហំពាណិជ្ជកម្មនៃការនាំចេញសរុបក្នុងឆមាសទី១ ឆ្នាំ២០២២ មានតម្លៃសរុប ១១ ៣៤៣.៣៣លានដុល្លារអាមេរិក មិនគិតការនាំចេញមាសបរទេស កើនឡើង ២៩១២.៨៨លានដុល្លារអាមេរិក ត្រូវជា ៣៤.៥៥ភាគរយ បើធៀបនឹងឆមាសទី១ឆ្នាំ២០២១៕